ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចប្រមុខរដ្ឋស្ដីទី កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័សលើបញ្ហាប្រេងឥន្ធនៈ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ៖ សម្ដេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់​ព្រះ​មហាក្សត្រ បានថ្លែងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ចំពោះវិធានការដោះស្រាយ​បញ្ហាជនភៀសសឹក បានលឿនរហ័ស និងប្រកបដោយភាពទទួលខុសត្រូវខ្ពស់​ និងបានកត់សម្គាល់ពីការដោះស្រាយបញ្ហាប្រឈមទាំងឡាយរបស់រាជរដ្ឋាភិបាល លើបញ្ហាប្រេងឥន្ធនៈផងដែរ។

សម្តេចតេជោ ហ៊ុន សែន នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ ដឹក​នាំ​មន្ទីរអង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំនាព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦នេះ ក៏បានលើកឡើងពីការវិវត្តន៍នៃសភាពការតំបន់ ក៏ដូចជាសភាព​ការណ៍​នានានៅក្នុងប្រទេសកម្ពុជាផងដែរ។

លើបញ្ហាប្រេងឥន្ធនៈ សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ឃើញថា រាជរដ្ឋាភិបាល បានប្រឹងប្រែងក្នុងការផ្គត់ផ្គង់ប្រេងដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ដែលរហូតមក​ដល់ពេលនេះនៅតែមានប្រេងសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។ ទន្ទឹមនឹងការប្រឹងប្រែង​រក​ប្រភពប្រេងមកផ្គត់ផ្គង់ប្រជាពលរដ្ឋហើយនោះ សម្តេចតេជោ ក៏បានកត់សម្គាល់ពីការ​ប្រឹង​ប្រែងរបស់រាជរដ្ឋាភិបាល ដាក់ចេញវិធានការនានា ដូចជាការមិនយកពន្ធគយ ការ​បញ្ចុះពន្ធអាករ និងពន្ធអាករពិសេសជាដើម ដើម្បីរក្សាតម្លៃប្រេង​មិន​ឱ្យ​ហក់ឡើង​ខ្ពស់​ពេក។

ក្រៅពីកត់សម្គាល់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាប្រេងឥន្ធនៈហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានកត់សម្គល់ពីសមត្ថភាពរបស់រាជរដ្ឋាភិបាល លើការដោះស្រាយបញ្ហារបស់ជនភៀសសឹកផងដែរ។ សម្តេចតេជោ បានមើលឃើញថា ចាប់តាំងពីពេលមានបញ្ហាព្រំដែនមក ទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានា​យក​រដ្ឋ​មន្ត្រី និងមន្ត្រីជាសេនាធិការ បានយកចិត្តទុកដាក់ខ្ពស់ ហើយចាត់ចែងបានល្អ​លើបញ្ហាជនភៀសសឹក ដូចជាការរៀបចំទីជម្រកបណ្តោះអាសន្ន ការផ្គត់សម្ភារប្រើ​ប្រាស់ ស្បៀងអាហារ ព្រមទាំងការសិក្សារបស់កូនចៅប្រជាពលរដ្ឋភៀសសឹកជាដើម។

ពាក់ព័ន្ធបញ្ហាជនភៀសសឹកនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការពេញចិត្ត​ចំពោះ​រាជរដ្ឋាភិបាល ដែលបានរៀបចំសាងសង់ផ្ទះបណ្តោះអាសន្នជូនប្រជាពលរដ្ឋ​ភៀស​សឹករាប់ពាន់ខ្នងក្នុងរយៈពេលដ៏ខ្លី។ សម្រាប់សម្តេចតេជោ ការប្រឹងប្រែងដោះ​ស្រាយបញ្ហាទាំងនេះ ស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល​ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ហើយក៏ជាការស្តែងឱ្យឃើញនូវសមត្ថភាពរបស់រាជ​រដ្ឋាភិបាល ក្នុងការដោះស្រាយ​លើបញ្ហាដែលកើតឡើងដោយឥតគ្រោងទុកផងដែរ។

ក្រៅពីបញ្ហាខាងលើនេះទៅ ក្នុងជំនួបជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តត្បូងឃ្មុំសរុបជិត៩០០នាក់នេះ សម្តេច​តេជោហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានអញ្ជើញមកជួបជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ក្នុងខេត្តត្បូងឃ្មុំ​ជាថ្មី។ សម្តេចតេជោ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់​ដែលបាន​ខិត​ខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេស​ការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្កចលាចលនានាក្នុងសង្គម។

ការជំរុញមន្ត្រីនៅមូលដ្ឋានយកចិត្តទុកដាក់បម្រើជាតិ និងប្រជាជន គឺអាទិភាពមួយនៃ​ដំណើរ​ចុះជួបមន្ត្រីនៅតាមខេត្ត។ ជំនួបនៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បន្ត​ណែ​នាំដល់មន្ត្រីរាជការ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងខេត្តត្បូងឃ្មុំ ឱ្យបន្តយកចិត្ត​ទុក​ដាក់បំពេញ​តួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ ជាពិសេសបន្តយក​ចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿនរហ័ស ចៀសវាងបង្ក​នូវ​បញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ។

សម្តេចតេជោ ក៏បានរំលឹកដល់មន្រ្តីទាំងអស់ត្រូវបន្តយកចិត្តទុកដាក់រក្សា​សន្តិសុខ​សណ្ដាប់​ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន ជាពិសេសបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ(Scam Online)។

សម្ដេចតេជោ ក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានត្រូវចូលរួមទាំងអស់គ្នាក្នុង​ការថែ​រក្សា​ធនធានធម្មជាតិដែលមាននៅមូលដ្ឋាន ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងរួមគ្នាក្នុងការ​ថែរក្សាឲ្យបានគង់វង្ស។ ទន្ទឹមនេះ សម្ដេចតេជោ ក៏ណែនាំអាជ្ញាធរត្រូវយក​ចិត្តទុកដាក់​ដោះ​ស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានរហ័ស និងមានប្រសិទ្ធិភាព ជាពិសេស​ការដោះស្រាយក្រៅប្រព័ន្ធតុលាការ ដោយមិនត្រូវលំអៀងខាងភាគីណានោះទេ។

សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរដល់មន្ត្រីគ្រប់ជាន់ថ្នាក់ នៃខេត្តត្បូងឃ្មុំ ទាំងអស់ដែលបានរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យទទួលបាននូវការការរីកចម្រើនជាបន្តបន្ទាប់៕ដោយ​៖តារា​


ចែករំលែក៖