ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ក្រសួងសុខាភិបាលបានត្រឹមព្រមានក្រុមហ៊ុន​ដែលមិនដាក់សារលើកញ្ចប់បារី

ចែករំលែក៖

ហាក់ដូចជាលាប់ឡើងវិញអំពីបញ្ហាសារព្រមានសុខភាពលើកញ្ចប់បារី ពីព្រោះខ្ញុំបាទក្នុងនាមប្រជាពលរដ្ឋម្នាក់សង្កេតឃើញថា ក្រុមហ៊ុនផលិតបារីមួយចំនួននៅតែបន្តចរាចរណ៍ ឬដាក់លក់បារីដែលគ្មានដាក់សារព្រមានលើកញ្ចប់បារី ។ ក្រសួងសុខាភិបាលជាថ្មីម្តងទៀតបានព្រមានចំពោះក្រុមហ៊ុនទាំងនោះ ។ សម្រាប់ខ្ញុំបាទ យល់ឃើញថា វាដល់វេលាដែលត្រូវអនុវត្តច្បាប់ហើយ ឬមួយថា ច្បាប់កំណត់ត្រឹម«ព្រមាន» ប៉ុណ្ណឹងទេ?

ជាក់ស្តែងកញ្ចប់បារី Hero ដែលកំពុងដាក់លក់នៅលើទីផ្សារបច្ចុប្បន្ន មិនបានដាក់សារព្រមានសុខភាពនោះទេ ។ បើប្រៀបធៀបទៅនឹងក្រុមហ៊ុនផ្សេងទៀត ដែលគេបានបោះសារព្រមាននៅលើកញ្ចប់បារីនោះ ករណីបែបនេះ វាជាការប្រកួតប្រជែងដែលមិនស្មោះត្រង់ ។ ប្រសិនបើបារី Hero ត្រូវបានលួចនាំចូលទៀតនោះ វារិតតែខុសច្បាប់ទៅទៀត ។ ខ្ញុំបាទយល់ថា ក្រសួងសុខាភិបាលពិតជាបានដឹង ឫសគល់ ឬប្រភពដើមនៃក្រុមហ៊ុនបារី Hero ។ ប៉ុន្តែហេតុអ្វីបានជាមិនចាត់ការចំពោះក្រុមហ៊ុននេះ ដោយទុកបណ្តោយឲ្យមានការរំលោភច្បាប់យ៉ាងដូច្នេះ?

អនុក្រឹត្យរបស់រាជរដ្ឋាភិបាលបានចូលជាធរមានចាប់តាំងពីខែកក្កដា ឆ្នាំ២០១៦ ប៉ុន្តែគេសង្កេតឃើញថា មានក្រុមហ៊ុនផលិតថ្នាំជក់មួយចំនួនពុំបានបោះពុម្ពសារព្រមានសុខភាពជារូបភាព ឬអក្សរនៅលើសម្បកកញ្ចប់បារីនោះឡើយ ។ ក្រុមហ៊ុនខ្លះនៅបន្តលក់បារីយ៉ាងគឃ្លើនរហូតមកដល់ពេលនេះ ។ រូបភាពដែលជាសារព្រមាន បានផ្តល់ពេលអនុគ្រោះរយៈពេល៩ខែ ដើម្បីឲ្យក្រុមហ៊ុនមានឱកាសសម្អាតផលិតផលរបស់ខ្លួន ។ ប៉ុន្តែរយៈពេលនៃការអនុវត្តច្បាប់បានចាប់ផ្តើមតាំងពីខែកក្កដា ។

មានន័យថា ក្រុមហ៊ុនថ្នាំជក់ត្រូវបោះពុម្ពសារព្រមានជារូបភាពនៅលើកញ្ចប់បារីថែមទៀតចាប់តាំងពីខែកក្កដា នោះមក ។ ក្រុមហ៊ុនផលិតថ្នាំជក់មួយចំនួនមិនបានអនុវត្តតាមអនុក្រឹត្យនេះទេ ។ លើសនេះទៀត ក្រុមហ៊ុនផ្សេងទៀត មិនត្រឹមតែមិនបានបោះពុម្ពសារព្រមានជារូបភាពនោះទេ ប៉ុន្តែសូម្បីតែអក្សរក៏គ្មានមួយតួផង ។ ជាក់ស្តែងក្រុមហ៊ុនបារី Hero ដែលកំពុងដាក់លក់នៅលើទីផ្សារសព្វថ្ងៃនេះ គ្មានសារជាអក្សរព្រមានសុខភាពមួយតួឡើយ ។ គេមិនដឹងថា តើករណីក្រុមហ៊ុនបារី Hero នេះស្ថិតក្នុងជម្រើសណាមួយនោះទេ ៕ ប្រជាពលរដ្ឋម្នាក់

download


ចែករំលែក៖