ព័ត៌មានទាន់ហេតុការណ៍៖

ខេម និង ចេន សៃចៃ ជោគជ័យខ្លាំងនៅតំបន់អ៊ឺរ៉ុប

ចែករំលែក៖

ភ្នំពេញ៖ ចាប់តាំងពីដើមខែតុលាតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មថោន គឺលោក ខេម បានឡើងទៅដល់ទឹកដីបារាំង ដោយរួមដំណើរជាមួយតារាចម្រៀងរួមទ្រនំ គឺអ្នកនាងចេន សាយចៃ ។ អ្នកទាំងពីរ បើកឆាកច្រៀងនៅទីក្រុងប៉ារីស នៃប្រទេសបារាំង និងបន្តដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ នៅពាក់កណ្តាលខែតុលានេះ ហើយពួកគេទទួលបានការគាំទ្រច្រើនពីប្រជាពលរដ្ឋខ្មែររស់នៅបណ្តាប្រទេសតំបន់អ៊ឺរ៉ុបទាំងនោះយ៉ាងច្រើនកុះករ ។

ខេម និង ចេន សាយចៃ បានចេញទៅច្រៀងនៅតំបន់អឺរ៉ុប ដោយមិនបានទទួលតម្លៃខ្លួននោះទេ ដោយសារការចេញច្រៀងលក់សំបុត្រនេះ ដើម្បីយកលុយមកជួយដល់ក្មេងកំព្រានៅកម្ពុជា ។

នៅមិនទាន់ដឹងថា តារាចម្រៀង ខេម នឹងត្រូវចេញច្រៀងនៅក្នុងប្រទេសបារាំងរយៈពេលប៉ុន្មានអោយប្រាកដនៅឡើយទេ ដោយសារតែអ្នកធានាទៅបញ្ជាក់ថា ជាគម្រោងគឺមានរយៈពេល០៣សប្ដាហ៍ តែអាចពន្យារពេល បើមានគាំទ្របន្ថែម ។ គម្រោងចេញច្រៀងរបស់អ្នកទាំងពីរ ជាការធានាចេញរបស់ប្រធានអង្គការ «ខ្ញុំខ្មែរ» ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលីដើម្បីលក់សំបុត្រប្រមូលថវិកាយកមកបរិច្ចាគជួយដល់កុមារក្រីក្រ និងជនទុរគតនៅកម្ពុជា ។

បញ្ជាក់ពីប្រទេសបារាំង លោក ខេម បានប្រាប់ថា ការចេញសម្ដែងនៅប៉ារីសទទួលបានជោគជ័យខ្លាំង ព្រោះការចាប់ដៃគូជាមួយអ្នកនាងចេន សៃចៃការសម្ដែងរបស់លោកធ្វើបានកាន់តែល្អ ធ្វើឱ្យបងប្អូនខ្មែររស់នៅទីនោះមកចូលរួមគាំទ្រច្រើនលើសពីការគ្រោងទុក ។ លោកថា កាលពីថ្ងៃទី១៥ តុលា លោកនិងអ្នកនាងចេន សៃចៃ បានបន្តដំណើរទៅសម្ដែងនៅប្រទេសអាល្លឺម៉ង់ ហើយក៏ទទួលបានការគាំទ្រច្រើនពីប្រជាជនខ្មែររស់នៅទីនោះផងដែរ ។

ខេម បន្តថា បន្ទាប់ពីបញ្ចប់ការសម្ដែងនៅអាល្លឺម៉ង់ លោក និងដៃគូត្រូវត្រឡប់មកបារាំងជាថ្មី ដោយធ្វើដំណើរទៅកាន់ទីក្រុងលីយ៉ុងនិងមានកម្មវិធីប្រគំតន្ត្រីមួយចំនួននៅបារាំងទៀត មុនពេលចេញដំណើរមកស្រុកវិញនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ ៕ វឌ្ឍនា

3 1 2


ចែករំលែក៖