ខេត្តរតនគិរី៖ មន្ទីជំនាញសុរិយោដីខេត្តរតនគិរី បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១៧ខែតុលាឆ្នាំ២០១៦ មកដល់ថ្ងៃទី២១ខែតុលាឆ្នាំ២០១៦ សកម្មភាពវាស់វែងក្បាលដីកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់កាចាញបានចំនួន៤០ក្បាលដីហើយ ។
លោកទឹម មុន្នីរត្ន័ អនុប្រធានមន្ទីរៀបចំដែនដីនគរូបណីកម្មនឹងសំណង់ខេត្តរតនគិរី បានឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២១ខែតុលាឆ្នាំ២០១៦ថា ឆ្លើយតបនឹងបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែលបានប្រកាសកាត់ដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនអភិវឌ្ឍចំការកៅស៊ូឡាបានសៀក ជូនប្រជាពលរដ្ឋ៥ភូមិក្នុងសង្កាត់កាចាញក្រុងបានលុង ក៍ដូចតាមការណែនាំចង្អុលបង្ហាញរបស់លោក ទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី នឹងលោក ថង សាវុន អភិបាលខេត្តរតនគិរី មន្ទីបានចាត់បញ្ជូនមន្ត្រីជំនាញ១៥នាក់ចុះអនុវត្តជាក់ស្តែង ធ្វើការវាស់វែងក្បាលដីដើម្បីធ្វើប្លង់កម្មសិទ្ធិជូនពួកគាត់ ដោយសកម្មភាពនេះចាប់ផ្តើមក្នុងភូមិ៤ ចំពោះពេលវេលានៃការវាស់វែងលឿនឬយឺតគឺអាស្រ័យលើម្ចាស់ក្បាលដីទាំងអស់ចូលរួមសហការជាមួយក្រុមមន្ត្រីជំនាញតែទោះជាយ៉ាងណាខាងមន្ត្រីជំនាញនឹងខិតខំប្រឹងប្រែងអនុវត្តការងារនេះ ឲ្យទទួលបានជោគជ័យ ។
លោកទន់ ពៅ ចៅសង្កាត់កាចាញបានឲ្យដឹង នៅរសៀលថ្ងៃទី២១ខែតុលាឆ្នាំ២០១៦ថា ជំនួសមុខឲ្យប្រជាពលរដ្ឋក្នុងសង្កាត់កាចាញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច តេជោ ហ៊ុន សែន ដែលបានសម្រេចកាត់ដីសម្បទានសេដ្ឋកិច្ចក្រុមហ៊ុនអភិវឌ្ឍន៍ចំការកៅស៊ូឡាបានសៀក ជូនប្រជាពលរដ្ឋ ៥ភូមិនៅសង្កាត់កាចាញ។
លោក ចៅសង្កាត់បានចាត់ទុកចំណាត់ការ របស់សម្តេចតេជោ គឺឆ្លើយតបនឹងបំណងប្រាថ្មាចង់បានរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់កាចាញទាំងមូល ។
គួរបញ្ជក់ផងដែរថា ភាពចំរោងចំរ៉ាស់ដីធ្លីរវាងប្រជាពលរដ្ឋ ១២៦០គ្រួសារចំនួន៥ ភូមិក្នុងសង្កាត់កាចាញនឹងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចអភិវឌ្ឍន៍ ចំការកៅស៊ូឡាបានសៀកបានកើតឡើងជាច្រើនឆ្នាំមកហើយ។ ទើបតែនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ក្នុងដំណើរចុះសួរសុខទុកប្រជាពលរដ្ឋក្នុងខេត្តរតនគិរី របស់សម្តេចតេជោ ហ៊ុន សែន សម្តេចតេជោបានប្រកាសកាត់ដីពីក្រុមហ៊ុនខាងលើជូនប្រជាពលរដ្ឋ ១២៦០គ្រួសារក្នុងសង្កាត់កាចាញព្រមទាំងធ្វើប័ណ្ណកម្មសិទ្ធិជូនលើដីកាន់កាប់ជាក់ស្តែងជូនពួកគាត់ផងដែរ ៕ វុទ្ធឦសាន