ខេត្តតាកែវ៖ សង្ឃមួយអង្គមិនដឹងតូចចិត្តរឿងអ្វី បានជាដល់ថ្នាក់ឡើងទៅលើដងទង់ មុខព្រះវិហារ និងបានលោតចុះមកដីសុគត(ស្លាប់)ភ្លាមៗបង្កការភ្ញាក់ផ្អើលទាំងព្រឹក ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាព្រឹកម៉ោង៥និង៣០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងវត្តសម្តេចពាន់ ភូមិសម្តេចពាន់ ឃុំក្តាញ់ ស្រុកព្រៃកប្បាស់ ខេត្តតាកែវ ។ ចំពោះសពសង្ឃអង្គដែលសុគត នោះព្រះនាម ម៉េង សាម៉ីឌី ប្រជន្ម២៤វស្សា ។
បើតាមសាក្សីឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ ព្រះសង្ឃ ម៉េង សាម៉ីឌី បានកាន់កាំបិតខ្វែងមួយឡើងទៅកំពូលដងទង់ ដែលមានកម្ពស់៣២ម៉ែត្រ ហើយមុននឹងលោតចុះមកដី លោកបានស្រែកលាអ្នកនៅខាងក្រោម បន្ទាប់មកបានលោតចុះមកដីសុគតភ្លាមតែម្តង ចំណែកកាំបិតខ្វែង គឺទុកនៅលើដងទង ។
ក្រោយកើតហេតុ សមត្ថកិច្ចស្រុកព្រៃកប្បាសបានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យឃើញថា ពិតជាបានសុគតដោយលោតពីលើដងទង់ពិតមែន ។
បច្ចុប្បន្ន សពសង្ឃអង្គនេះ ត្រូវបានតម្តល់ទុកនៅក្នុងវត្តសម្តេចពាន់ ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ៕ ជីសូរិកា