ប្រទេសអង់គ្លេស ៖ ក្នុងដំណើរបេសកកម្មនៅប្រទេសអង់គ្លេស ខ្ញុំបានជួបពិភាក្សាការងារជាមួយលោកស្រី Seema Malhotra អនុរដ្ឋមន្ត្រីក្រសួងការបរទេសនៃចក្រភពអង់គ្លេស ទទួលបន្ទុកតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដោយបានពិភាក្សាអំពីទំនាក់ទំនងរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស ដែលមានរយៈពេល៧៣ឆ្នាំ ដែលប្រទេសទាំងពីរបាននិងកំពុងបន្តអភិវឌ្ឍរួមគ្នាលើវិស័យនានាជាច្រើន ជាពិសេស វិស័យពាណិជ្ជកម្ម ការវិនិយោគ ការអភិវឌ្ឍធនធានមនុស្ស ការអភិវឌ្ឍបៃតងនិងថាមពលកកើតឡើងវិញ និងសកម្មភាពបោសសម្អាតមីន។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦។
លោកបន្តថា ៖ ជំនួបនេះពិតជាមានសារៈសំខាន់ ដោយភាគីទាំងពីរបានធ្វេីការផ្លាស់ប្តូរមតិយោបល់ គ្នា ស្វែងរកចំណុចរួមជាច្រើន ក្នុងការបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការកត់សម្គាល់លើការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងការវិនិយោគដោយផ្ទាល់របស់អង់គ្លេសនៅកម្ពុជា ដែលបានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា។
ភាគីទាំងពីរក៏បានលេីកឡេីងអំពីស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានគូសបញ្ជាក់ពីការគាំទ្រ និងការចូលរួមចំណែកដ៏សំខាន់របស់ចក្រភពអង់គ្លេស ក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ ជាពិសេសការសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ ៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច