ខេត្តកណ្តាលៈ ទឹកអន្លុងខាងមុខផ្ទះដែលមានជម្រៅជ្រៅបានឆក់យកអាយុជីវិតយុវជនម្នាក់មានសតិមិនគ្រប់គ្រាន់ ស្លាប់យ៉ាងអាណោចអាធ័ម បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង១៥ និង៣០នាទី ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលប្រាសាទបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចែម ធារ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ជាមនុស្សមានសតិមិនគ្រប់គ្រាន់ មានឪពុកឈ្មោះ ជឺ ចែម អាយុ៤៤ឆ្នាំ ម្តាយឈ្មោះ ទ្រី ស្រស់អាយុ៤៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិលេខ៣ ឃុំប្រាសាទ ស្រុកស្អាង ។
ប្រភពដដែលបានបន្តថា ជនរងគ្រោះរូបនេះមានសតិមិនគ្រប់គ្រាន់ត្រូវបានឪពុកម្តាយនិងបងប្អូនតាមមើលថែដូចកូនក្មេងអញ្ចឹង ។ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ស្ត្រីជាម្តាយមិននៅផ្ទះ រីឯឪពុកនិងបងប្អូនរវល់នាំគ្នារៀបចំឥវ៉ាន់នៅខាងក្រោយផ្ទះ ដោយទុកជនរងគ្រោះឲ្យនៅអង្គុយលរងខាងមុខផ្ទះផ្ទះឯង ។
បន្ទាប់ពីរៀបឥវ៉ាន់រួចបុរសជាឪពុកបានដើរមកមើលកូនមិនឃើញនៅមុខផ្ទះ ទើបមានការភ្ញាក់ផ្អើលតាមរកមើលផ្ទះអ្នកជិតខាងនៅតែមិនឃើញ ដោយមានការសង្ស័យក៏មុជរាវរកនៅក្នុងអន្លុងខាងមុខផ្ទះ ទើបប្រទះឃើញសាកសពជនរងគ្រោះ ស្រង់យកមកលើគោកចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ