ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្តីជាន់ខ្ពស់​ CDC៖​ រាជរដ្ឋាភិបាលកំពុងខិតខំប្រឹងប្រែងដើម្បីចាកចេញពី (LDC) ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកំពុងបន្តខិតខំប្រឹងប្រែង ជាពិសេសការរក្សានិរន្តរភាពនៃជំនួយ អភិវឌ្ឍន៍ ការពង្រឹងសមត្ថភាពប្រកួតប្រជែង ការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់ផលិតភាព និងការធ្វើឱ្យប្រសើរឡើងនៃស្ថាប័ន សាធារណៈ ដើម្បីចាកចេញពី (LDC) ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។

កាលថ្លែងបែបនេះ​របស់​អនុប្រធានទី២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ បានធ្វេីឡេីង​នាឱកាស​ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយជាមួយលោក Thomas Rachel សមាជិកគណៈកម្មាធិការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ នៃសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២៦ម្សិលមិញនេះ​ ដោយ​មានការអញ្ជើញចូលរួមពី លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា និងសហការី។ 

ក្នុងជំនួបនោះលោកទេសរដ្ឋមន្ត្រី ឈៀង យ៉ាណារ៉ា​ បានលើកឡើពីការ ត្រៀមខ្លួនរបស់កម្ពុជាក្នុងការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នាឆ្នាំ២០២៩ ដែលជាសមិទ្ធផលដ៏មានសារៈ សំខាន់ និងជាការទទួលស្គាល់ជាអន្តរជាតិ ប៉ុន្តែកម្ពុជានៅតែប្រឈមនឹងបញ្ហាប្រឈមមួយចំនួន ដែលតម្រូវឱ្យរាជរដ្ឋាភិបាលកំពុង បន្តខិតខំប្រឹងប្រែង ជាពិសេសការរក្សានិរន្តរភាពនៃជំនួយអភិវឌ្ឍន៍ ដូចជាដៃគូជាមួយអាល្លឺម៉ង់ជាដើម ក្នុងការបន្តផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការ (មិនមែនជាហិរញ្ញប្បទានពាណិជ្ជកម្ម), ការពង្រឹងសមត្ថភាពប្រកួតប្រជែង, ការអភិវឌ្ឍធនធានមនុស្ស, ការលើកកម្ពស់ ផលិតភាព និងការធ្វើឱ្យប្រសើរឡើងនៃស្ថាប័នសាធារណៈជាដើម។

ជាមួយគ្នានោះ​ លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា​ ជុំវិញការបន្តជំរុញលើកកម្ពស់ភាពប្រកួតប្រជែងវិញ, រាជរដ្ឋភិបាលកម្ពុជាដែលមានការគាំទ្រ ពីអាល្លឺម៉ង់ បានអនុវត្តគម្រោងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជា (ICONE) ដែលទទួលបានលទ្ធផលគួរឱ្យកត់ សម្គាល់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅកម្ពុជាដូចជា ការពង្រឹងភាពប្រកួតប្រជែងរបស់សហគ្រាស, ការលើកកម្ពស់ផលិតភាព, ការជំរុញនវានុវត្តន៍ និងការពង្រឹងសេវាគាំទ្រអាជីវកម្ម។​

ជាការឆ្លើយតប លោក Thomas Rachel បានគូសបញ្ជាក់សារជាថ្មី នូវការបន្តការប្ដេជ្ញាចិត្តររបស់រដ្ឋាភិបាលអាល្លឺម៉ង់ ក្នុងការ គាំទ្ររាជរដ្ឋាភិបាលកម្ពុជា នៃការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។​

ជុំវិញការចាកចេញពី (LDC) អ្នកជំនាញសេដ្ឋកិច្ច គឺលោកបណ្ឌិត ហុង វណ្ណៈ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរាជបណ្ឌិតសភា កម្ពុជា លើកឡើងថា នៅប៉ុន្មានទស្សវត្សចុងក្រោយមកនេះឃើញថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដោយឈានទៅសម្រេចបាននូវដំណាក់កាលថ្មីៗជាបន្តបន្ទាប់ ជាពិសេសការសម្រេចបាននៃកំណើនសេដ្ឋកិច្ច និងកម្រិតជីវភាព ប្រជាជនកាន់តែប្រសើរ និងការឆ្លុះបញ្ចាំងនៃការកើនឡើងផលិតផលក្នុងស្រុកជាដើម ដែលជាសមិទ្ធិសម្រាប់ការ​ចាកចេញពី (LDC) របស់កម្ពុជា, តែទោះបីយ៉ាងណា កម្ពុជាបាននិងកំពុងជួបបញ្ហាប្រឈមជាច្រើន ដែលត្រូវត្រួសត្រាយសម្រាប់ការដើរចេញពី ចំណាត់ក្រុម ប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នាឆ្នាំ២០២៩ ខាងមុខនេះ៕ដោយ​៖តារា​

 

 


ចែករំលែក៖