ខេត្តកំពង់ចាមៈ ទីតាំងបង្កប់ល្បែងស៊ីសង ចាក់បាល់ និង ល្បែងបៀរបាការ៉ាត់ ដែលឡាយបន្តផ្ទាល់ពី កាស៊ីណូ មួយកន្លែង ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តកំពង់ចាម បង្រ្កាបក្នុងបទល្មើសជាក់ស្តែង ។
ប្រតិបត្តការណ៍នេះធ្វើឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ នៅភូមិទី១១ សង្កាត់កំពង់ចាម ក្រុងខេត្តកំពង់ចាម ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីបង្ក្រាបកន្លែង អិនធើណែតបង្កប់ល្បែងស៊ីសងខុសច្បាប់នេះ ជាលទ្ធផលឃាត់ខ្លួនមមនុស្ស៣នាក់ ក្នុងនោះសហការីស្រីម្នាក់ និងអ្នកលេង២នាក់ យកមកសាកសួរ ហើយក្នុងនោះវត្ថុតាងដែលរិបអុសបានរួមមាន កុំព្យួទ័រ បម្រើឲ្យល្បែងស៊ីសង ចំនួន១៤ គ្រឿង ប្រាក់៥២០ដុល្លារ លុយរៀល១៩ម៉ឺនរៀល ម៉ូតូចំនួន២គ្រឿង។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា តាមចម្លើយសារភាពរបស់សហការីថា ម្ចាស់ ទីតាំងដែលបើកល្បែងស៊ីសង79NeTនិងឡាយបន្តផ្ទាល់ពីកាស៊ីណូខុសច្បាប់នេះ មានឈ្មោះ ហ្គោ ស្តា ផ្ទះនៅទីរួមខេត្តកំពង់ចាម ។
ទាក់ទងនឹងករណីនេះដែរ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានបញ្ជាក់ឲ្យដឹងថា ករណីនេះ លោកដឹងហើយកំពុងធ្វើរឿងនេះ តែឥឡូវលោកកំពុងនៅរាជធានីភ្នំពេញ ។
ទាក់ទងនឹងសំណួរថា សំណុំរឿងនេះ វត្ថុតាង និងមនុស្សលោកកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងទេ? លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ច្បាស់ជាបញ្ជូនហើយ ។
ចំណែក លោក រៀល សុភិន ព្រះរាជអាជ្ញាររង សាលាដំបូងខេត្តកំពង់ចាម និងជាអ្នកដឹកនាំអនុវត្តបង្រ្កាបផ្ទាល់ក្នុងសំណុំរឿងនេះក៏បាន បញ្ជាក់ឲ្យដឹងថា ករណីនេះលោកបានបញ្ជាឲ្យសម្ត្ថកិច្ចនគរបាលត្រូវតែបញ្ជូនមកតុលាការ ហើយសំខាន់យើងចង់ឃាត់ខ្លួនមេធំ ឈ្មោះ ហ្គោ ស្តា ប៉ុន្តែភ្ងាក់ងារផ្តល់ពត៍មានឲ្យយើងខុសមួយជំហ៊ាន។ ចំណែកសហការីទាំង៣ លោកមិនទាន់ឲ្យឃាត់ខ្លួននោះទេ គ្រាន់តែហៅមកសាកសួរ រកមេធំ និងកសាងសំណុំរឿងសិន (អាចមានគោលការណ៍ដោះលែង) ហើយមេធំ ឈ្មោះ ហ្គោ ស្តា យើងនិងចេញដីការកោះហៅមកសាកសួរ។ ចំណែកព័ត៌មានដែលថា មេធំនេះកំពុងប្រើលុយដើម្បីរត់ការបិទសំណុំរឿងគឺមិន មានទេ ហើយឲ្យតាមដានបន្តចុះ ៕ វណ្ណះ