ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញអ្នកមានទ្រព្យធនកំពុងចាក់ដីរំលោភយកប្រឡាយទឹកខាងមុខសំណង់បង្ហៀរទឹកចំណុចស្ពានតាផាន់ ក្រុងសិរីសោភ័ណ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រឡាយទឹកមួយកន្លែង ដែលជាចំណុចរំដោះទឹកជំនន់ដ៏សំខាន់ស្ថិតនៅខាងមុខសំណង់បង្ហៀរទឹកស្ពានតាផាន់ នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវគេមើលឃើញថា ឈ្មួញ អ្នកមានទ្រព្យធនកំពុងចាក់ដីរំលោភយកធ្វើជាកម្មសិទ្ធិ ខណៈដែលគេមើលឃើញទៀតថា ប្រឡាយទឹក និង ចំណីស្ទឹង បឹងបួរ មួយចំនួននៅក្រុងសិរីសោភ័ណកំពុងត្រូវបានក្រុមឈ្មួញ និងអ្នកមានទ្រព្យធនចាក់យកដីរំលោភធ្វើជាកម្មសិទ្ធិយ៉ាងអាណាធិបតេយ្យ គ្មានការទប់ស្កាត់ច្បាស់លាស់ពីសំណាក់អាជ្ញាធរដែនដី និងមន្ទីរជំនាញពាក់ព័ន្ធនៅឡើយនោះទេ ។

សកម្មភាពនៃការចាក់ដីរំលោភយកប្រឡាយទឹក និងចំណីស្ទឹង ត្រូវមជ្ឈដ្ឋានមហាជនលើកឡើងថា វាបង្កប៉ះពាល់ និងបញ្ហាប្រឈមបិទផ្លូវទឹករំដោះទឹកជំនន់មិនបាននៅពេលទឹកជំនន់កើតឡើងបណ្តាលឱ្យលិចលង់លំនៅឋានស្រូវស្រែចំការនិងបង្កប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ ។

ប្រភពព័ត៌មានពីពលរដ្ឋប្រាប់ឱ្យដឹងថា សកម្មភាពចាក់ដីរំលោភយកប្រឡាយទឹកចំណុចសំណង់បង្ហៀរទឹកស្ពានតាផាន់ ឈ្មួញបានធ្វើឡើងជាច្រើនខែមកហើយមិនតែប៉ុណ្ណោះ គេបានបោះបង្គោលជាស្រេចដើម្បីរំលោភយកធ្វើសំណង់រឹងរាំសម្រាប់ធ្វើអាជីវកម្មតែម្តង ។

ប្រឡាយទឹកចំណុចស្ពានតាផាន់ ត្រូវបានពលរដ្ឋប្រាប់ឱ្យដឹងទៀតជាប្រឡាយមួយយ៉ាងសំខាន់សម្រាប់រំដោះទឹកជំនន់ពីផ្នែកខាងលើ ចេញពីទំនប់កណ្តោល សង្កាត់ទឹកថ្លា ឱ្យទឹកហូរធ្លាក់ចូលស្ទឹងសិរីសោភ័ណ ឆ្ពោះទៅទន្លេសាប ។

ជុំវិញបញ្ហានេះអ្នកយកព័ត៌មានយើងនៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ បានទំនាក់ទំនង លោក យឹម ប៊ុនរុំ ប្រធានមន្ទីរ ធនធានទឹកខេត្តដើម្បីឱ្យជួយបំភ្លឺផងដែរ ប៉ុន្តែទូរស័ព្ទរបស់ លោកហៅចូល២ដង គ្មានការទទួលឆ្លើយតបនោះឡើយ។

ដោយឡែក លោក វ៉ាយ កេងលី អភិបាលក្រុងសិរីសោភ័ណ ប្រាប់អ្នកសារព័ត៌មានតាមទូរស័ព្ទឱ្យដឹងថា ការចាក់ដីនៅចំណុចនោះលោកមិនបានដឹងនោះទេ រងចាំលោកឱ្យមន្រ្តីជំនាញចុះទៅត្រួតពិនិត្យមើល។

សូមបញ្ជាក់ថា នៅក្រុងសិរីសោភ័ណនេះដែរ គេក៏សង្កេតឃើញថា ប្រព័ន្ធប្រឡាយសម្រាប់រំដោះទឹក ជំនន់តាមដងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ ៦ នៅតាមចំណុចមួយចំនួន ក៏កំពុងរងការចាក់ដីលប់រំលោភយកធ្វើជាកម្មនោះផងដែរ ។ ខណៈដែលនៅចំណុចប្រឡាយទឹក ស្ពានទី២បឹងឈូក ផ្លូវជាតិលេខ៦ ក៏កំពុងរងការចាក់ដីរំលោភយកចំណីប្រឡាយទឹកធ្វើជាកម្មសិទ្ធិហើយប្រឡាយទឹកដែលមានទំហំធំ ត្រូវគេមើលឃើញថា កាន់តែរួមតូចទៅៗនោះផងដែរ ។ ក្រោយពីចំណុចប្រឡាយទឹកស្ពានទី១ សង្កាត់កំពង់ស្វាយ ឈ្មួញបានចាក់ដីរំលោភយកធ្វើកម្មសិទ្ធិ ប៉ុន្តែត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យចុះទៅហាមឃាត់ទាន់ពេលវេលាកាលពីកន្លងទៅថ្មីៗនេះ ៕ សំ វិច្ឆិកា

img_7240 img_7233 img_7234 img_7235 img_7236 img_7237 img_7238 img_7239


ចែករំលែក៖