ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិព្រែកតាគង់១ ជាអ្នករងផលប៉ះពាល់មុនគេហ្នឹងហើយ។ ជាមួយគ្នានេះ ខ្ញុំបានសម្តែងក្តីបារម្មណ៍យ៉ាងខ្លាំង ខណៈដែលបើសិនជាទឹកនៅខាងលើមិនទាន់បានស្រកទេ នោះ ឬក៏ទឹកនៅខាងលើ នៅតែបន្តទម្លាក់មកខ្លាំងបងប្អូនយើងនឹងប្រឈមហានិភ័យខ្ពស់បញ្ហាទឹកជំនន់នេះ ។ បើសិនណានៅ តំបន់នេះ ត្រូវបានលិចទាំងស្រុងតែម្តង គឺបែកខាងនេះត្រូវលិចទាំងអស់ ។ មិនថា តែផ្ទះសម្បែងបងប្អូនពលរដ្ឋយើងនៅតំបន់នេះទេ សូម្បីតែសាលាខណ្ឌនិងផ្លូវជាតិលេខ២ក៏លិច ផងដែរ។
ប៉ុន្មានថ្ងៃនេះ សង្កេតឃើញថា មានតែផ្ទះពលរដ្ឋយើងចំនួន២០ខ្នងផ្ទះបានលិច ក្នុងនោះ ក៏មានលំនៅឋានបងប្អូនពលរដ្ឋក៏បានលិចធ្ងន់តែម្តងដល់គ្រែឯណោះ ហើយអ្វីដែលខ្ញុំបារម្មណ៍នោះគឺថាធ្វើការផ្តាំផ្ញើដល់លោកយាយ លោកតា បងប្អូន មីងពូទាំងអស់ថា ដោយសារស្ថានភាពទឹករហូតដល់ពេលនេះគឺនៅមិនទាន់បានស្រកនៅឡើយទេ។ ចឹងខ្ញុំសុំយកឧិកាសនេះ ដើម្បីធ្វើការផ្សព្វផ្សាយដល់ពលរដ្ឋយើងទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន នៅពេលគេងយប់ត្រូវប្រយ័ត្ន ព្រោះថាទឹកវាឡើងគឺយើងអត់បានដឹងមុននោះទេ ហើយបង ប្អូនពលរដ្ឋរស់នៅជាប់មាត់បឹងទៀត ជារួមគឺបងប្អូនយើងដែលរស់នៅតាមមាត់បឹងនិងតាម មាត់ប្រឡាយទាំងអស់ត្រូវប្រុងប្រយ័ត្ន ជាពិសេសក្មេងៗ ។
នេះគឺជាប្រសាសន៍លើកឡើង របស់លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ នៅក្នុងឧិកាសដែលលោកអភិបាលដឹកនាំ ប្រភូអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យចុះជួបសំណេះសំណាល និងពាំនាំយកអំណោយមនុស្សធម៌របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះ២៥៣គ្រួសារដោយសារទឹកជំនន់ ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។
លោក ពេជ្រ កែវមុនី បន្តថា ដោយសារស្ថានភាពប៉ុន្មានថ្ងៃមេឃមិនមានភ្លៀងធ្លាក់ធ្វើឲ្យស្ថានភាពទឹកនៅនឹងធម្មតា តែប្រសិនបើមេឃធ្លាក់ភ្លៀងទៀតនោះយើងនៅតំបន់នឹង រងគ្រោះថែមទៀត។
ដោយឡែកទឹកនៅខាងលើមិនធ្លាក់មកទេនោះ ទឹកនៅតំបន់យើងនេះ នឹងអាចស្រក ។ លោកបន្តលើកឡើងទៀតថា ក្រោយពីអាជ្ញាធរខណ្ឌមានជ័យយើងបានចុះស្រងស្ថិតិពលរដ្ឋរងគ្រោះគ្រប់ចំនួនហើយនោះ យើងក៏បានរាយការណ៍ទៅដល់កាកបាទក្រហមរាជធានីភ្នំពេញ ហើយគេក៏បានរាយការណ៍បន្តទៅឲ្យកាកបាទក្រហមកម្ពុជា ទើបនៅព្រឹកថ្ងៃនេះប្រតិភូអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌមានជ័យដឹកនាំដោយ រូបលោកផ្ទាល់ជាប្រធានកិតិ្តយស និងលោក ឌី រត័្ឋខេមរុណ ជាប្រធានអនុសាខាកាកបាទ ក្រហមខណ្ឌ ព្រមទាំងមានការចូលរួមពីសំណាក់លោកចៅសង្កាត់ចាក់អង្រែលើ មន្ត្រីក្រោមក្រោមឧុវាទខណ្ឌសង្កាត់ទាំងអស់បានពាំនាំយកអំណោយមនុស្សធម៌របស់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មកចែកជូនដល់ប្រជាពលរដ្ឋយើងទាំង២៥៣គ្រួសារ ។
លោក ពេជ្រ កែវមុនី បន្តថា ក្នុងនោះលោកក៏បានធ្វើការសុំអរគុណចំពោះអង្គការទស្សនៈ ពិភពលោក(World Vision) ដែលបានជួយសហការនៅការងារនេះហើយក្នុងនាមជាអង្គការ មួយដែលបានចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងជាមួយអាជ្ញាធរមូលដ្ឋានរបស់យើងបានយកចិត្តទុកដាក់នូវសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងខណ្ឌមានជ័យនាពេលនេះ។ ក្នុងនោះផងដែរអង្គការទស្សនៈពិភពលោកក៏បានចូលរួមចំណែកជួយបងប្អូនពលរដ្ឋ យើងរងគ្រោះទឹកជំនន់នូវអង្ករ១ការ៉ុងទម្ងន់១០គីឡូក្រាម ។
លោកអភិបាលខណ្ឌមានជ័យបន្តថា គ្រឿងឧបភោគ បរិភោគទាំងនេះគឺជាមធ្យោ បាយមួយសំរាប់តែ១គ្រាទេ។ លោកថា អ្វីដែលសំខាន់នោះគឺសូមបងប្អូនពលរដ្ឋត្រូវគិតអំពីបញ្ហាទឹកជំនន់ បញ្ហាសុខភាព ហើយសព្វថ្ងៃនេះអាកាសធាតុក៏មានការប្រែប្រួលផងដែរវាធ្វើឲ្យមានជម្ងឺផ្តាសាយ ជាពិសេសក្មេងៗ ។
ជាមួយគ្នានេះផងដែរ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋឲ្យទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។ លោកថា កាលពី ប៉ុន្មានថ្ងៃមុនយើងបានរំកិលការិយាល័យចុះឈ្មោះបោះឆ្នោតមកទីនេះ ដោយសារបងប្អូន យើងរស់នៅតំបន់រងទឹកលិចហើយពិបាកធ្វើដំណើរឡើងទៅសាលាសង្កាត់។ ដោយឡែក ការរំកិលការិយាល័យមកទីនេះមានតែរយៈពេល១៥ថ្ងៃប៉ុណ្ណោះ ។ ឥឡូវចប់គ្រប់១៥ថ្ងៃហើយ យើងបានបង្វិលទៅសាលាសង្កាត់វិញ យើងមិនអាចដាក់ការិយាល័យបន្តទៀតទេ ព្រោះថាតាមការណែនាំរបស់គណៈកម្មាធិការចុះឈ្មោះបោះឆ្នោតឲ្យតែ៣ដំណាក់កាលទេ គឺដំណាក់កាលទី១ នៅសាលាសង្កាត់ ដំណាក់កាលទី២គឺនៅការិយាល័យចល័តណាមួយដោយពិនិត្យឃើញថាបងប្អូនពិបាកឡើងទៅចុះឈ្មោះ ហើយដំណាក់កាលទី៣គឺវិលទៅ សាលាសង្កាត់វិញ ។
លោកថា ហេតុដូច្នេះបងប្អូនពលរដ្ឋដែលមិនទាន់បានទៅចុះឈ្មោះសូមអញ្ជើញរស់រាន់ទៅចុះឈ្មោះ ព្រោះថាបើបងប្អូនមិនបានចុះឈ្មោះទេនោះគឺយើងអត់ មានសិទ្ធទៅបោះឆ្នោតជូនគណៈបក្សនយោបាយដែលយើងស្រលាញ់ ឬអ្នកដែលយើងស្រលាញ់នោះទេ។
គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋ២៥៣គ្រួសារ ដោយក្នុង១គ្រួសារទទួលបានអំណោយអង្ករ១០គីឡូក្រាម ជាអំណោយរបស់អង្គការទស្សនៈពិភពលោក មី១កេស ទឹកត្រី១យួរ ជាអំណោយរបស់អនុសាខាកាកបាទក្រហមខណ្ឌមានជ័យ ៕ តាឡឹម