ភ្នំពេញ ៖ ប្រវត្តិសាស្ត្រខ្មែរ បានឆ្លងកាត់ការឈឺចាប់ និងការបាត់បង់ជាច្រើនរាប់មិនអស់ចាប់តាំងពីសតវត្សទី១៣ មកដល់បច្ចុប្បន្ន ឈាមយុទ្ធជនខ្មែរ បានហូរលើទឹកដីដើម្បីការពារជាតិ ការពារអធិបតេយ្យភាព និងការពារបេតិកភណ្ឌដ៏មានតម្លៃរបស់ដូនតា។ ប្រាសាទបុរាណខ្មែរ ដែលជាព្រលឹងជាតិ និងអត្តសញ្ញាណជាតិ ត្រូវបានបំផ្លាញ និងរងការរំលោភបំពានពីថៃ ប្រជាពលរដ្ឋខ្មែរជាច្រើន ក៏ធ្លាប់រស់នៅក្នុងភាពភ័យខ្លាច និងការបាត់បង់ ដោយសារជម្លោះព្រំដែន និងភាពតានតឹងជាច្រើនឆ្នាំមកនេះជាមួយប្រទេសថៃ ។
ក្នុងនាមជាកូនខ្មែរ យើងមិនត្រូវភ្លេចការលះបង់របស់បុព្វបុរសឡើយ សេចក្ដីស្រឡាញ់ជាតិ មិនមែនស្ថិតនៅត្រឹមពាក្យស្លោកនោះទេ ប៉ុន្តែស្ថិតនៅក្នុងសកម្មភាពពិតប្រាកដ ការគាំទ្រផលិតផលខ្មែរ ការជួយអាជីវកម្មខ្មែរ និងការលើកស្ទួយសេដ្ឋកិច្ចជាតិ គឺជាវិធីមួយនៃការបង្ហាញថា យើងនៅតែឈរជើងការពារប្រទេសជាតិដោយសន្តិវិធី។
ថ្ងៃនេះ កម្ពុជាមិនខ្វះសមត្ថភាពទៀតឡើយ កូនខ្មែរអាចផលិត អាចបង្កើត និងអាចប្រកួតប្រជែងបាន ដូច្នេះ ការបន្តលួចនាំចូល ឬគាំទ្រទំនិញរបស់ថៃ ដោយមិនគិតពីផលប្រយោជន៍ជាតិ គឺជាការធ្វើឲ្យសេដ្ឋកិច្ចខ្លួនឯងខ្សោយ និងបង្អាក់ឱកាសរបស់អ្នកផលិតក្នុងស្រុក។
យើងមិនត្រូវការសង្គ្រាម មិនត្រូវការអំពើហិង្សា ប៉ុន្តែយើងត្រូវការសាមគ្គីភាព និងចិត្តស្រឡាញ់ជាតិ។ ប្រសិនបើកូនខ្មែរទាំងអស់រួមគ្នាគាំទ្រផលិតផលខ្មែរ ទឹកប្រាក់នឹងវិលនៅក្នុងស្រុក ការងារនឹងកើនឡើង ហើយសេដ្ឋកិច្ចជាតិនឹងរឹងមាំ។
កុំឲ្យឈាមយុទ្ធជនខ្មែរ ហូរដោយឥតន័យ។
កុំឲ្យបេតិកភណ្ឌដូនតា ក្លាយជារឿងដែលកូនខ្មែរភ្លេច។
ចាប់ផ្តើមពីថ្ងៃនេះ — គាំទ្រផលិតផលខ្មែរ ប្រើប្រាស់ទំនិញខ្មែរ ដើម្បីអនាគតកម្ពុជា។ 🇰🇭

ដោយ ៖ លោកតា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច