ភ្នំពេញ ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ បានលើកឡើងថា ៖ ក្នុងនាមគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា, ខ្ញុំសង្កេតឃើញថាអំពើហឹង្សានៅក្នុងគ្រួសារមានការកើនឡើងគួរឲ្យកត់សម្គាល់។ ក្មួយៗប្រុសៗត្រូវយល់ឲ្យច្បាស់ថា: ប្រពន្ធ មិនមែនគ្រាន់តែជាដៃគូអាពាហ៍ពិពាហ៍ប៉ុណ្ណោះទេ ប៉ុន្តែមានតួនាទីសំខាន់ក្នុងគ្រួសារ និងនៅក្នុងជីវិត:
1. ជាដៃគូជីវិត
ជួយគាំទ្រគ្នាទៅវិញទៅមក ទាំងពេលសុខ និងពេលលំបាក។
2. ជាម្ចាស់ផ្ទះ និងអ្នកថែរក្សាគ្រួសារ
ចូលរួមរៀបចំការរស់នៅប្រចាំថ្ងៃ ថែទាំផ្ទះ និងបរិយាកាសគ្រួសារ។
3. ជាម្តាយរបស់កូន
មានតួនាទីសំខាន់ក្នុងការថែទាំ អប់រំ និងបណ្តុះចរិតកូនៗ។
4. ជាអ្នកផ្តល់កម្លាំងចិត្ត
លើកទឹកចិត្ត និងជួយឲ្យស្វាមី មានទំនុកចិត្តក្នុងការងារ និងជីវិត។
5. ជាមូលដ្ឋាននៃសុភមង្គលគ្រួសារ
ក្តីស្រឡាញ់ ការគោរព និងការយោគយល់រវាងប្តីប្រពន្ធ ជួយឲ្យគ្រួសាររឹងមាំ។
ត្រូវចាំថា: ប្រពន្ធមិនមែនជាទាសករនោះទេ។
សូមកុំប្រើអំពើហឹង្សាឲ្យសោះ បើមានអ្វីកើតឡើងត្រូវជជែកគ្នាដោះស្រាយតាមសន្តិវិធីដោយការយល់យោគ។ មនុស្សប្រុសចូលចិត្តប្រើអំពើហឹង្សានៅក្នុងគ្រួសារគឺជាមនុស្សប្រុសកំសាក។
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំខ្មែរនឹងចូលមកដល់ ។ សូមកុំដោយសារតែឥទ្ធិពលនៃជាតិស្រវឹងបង្កអំពើហឹង្សានៅក្នុងគ្រួសារ និងធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍ឲ្យសោះ។
សូមឲ្យសុខសប្បាយទាំងអស់គ្នា៕
ដោយ ៖ សិលា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច