ភ្នំពេញ៖ លោក សួន វិសាល បាន ជាប់ជាប្រធានគណៈមេធាវីជំនួស តំណែងលោក ប៊ុន ហុន ជាផ្លូវការ បន្ទាប់ពីសមាជិកមេធាវីភាគច្រើនបាន បោះឆ្នោតជ្រើសតាំងលោកជាប្រធាន គណៈមេធាវីសម្រាប់អាណត្តិទី១១ ខណៈលោក ប៊ុន ហុន ប្រធានគណៈមេធាវីចាស់ផុតអាណត្តិ។
ប្រធានគណៈមេធាវីលោក ប៊ុន ហុន ឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសប្រធាន គណៈមេធាវីថ្មីនេះបានធ្វើឡើងនៅក្នុង សន្និបាតប្រចាំឆ្នាំលើកទី២១ របស់គណៈ មេធាវី កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០១៦។
តាមសេចក្តីរាយការណ៍ពីក្លិបមេធាវី កម្ពុជាបានបញ្ជាក់ថា ការបោះឆ្នោតជ្រើស រើសនេះមានបេក្ខជនចូលរួមប្រកួតប្រជែង ចំនួន៤នាក់ គឺលោក ឈី សម្បត្តិ, លោក សួន វិសាល, លោក នូ ចន្ថា និង លោក ហែម សុជាតិ។ ប្រភពបានបន្តថា លោក សួន វិសាល ទទួលបានសំឡេងឆ្នោតច្រើន ជាងគេសរុប៦២២ ស្មើនឹង៥៩.៦៩ភាគ រយ, លោក ឈី សម្បត្តិ សំឡេងឆ្នោតសរុប ២៤៤ ស្មើនឹង២៣.៤២ភាគរយ, លោក ហែម សុជាតិ សំឡេងឆ្នោតសរុប៤០ស្មើ នឹង៣.៨៤ភាគរយ និងលោក នូ ចន្ថា បាន ១១សំឡេង។
ប្រភពដដែលបានបន្ថែមថា លោក សួន វិសាល មានអាយុ៥១ឆ្នាំ ធ្លាប់បម្រើ ការងារក្នុងអង្គការក្រុមអ្នកច្បាប់ការពារ សិទ្ធិកម្ពុជា (CDP) និងក្រោយមកបម្រើ ការងារនៅក្នុងក្រុមមេធាវីខ្មែរអប្សរា ហើយ ត្រូវបានតែងតាំង ជាសមាជិកក្រុមប្រឹក្សា អ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី មាន ឋានៈស្មើរដ្ឋលេខាធិការ។
លោកមានបទពិសោធន៍ជាង១៤ឆ្នាំ ក្នុងនាមជាមេធាវីការពារក្តីលើផ្នែកច្បាប់ ព្រហ្មទណ្ឌក៏ដូចជាច្បាប់ទាំងឡាយទាក់ ទងនឹងសិទ្ធិមនុស្ស ការរៀបអាពាហ៍ ពិពាហ៍ និងគ្រួសារ ការជួញដូរ និងដីធ្លី ជាដើម ហើយលោកជាអតីតអគ្គលេខា ធិការនៃគណៈមេធាវីកម្ពុជារយៈពេល៤ឆ្នាំ ផងដែរ។
គួរបញ្ជាក់ផងដែរថា លោក សួន វិសាល ជាមេធាវីល្បីល្បាញមួយរូប ដែលបានសិក្សាផ្នែកច្បាប់ និងទទួល សញ្ញាបត្រច្បាប់សិទ្ធិមនុស្សអន្តរជាតិ ពីសាកលវិទ្យាល័យហុងកុងនៅឆ្នាំ ២០០២ និងជាមេធាវី ដែលទទួលស្គាល់ ដោយគណៈមេធាវីកម្ពុជាតាំងពីឆ្នាំ១៩៩៧ មកម៉្លេះ៕ រ័ត្ន សុភក្តិ