ខេតត្តក្រចេះ៖ បុរសជាជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកស្នួល ចាប់ឃាត់ខ្លួន ខណៈដែលជននេះបានយកលុយដុល្លារចំនួន៣០សន្លឹក ដែលជាលុយក្លែងក្លាយ(លុយសែន)ទៅធ្វើចរាចរបន្លំភ្នែកជនរងគ្រោះម្នាក់ក្នុងជំនួញទិញលក់ឈើមួយនៅក្បែរព្រំដែន ក្នុងភូមិត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។
នគរបាលស្រុកស្នួលបាននិយាយថា ក្រដាស់លុយដុល្លារក្លែងក្លាយចំនួន៣០សន្លឹក ដែលនគរបាលបានកំណត់ថា ជាលុយក្លែងក្លាយ(លុយសែន) មានប្រភេទក្រដាស់១០ដុល្លារ និងក្រដាស់៥ដុល្លារ ចំនួន២១៥ដុល្លារ គឺត្រូវចាប់បង្ក្រាបបាន ពីជនសង្ស័យម្នាក់ ឈ្មោះ ផល ចិន្តាអាយុ២២ឆ្នាំ រស់នៅស្រុកស្នួល ដែលជនល្មើសមានចេតនាយកទៅទិញឈើ ពីជនរងគ្រោះម្នាក់ កាលពីថ្ងៃទី២០ ខែតុលា នៅក្បែរព្រំដែន ហើយ ត្រូវបញ្ជូនខ្លួនមកស្នងការដ្ឋានដើម្បីចាត់ការបន្តនៅថ្ងៃទី២១ ខែតុលា ក្រោយការឃាត់ខ្លួនសួរនាំបានមួយថ្ងៃ ។
អធិការនគរបាលស្រុកស្នួល លោក ចាន់ សុខគីម បានឱ្យដឹងថា ក្រោពីចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់នេះ បានប្រាប់សមត្ថកិច្ចថា លុយដុល្លារក្លែងក្លាយ(លុយសែន)ទាំងនេះ គឺរូបគេបានទិញពីផ្សារស្នួល ក្នុងតម្លៃ៧ពាន់រៀល និងបានយកប្រាក់ទាំងនេះទៅបន្លំទិញឈើពីជនរងគ្រោះម្នាក់នៅចំនុចខាងលើ ។ ជនសង្ស័ងបានបន្តថា ក្រោយពីរូបគេបានយកលុយក្លែងក្លាយនោះទៅទិញឈើ និងក៏បានដឹកឈើនោះទៅ លក់បានចំណេញលុយជិត២០ម៉ឺនរៀល ក៏ត្រូវបាននគរបាលស្រុកចាប់ខ្លួនតែម្តង ក្រោយពីបានទទួលពាក្យបណ្តឹង។
លោក កែវ សុខគៀន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថា ក្រោយការឃាត់ខ្លួនមកសាកសួរជនសង្ស័យ រួមទាំងវត្ថុតាងដែលដកហូត បានមានលុយដុល្លារ ក្លែងក្លាយជាច្រើនសន្លឹកនេះ ត្រូវបាននគរបាលស្រុកកសាងសំណុំ រឿងចាត់បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី២១ ខែតុលា ដើម្បីចាត់វិធនាការបន្ត ៕ កោះទ្រុង