ខេត្តកំពង់ចាម៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចតេជោ ក្រើនរំឭកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា«មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែង ក្រើនរំឭកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា«មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន» ម្យ៉ាងវិញទៀតចៀសវាងប្ដីស័ក្តិ៣ ប្រពន្ធស័ក្តិ៤ កូនស័ក្តិ៥ ដែលធ្វើឱ្យមានបញ្ហាក្នុងមូលដ្ឋាន។
សម្ដេចតេជោលើកឡើងបែបនេះ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ក្នុងឱកាសសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តកំពង់ចាម សរុបចំនួន១,១៩៣នាក់ ដែលពិធីនេះបានប្រារព្ធធ្វើឡើងសាលាខេត្តកំពង់ចាម។
សម្តេចតេជោ ហ៊ុន សែន បានចាប់ផ្តើមចុះបេសកកម្មចុះមូលដ្ឋានជួបមន្ត្រីជាក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ នៅទូទាំងប្រទេស ក្នុងន័យជំរុញបន្ថែមទៀត ឱ្យអង្គបោះឆ្នោតបានធ្វើការបម្រើប្រជាជនកាន់តែសកម្ម និង កាន់តែល្អក្នុងការផ្ដល់សេវានានា។
យោងតាមកម្មវិធី សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹងចាប់ផ្តើមបេសកកម្មចុះតាមមូលដ្ឋាននៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២៥ មេសានេះ ហើយខេត្តដែលចាប់ផ្តើមមុនគេគឺ ខេត្តកំពង់ចាម បន្ទាប់មក គឺខេត្តត្បូងឃ្មុំ នឹងខេត្តដទៃទៀតជាបន្តបន្ទាប់។
បើតាមការបញ្ជាក់របស់លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេច ហ៊ុន សែន បានថ្លែងថា ដំណើរចុះទៅកាន់មូលដ្ឋានរបស់សម្តេច ហ៊ុន សែន នេះ គឺជាការអនុវត្តទៅតាមអ្វីដែលជាការប្ដេជ្ញារបស់សម្ដេច គឺធ្វើយ៉ាងណាឱ្យសមាជិកព្រឹទ្ធសភា មានការងារកាន់តែសកម្មជាមួយអង្គបោះឆ្នោត ជាពិសេសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអ្នកបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។
សម្រាប់លោក ធីរិទ្ធ ចុះជួបមន្ត្រីក្រុមប្រឹក្សារនាពេលនេះ ក៏ជាការឱកាសក្រើនរំលឹក និងជំរុញបន្ថែមទៀត ឱ្យអង្គបោះឆ្នោតបានធ្វើការបម្រើប្រជាជនកាន់តែសកម្ម និងកាន់តែល្អក្នុងការផ្ដល់សេវានានា៕ដោយ៖តារា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច