ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អ្នកខេត្តកំពតថា ភាពអនាធិបតេយ្យកាន់តែរីក

ចែករំលែក៖

ប្រជាពលរដ្ឋខេត្តកំពតនាំគ្នានិយាយថា ការផ្លាស់ប្តូរថ្នាក់ដឹកនាំខេត្តក្នុងគោលបំណងដើម្បីឲ្យខេត្តមានការរីកចម្រើន ប៉ុន្តែសម្រាប់ខេត្តកំពត បន្ទាប់ពីការឡើងកាន់តំណែងរបស់លោក ចាន់ ចេស្តា មិនឃើញមានការវិវឌ្ឍថ្មីគួរឲ្យកត់សម្គាល់នោះឡើយ ។ ភាពអនាធិបតេយ្យច្រើនពាក់ព័ន្ធនឹងបញ្ហាសំណង់កាន់តែរីកខ្លាំងឡើង ។ និយាយរួមទៅ តាំងពីលោកចាន់ ចេស្តា មកកាន់តំណែង ស្ថានភាពទូទៅហាក់ដូចជាកាន់តែធ្លាក់ចុះ ។

ប្រជាពលរដ្ឋនិយាយថា លោកអភិបាលខេត្តមិនមានសមត្ថភាព និងសមរម្យសម្រាប់តួនាទីនេះទេ ។ លោកសមឋានៈត្រឹមតែជាប្រធានមន្ទីរកសិកម្មនោះហាក់ដូចជាហួសសមត្ថភាពទៅហើយ ។ បើតាមប្រជាពលរដ្ឋនិយាយថា វាហាក់ដូចជាមានភាពមិនប្រក្រតីក្នុងការតែងតាំងលោកចាន់ ចេស្តា ជាអភិបាលខេត្តកំពត ពោលគឺនៅក្នុងតំណែងជាប្រធានមន្ទីរកសិកម្ម លោកបានឡើងតំណែងជាអភិបាលរងខេត្ត និងមិនបានមួយសប្តាហ៍ផង ក៏ឡើងជាអភិបាលខេត្តតែម្តង ។ ប៉ុន្តែយ៉ាងណាក៏ដោយ ប្រសិនបើលោកមានសមត្ថភាពដឹកនាំការងារល្អ នោះក៏ប្រជាពលរដ្ឋមិនថាអ្វីដែរ ។ ប៉ុន្តែមួយរយៈកន្លងមកនេះ គ្មានបានឃើញធ្វើអ្វីជាដុំកំភួននោះឡើយ ។

ប្រជាពលរដ្ឋនៅក្រុងកំពតនិយាយថា ក្រៅតែពីការផ្លាស់ប្តូរមន្ត្រីនៅក្រោមអំណាចរបស់ខ្លួន លោកចាន់ ចេស្តា មិនបានធ្វើអ្វីដែលបង្ហាញថា ជាស្នាដៃលេចធ្លោរបស់ខ្លួនឲ្យប្រជាពលរដ្ឋកត់សម្គាល់នោះឡើយ ។ ដូច្នេះ ប្រជាពលរដ្ឋខេត្តកំពតមិនរំពឹងថា ក្រោមការដឹកនាំរបស់លោកចាន់ ចេស្តា ខេត្តកំពតនឹងមានការអភិវឌ្ឍប្រកបដោយទស្សនៈវិស័យវែងឆ្ងាយនោះឡើយ ៕

chesta-855


ចែករំលែក៖