ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី ១៨ ខែតុលា បន្ទាប់ពីបានអញ្ជើញចុះពិនិត្យ “វិទ្យាល័យទឹកជោរ” រួចហើយ សម្តេចតេជោនាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខលោកគ្រូអ្នកគ្រូ និងក្មួយៗសិស្សានុសិស្ស នៅវិទ្យាល័យ ជប់វារី ស្ថិតក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ដោយបានពិនិត្យមើលឃើញអំពីកង្វះខាត និងតម្រូវការចាំបាច់របស់ក្មួយៗសិស្សានុសិស្សនៅទីនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសប្បុរសជនបានផ្តល់ជូននូវ អាគារសិក្សា១ខ្នង កំពស់៣ជាន់ ស្មើនឹង៣០បន្ទប់ ជួសជុលអាគារចាស់ៗ រៀបចំតារាងបាល់ទាត់ បាល់ទះ និងបាល់បោះជូនដល់ក្មួយៗសិស្សានុសិស្សនៅសាលានេះដើម្បីទទួលបានភាពងាយស្រួលក្នុងការសិក្សា។
សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត មិនបណ្តោយអោយក្មួយៗ និងចៅៗអត់សាលារៀនឡើយ ទោះបីជានៅទីណាក៏ដោយ។ ដើម្បីអនាគតល្អ សូមក្មួយៗ និងចៅៗប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង។ សម្តេចតេជោ និងសម្តេចគតិស្រឡាញ់ក្មួយៗ និងចៅៗគ្រប់គ្នា ៕