ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនធ្វើជំនួញថ្មភ្នំធំ ឈ្មោះលឹម ហេង ត្រូវបានក្រសួងរ៉ែ និងថាមពលបញ្ជាឱ្យបិទអាជីវកម្មបណ្តោះអាសន្នក្រោយហេតុការណ៍បាក់ថ្មសង្កត់កម្មករ៣នាក់ស្លាប់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ក្រុមហ៊ុន លឹម ហេង ដែលធ្វើជំនួញថ្មភ្នំធំជាច្រើនឆ្នាំមកហើយ ស្ថិតក្នុង ឃុំអូរប្រាសាទ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវបានក្រសួងរ៉ែនិងថាមពល បញ្ជាឱ្យបិទអាជីវកម្មជាបណ្តោះអាសន្ននោះសិន ក្រោយហេតុការណ៍មានកម្មករ៣នាក់បំរើការងារក្នុងការដ្ឋានរបស់ក្រុមហ៊ុនមួយនេះត្រូវថ្មបាក់សង្កត់ពីលើបណ្តាលឱ្យស្លាប់ ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក សុខ វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានយើងឱ្យដឹងនៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ។

លោកប្រធានមន្ទីររ៉ែនិងថាមពលខេត្តប្រាប់ឱ្យដឹងទៀតថា ការធ្វើអាជីវកម្មថ្មភ្នំធំពីសំណាក់ក្រុមហ៊ុន លឹម ហេង គឺមានច្បាប់ទម្លាប់ត្រឹមត្រូវ ។ ករណីហេតុការណ៍បាក់ថ្មភ្នំធំបណ្តាលឱ្យជនរងគ្រោះស្លាប់ទាំង៣នាក់នោះ ត្រូវបានប្រជាពលរដ្ឋប្រាប់ឱ្យដឹងថាបន្ទាប់ពីមានភ្លៀងធ្លាក់ជាប់គ្នា៣ទៅ៤ថ្ងៃចុងក្រោយនេះ ធ្វើឱ្យថ្មភ្នំប្រេះផុយនៅពេលជនរងគ្រោះបើកអេស្កាតទៅកាយយកថ្មផ្នែកខាងលើ ក៏បណ្តាលឱ្យបាក់ថ្មធ្លាក់មកក្រោមតែម្តង ។ សាកសពជនរងគ្រោះត្រូវបានគេចំណាយពេលជាង៣ម៉ោងដើម្បីយកសពចេញពីគំនរថ្ម ប្រគល់ឱ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

ទន្ទឹមដែលក្រោយពីកើតហេតុការណ៍បណ្តាលឱ្យកម្មករស្លាប់៣នាក់ក្នុងដ្ឋានអាជីវកម្មថ្មភ្នំធំ របស់ ក្រុមហ៊ុន លឹម ហេងនោះដែរ ប្រជាពលរដ្ឋដែលរស់នៅក្បែរការដ្ឋានក្រុមហ៊ុន លឹមហេង ជាង២០០ គ្រួសារ សំដែងការព្រួយបារម្ភពីសុវត្ថិភាព ។ កន្លងមកមានការបំផ្ទុះថ្មភ្នំបានផ្លោងខ្ទាតដុំថ្មលើដំបូលផ្ទះពួកគាត់ ប៉ុន្តែមិនទាន់ មានបញ្ហាគ្រោះថ្នាក់ដល់អាយុជីវិតនៅឡើយនោះទេ ។ ពួកគាត់ខ្លាចក្រែងថ្ងៃក្រោយអាចគ្រោះថ្នាក់ប៉ះពាល់អាយុជីវិតដោយប្រការណាមួយពីការបំផ្ទុះថ្មភ្នំធំ ។ ពួកគាត់ស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា មេត្តាពិនិត្យដោះស្រាយបញ្ហា ការធ្វើអាជីវកម្មថ្មភ្នំធំឡើងវិញ ដែលកំពុងបង្កឱ្យមានការភ័យខ្លាចដល់ប្រជាពលរដ្ឋនោះ ។

សូមរំលឹកថា កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទ១៦ ខែតុលា ឆ្នាំ២០១៦ កម្មករ៤នាក់សុទ្ធតែជាសាច់ញាតិនិងគ្នា ស្លាប់៣នាក់និង ម្នាក់ទៀតរត់គេចពីគ្រោះថ្នាក់ ក្នុងនោះជនរងគ្រោះ២នាក់ជាឳពុកនិងកូនបង្កើត និងម្នាក់ទៀតជាបងប្អូនជីដូនមួយ បានរងការស្លាប់ និងអេស្កា២គ្រឿងរងការខូចខាតទាំងស្រុង ដោយថ្មភ្នំធំកំពស់ប្រហែល២០០ម៉ែត្របាក់សង្កត់ពីលើ នៅក្នុងការដ្ឋានថ្ម របស់ក្រុមហ៊ុន លឹម ហេង ខណៈដែលជនរងគ្រោះ២នាក់បានបើកអេស្កា១គ្រឿងកាយយកថ្មនៅផ្នែកកំពូលភ្នំ ហើយក៏បាក់ធ្លាក់ថ្មនិងអេស្កាសង្កត់ទៅលើជនរងគ្រោះម្នាក់ទៀតកំពុងធ្វើការនៅខាងក្រោមជើងភ្នំ ចំណែកកម្មករម្នាក់ទៀតឈរធ្វើការនៅជើងភ្នំនោះដែរ បានរត់គេចខ្លួនទាន់ពេលវេលា ។ ជនរងគ្រោះទាំង៣នាក់ មានឈ្មោះ១,លឹម ឡុម ភេទប្រុស អាយុ៥២ឆ្នាំ ២,លឹម គឹមឡុង ភេទប្រុស អាយុ២៦ឆ្នាំ ជនរងគ្រោះទាំង២នាក់ជាឳពុកនិងកូននិងគ្នា ៣, ថង ស៊ីថា ហៅសាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ជនរងគ្រោះរស់នៅភូមិភ្នំធំត្បូង ឃុំអូរប្រាសាទ ស្រុកមង្គលបុរី។

សូមបញ្ជាក់ថា ការធ្វើអាជីវកម្មថ្មភ្នំធំបង្កឱ្យកម្មករ៣នាក់ជួបគ្រោះថ្នាក់បាត់បង់ជីវិតបែបនេះ ត្រូវបានប្រជាពលរដ្ឋរិះគន់ទៅលើអាជ្ញាធរខេត្តបន្ទាយនមានជ័យ មន្ទីររ៉ែនិងថាមពលខេត្ត ជាពិសេសក្រសួងរ៉ែនិងថាមពល មិនបានយកចិត្តទុកដាក់ត្រួតពិនិត្យបច្ចេក ទេសត្រឹមត្រូវនោះឡើយ។គ្រាដែលសកម្មភាពនៃការធ្វើអាជីវកម្មថ្មភ្នំធំ នៅស្រុកមង្គលបុរី កំពុងធ្វើឱ្យពលរដ្ឋរស់នៅក្បែរការដ្ឋានថ្មភ្នំធំកំពុងសំដែងនូវការព្រួយបារម្ភពីសុវត្ថិភាព។

ប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យប្រាប់ឱ្យដឹងថា ភ្នំធំជាភ្នំបុរាណប្រវត្តិសាស្រ្ត ចាត់ទុកជាសម្បត្តិធម្មជាតិរបស់រដ្ឋមានតម្លៃមិនអាចគិតថ្លៃបាន ដែលមានល្អាងតូចធំ បន្សល់ទុកជាយូរឆ្នាំមកហើយ ភ្នំបុរាណមួយនេះ ត្រូវគេរាយការណ៍ឱ្យដឹងថាត្រូវបានក្រុមហ៊ុនធំៗចំនួន ៥ បាននិងកំពុងពុះហែកចែកគ្នាធ្វើអាជីវីកម្មយកថ្មភ្នំជាច្រើនឆ្នាំមកហើយ ។ ភ្នំនេះ ត្រូវគេមើលឃើញថា និងបាត់ចេញពីផែនទីប្រទេសកម្ពុជា នៅពេលខាងមុខ បើគ្មានការទប់ស្កាត់ និងអភិរក្សឡើងវិញ ខណៈដែលភ្នំទាំងមូលកំពុងបាត់រូបរៀងជាបណ្តើរខណៈដែលការធ្វើអាជីវកម្មយកថ្មភ្នំធ្វើឡើងពីសំណាក់ឈ្មួញយ៉ាងគគ្រឹកគគ្រេងពេញបន្ទុកពីមួយថ្ងៃទៅមួយថ្ងៃនោះ ៕ សំ វិច្ឆិកា

img_6654 img_6557 img_6559 img_6575 img_6576 img_6580 img_6651


ចែករំលែក៖