ខេត្តកណ្តាល:គ្រួសារមានជីវភាពក្រីក្រមួយបានជួបនូវរឿងសោកសង្រេង ដោយសារកូនប្រុសពៅ ដែលមានអាយុទើបតែ១ខួបធ្លាក់ចូលក្នុងទឹកក្រោមផ្ទះស្លាប់យ៉ាងអាណោចអាធ័ម នៅគ្រាដែល ម្តាយ-ឪពុក ទៅលើកមង ហើយទុកកូនតូចឲ្យដេកជាមួយកូន២នាក់ទៀត ដល់ពេលត្រឡប់មកវិញ មិនឃើញកូនតូច ក៏ផ្អើលឆោឡោនាំគ្នារាវរកក្នុងទឹកនៅក្រោមផ្ទះ ស្រាប់តែឃើញកូនតូចរបស់ខ្លួនលង់ទឹកស្លាប់បាត់ទៅហើយ ។
ហេតុការណ៍ក្មេងប្រុសអាយុ១ខួប ធ្លាក់ចូលក្នុងទឹកក្រោមផ្ទះលង់ស្លាប់នេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅលើតំបន់ទំនាប ដែលលិចទឹក ក្នុងភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
កុមារារងគ្រោះមានឈ្មោះ ចំណាប់ សុរក្សា អាយុ១ខួប ជាកូនទី៣នៅក្នុងគ្រួសារក្រីក្រមួយ ម្តាយឈ្មោះចាប ចន្ធី អា យុ៣៣ឆ្នាំ មុខរបរកសិករ ឪពុកឈ្មោះហម ចំណាប់ អា យុ៣១ឆ្នាំ មុខរបរកម្មករ មាន ទីលំនៅកន្លែងកើតហេតុ ។
លោកអ៊ុង ស៊ីឡាក់ នាយ ប៉ុស្តិ៍នគរបាលដីឥដ្ឋបានឲ្យដឹងថា តាមការបំភ្លឺរបស់ក្រុមគ្រួសារ នៅវេលាទាបភ្លឺ ម្តាយ-ឪពុកទៅរាវមងដោយទុក កូនប្រុសអាយុ១ខួបដេកនៅជាមួយកូន២នាក់ទៀត ។ ប្រហែលជាកុមារារងគ្រោះ ងើបពីដំណេកវារកម្តាយ ក៏ធ្លាក់ចូលក្នុងទឹកក្រោមផ្ទះស្លាប់តែម្តង ។
លុះពេលត្រឡប់មកពីរាវមងវិញ មិនឃើញកូនតូចរបស់ខ្លួន ស្រាប់តែកើតការឆោឡោ ហើយនាំគ្នារាវរកក្នុងទឹក្រោមផ្ទះ ទើបរកឃើញ តែហួសពេលទៅហើយ មិនដឹងថាធ្លាក់ចូលទឹកតាំងពីពេលណានោះទេ ។
ដោយមើលឃើញពីក្រុម គ្រួសារកុមារារងគ្រោះមានជីវភាពក្រីក្ររស់នៅក្នុងខ្ទមរហែករយ៉ៃដំបូលធ្លុះធ្លាយ ជញ្ជាំងបាំងក្រណាត់ អ្នកភូមិបានរៃអង្គាស់ប្រាក់កាសដើម្បីរៀបចំធ្វើបុណ្យសព ។
ជាមួយគ្នានេះដែរ សូមអំពាវនាវដល់សប្បុរសជនមេត្តាជួយជាសម្ភារៈ និងថវិកាដល់គ្រួសារក្រីក្រនេះផង ៕ សណ្តោស