ខេត្តបន្ទាយមានជ័យ÷ក្មេងស្រីម្នាក់ ក្នុងចំណោមក្មេងស្រីបីនាក់បានលង់ទឹកស្លាប់ ក្រោយពេលពួកគេបានផឹកស្រាបៀររួចនាំគ្នាទៅលេងទឹកនៅចំណុចអន្លង់តាហយ ក្នុងស្ទឹងថ្មី ខាងលិចភូមិចម្ងាយ ២០០ម៉ែត្រ ពីភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ។
ហេតុការណ៍នេះបង្ករភ្ញាក់ផ្អើលនៅវេលាម៉ោង១រសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ។
លោកវរៈសេនីយ៍ទោ អុន កាថន អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងថា យុវតីរងគ្រោះឈ្មោះ ផុន ស្រីនិច អាយុ១៤ឆ្នាំ រស់នៅភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបន្តថា តាមការបំភ្លឺពីឈ្មោះ ឈឿន ឧស្សា ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងឈ្មោះ ថា ចាន់វិមាន ភេទស្រីអាយុ១៤ឆ្នាំ រស់នៅភូមិខ្លែងពណ៌ត្បូង ឃុំស្លក្រាម ស្រុកស្វាយចេក ។
ក្មេងៗដែលបានទៅលេងទឹកជាមួយគ្នាប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុពួកខ្លួនទាំង៣នាក់បាននាំគ្នាទិញស្រាបៀរផឹក ចំនួន ១២កំប៉ុង ហើយក្មេងស្រីរងគ្រោះ បានផឹកអស់ ០៧កំប៉ុង។ ក្រោយផឹករួចក៏នាំគ្នាទៅលេងទឹកនៅកន្លែងកើតហេតុខាងលើ ខណៈពេលដែលកំពុងហែលលេងស្រាប់តែឃើញក្មេងស្រីរងគ្រោះលង់ទឹកហើយលើកដៃឲ្យជួយ ពេលនោះឈ្មោះ ឈឿន ឧស្សា បានទៅជួយ ប៉ុន្តែជនរងគ្រោះស្រវាទាញលិចទាំងអស់គ្នា ពេលរើបំរាស់រួច ក៏ហៅឈ្មោះ ថា ចាន់វិមាន ដើម្បីជួយ ប៉ុន្តែជួយមិនបានដោយសារទឹកជ្រៅពេកក៏លង់ហើយលិចបាត់ក្នុងទឹកទៅ។ ពេលឈ្មោះ កិ ស្រីអូន ដែលមិនបានចុះលេងក្នុងទឹកក៏បានទៅហៅឈ្មោះ ហឿង យ៉ុន ត្រូវជាជីតារបស់ជនរងគ្រោះឲ្យមកជួយមុជរកពេលរកឃើញជនរងគ្រោះបានស្លាប់បាត់ទៅហើយ ពេលនោះ តារបស់គាត់ក៏យកសពមកផ្ទះតែម្តង ។
លោកវរសេនីយ៍ទោ អុន កាថន បញ្ជាក់បន្ថែមថា មូលហេតុ ជនរងគ្រោះផឹកស្រាបៀរស្រវឹងហើយមិនចេះហែលទឹក អន្លង់នោះមានជម្រៅជ្រៅ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច