ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីបញ្ជាក់ព័ត៌មាននៃស្នងការដ្ឋានខេត្តកណ្ដាលករណីរថយន្តជ្រុលចង្កូតបុករង្វង់មូលលោកតាខ្មៅ

ចែករំលែក៖

កណ្ដាល÷ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនមេត្តាជ្រាបពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក (រថយន្តជ្រុលចង្កូតបុករង្វង់មូលលោកតាខ្មៅ) ដែលបានកើតឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០១៖២០នាទី រំលងអធ្រាត្រ នៅចំណុចរង្វង់មូលលោកតាខ្មៅ លើកំណាត់ផ្លូវជាតិលេខ ២ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញ នៅវេលាកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក LAND CRUISER ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 2B-1808 បើកបរដោយបុគ្គលមិនទាន់ស្គាល់អត្តសញ្ញាណ បានធ្វើដំណើរពីទិសខាងជើងទៅត្បូង (ភ្នំពេញ–តាខ្មៅ) ក្នុងល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានជ្រុលចង្កូតបុកចូលរង្វង់មូលលោកតាខ្មៅ បណ្តាលឲ្យខូចខាតសម្ភារនៅទីតាំងកើតហេតុ។

បន្ទាប់ពីកើតហេតុ រថយន្តខាងលើមិនបានឈប់នៅកន្លែងកើតហេតុនោះទេ ប៉ុន្តែបានបន្តបើករត់គេច រហូតដល់ចំណុចច្រកចូល K11 ទើបត្រូវបានកម្លាំងអន្តរាគមន៍ល្បាតពេលយប់ធ្វើការឃាត់បានភ្លាមៗ។

ការខូចខាតរួមមាន រថយន្ត ០១ គ្រឿងរងការខូចខាតធ្ងន់ និងសម្ភារនៅលើរង្វង់មូលរងការខូចខាត ដូចជា បង់អង្គុយ ០១ និងជើងពានថ្ម ០១។

បច្ចុប្បន្ន មធ្យោបាយខាងលើត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។ ចំពោះម្ចាស់ ឬអ្នកបើកបររថយន្ត សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវដើម្បីកំណត់អត្តសញ្ញាណ និងអនុវត្តវិធានការតាមច្បាប់ជាធរមាន។

មូលហេតុបឋមនៃករណីនេះ ត្រូវបានសន្និដ្ឋានថា បណ្ដាលមកពីការបើកបរមានល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន។

អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងបន្តចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីធានាសុវត្ថិភាពក្នុងការធ្វើដំណើរ និងកាត់បន្ថយគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ៕


ចែករំលែក៖