ព័ត៌មានទាន់ហេតុការណ៍៖

មេឃុំស្រើងយកលេសថា យកគ្រឿងចក្រឈូសឆាយដីព្រៃដើម្បីយកលុយជួយដល់ប្រជាពលរដ្ឋក្រីក្រ ដែលគ្មានលទ្ធភាពថតរូបចុះឈ្មោះបោះឆ្នោត

ចែករំលែក៖

ខេត្តកំពង់ធំៈ លោក ហួត ឈាង មេឃុំស្រើង ដែលជាប់ឈ្មោះជាឈ្មួញលក់ដី ទិញដីត្រូវបានមហាជនរិះគន់យ៉ាងចាស់ដៃថា ខ្លួនជាអ្នកចេះច្បាប់ បែរជាមិនគោរពច្បាប់ទៅអង្គុយលើច្បាប់ទៅវិញ ដោយនាំគ្រឿងចក្រចំនួន២គ្រឿងមកឈូសឆាយដីព្រៃរបស់រដ្ឋ ដែលបម្រុងទុក ដោយមិនខ្ចីសុំច្បាប់ឡើយ ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ ក្រោយពីទទួលព័ត៌មានថា មានគ្រឿងចក្រ ចំនួន២គ្រឿង កំពុងតែធ្វើសកម្មភាពឈូសឆាយដី នៅចំណុចអូធ្នូរ ឃុំ ស្រើង ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក៏បានបញ្ជាកម្លាំងមានសមត្ថកិច្ចប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំស្រើង និងមេព្រៃចុះទៅឃាត់គ្រឿងចក្រចំនួន២គ្រឿង ហើយនាំមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាល ដើម្បីរង់ចាំឯកសារផ្សេងៗនិងចាត់វិធានការតាមច្បាប់ ។

លោក ហួត ឈាង មេឃុំស្រើងបាន បំភ្លឺថា ឈូសឆាយដីព្រៃ១០ហិចតានេះ ម្តងថា ដីរបស់ប្រជាពលរដ្ឋ ម្តងថាដីរបស់គាត់មានប្លង់៥ហិចតា ហើយគាត់ពុំបានសុំច្បាប់ឈូសឆាយនោះទេ ព្រោះគាត់ជាមេឃុំ លោកមានសិទ្ធិក្នុងការឈូសឆាយសម្រាប់បង្កបង្កើនផលតាមអនុក្រឹត្យ០១ ដោយយោងតាមរាជរដ្ឋាភិបាលបញ្ជាក់ថា ដីប្រជាពលរដ្ឋមុនឆ្នាំ២០១២ គឺប្រជាពលរដ្ឋមានសិទ្ធិអាស្រ័យផល លោកបានបញ្ជាក់ថា ការឈូសឆាយនេះ ដើម្បីស៊ីឈ្នួលយកលុយទៅជួយដល់ប្រជាពលរដ្ឋក្រីក្រ ដែលគ្មានលុយថតរូប ដើម្បីចុះឈ្មោះបោះឆ្នោត ។

ចំណែក ម្ចាស់គ្រឿងចក្រ ត្រូវជាកូនបង្កើតរបស់ លោក ហួត ឈាង មេឃុំស្រើង បានបញ្ជាក់ថា ដីសរុបទាំង អស់មាន១០ហិចតា ហើយការឈូសឆាយដីនេះ គឺឪពុករបស់លោកបានប្រាប់ថា បានសុំច្បាប់អស់ហើយ ទើបលោកហ៊ានយកគ្រឿងចក្រមកឈូសឆាយដីនេះ ។

លោក ខៀវ ប៉ាង អភិបាលស្រុកប្រាសាទសំបូរ បានឲ្យដឹងតាមទូរស័ព្ទថា លោកមិនបានចេញលិខិតអនុញ្ញាតឲ្យមានការឈូសឆាយដីព្រៃខាងលើនោះទេ គឺមិនបានទទួលដំណឹងអ្វីទាំងអស់ តែបើពិនិត្យឃើញថា គ្មានច្បាប់ គឺអោយសមត្ថកិច្ចជំនាញចាត់ការតាមវិធានការច្បាប់ចុះ តែការចុះឈ្មោះបោះឆ្នោត គឺពុំតម្រូវឲ្យបង់លុយកាក់នោះទេ ៕ ប៊ុន រិទ្ធី

H

H

H

H

 

 


ចែករំលែក៖