ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ចោរជើងខ្លាំងខាងឆក់កាបូប និងកាច់សោម៉ូតូម្នាក់នៅក្រុងទេសចរណ៍អង្គរ

ចែករំលែក៖

ខេត្តសៀមរាប៖ នៅទីបំផុត ជនសង្ស័យម្នាក់ដែលល្បីថា ជាជើងខ្លាំងខាងឆក់កាបូប និងកាច់សោម៉ូតូដ៏សកម្មនៅក្នុងក្រុងទេសចរណ៍សៀមរាបនិងតាមបណ្តាខេត្តផ្សេងៗត្រូវបានកម្លាំងសតម្ថកិច្ចធ្វើការស្រាវជ្រាវនិងចាប់ឃាត់ខ្លួនបាន យកទៅកសាងសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីវិនិឆ័យតាមច្បាប់។

ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យធ្វើឡើងនៅវេលាម៉ោង១៩និង៤០នាទី ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលោកតាណឺយសង្កាត់សាលាកំរើក ក្រុងសៀមរាប ។ លោកវរសេនីយ៍ត្រី នួន សក្តិ៍ចំរើនរិទ្ធ អធិការរងក្រុងសៀមរាបបានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យខាងលើនេះ យោងតាមពាក្យបណ្តឹងរបស់ពលរដ្ឋដែលរងគ្រោះទើបសមត្ថកិច្ច បានស្រាវជ្រាវនឹងកំណត់មុខសញ្ញានេះបាន ។

លោកបានបន្តថា៖ រហូតដល់ថ្ងៃទី២០ខែតុលាឆ្នាំ២០១៦វេលាម៉ោង១៩និង៤០នាទី នៅចំណុចបណ្តោយផ្លូវលោកតាណឺយ សមត្តកិច្ចព្រហ្មទណ្ឌក្រុងសៀមរាបបានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យនេះបានតែម្តង ។ នៅចំពោះមុខសមត្តកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូខាងលើនេះពិតប្រាកដមែន ។

លោកបន្តថា ជនសង្ស័យមាន ឈ្មោះ បៀវ ពន្លឺ ហៅ អាលី អាយុ១៨ឆ្នាំ មុខសញ្ញា ឆក់កាបូបនឹងកាច់សោកម៉ូតូយ៉ាងសកម្មមានទីលំនៅមិនពិតប្រាកដមានស្រុកកំណើតនៅឃុំត្បែងស្រុកកំពង់ស្វាយខេត្តកំពង់ធំ ។ ការចាប់ខ្លួននេះ ធ្វើបន្ទាប់ពីធ្វើសកម្មភាពកាច់សោរលួចយកម៉ូតូចំនួន០១គ្រឿង កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ ២០១៦។

ជនសង្ស័យដដែលនេះ ក៍ធ្លាប់បានធ្វើសកម្មភាពឆក់កាបូបភ្ញៀវបរទេសនៅចំណុចផ្លូវក្លឹបសុខសាន្តសង្កាត់ស្វាយដង្គុំបានទូរស័ព្ទអាយហ្វូនសិចមួយគ្រឿង និងលុយចំនួនជិត២០០ដុល្លារផងដែរ ជាមួយបក្ខពួកគេ២នាក់ទៀត មានឈ្មោះ ពោតជាភេទប្រុស នឹងឈ្មោះ ទឹម សំ ភេទប្រុសអាយុស្របាលគ្នាកាលពីថ្ងៃទី០៨ខែកក្កដាឆ្នាំ២០១៦(បច្ចុប្បន្នឃុំខ្លួននៅពន្ធនាគារ) ។

លោកបន្ថែមថា៖នៅថ្ងៃខែឆ្នាំដដែលនោះ ស្ថិតនៅចំនុចជិតរង្វង់មូលផ្លូវ៦០ម៉ែត្រ កំលាំងសមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាល បានប្រទះឃើញមុខសញ្ញាសង្ស័យខាងលើជិះម៉ូតូមួយគ្រឿងធុនហុងដា C១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ក៏សុំត្រួតពិនឹត្យ ក៏ប៉ុន្តែជនសង្ស័យ ក៏បានបន្ថែមល្បឿន ជិះគេចខ្លួនដល់ចំណុចខាង ជើងវត្តត្រាំនាគ ក៏ផ្តួលម៉ូតូចោលរួចរត់ចូលព្រៃបាត់ ប៉ុន្ដែនៅថ្ងៃទី២០ ខែតុលា ទើបសមត្ថកិច្ចចាប់ខ្លួនបាន ។

លោកបន្ថែមថា៖ សមត្ថកិច្ចបានយកម៉ូតូខាងលើមករក្សាទុក នឹងស្រាវជ្រាវរកម្ចាស់ទើបបានដឹងថា ម៉ូតូនេះជារបស់ ឈ្មោះ ជា សុភាព ភេទស្រី អាយុ ៥៥ឆ្នាំ ទីលំនៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបានបាត់កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១៣:១០នាទី នៅជឹតហាងលក់សំលៀកបំពាក់លឹម ហេងភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ។

លោកបន្ថែមទៀតថា៖យោងតាមលទ្ធផលតេស្តរកសារជាតិញៀនជនសង្ស័យក៏ជាប់ពាក់ព័ន្ទនឹងការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនផងដែរ ។

បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាង ត្រូវបានគរបាលផ្នែកព្រហ្មទណ្ឌ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាម និតិវិធីច្បាប់ ។ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការប្រគល់ទទួលជូនជនរង គ្រោះយកទៅប្រើប្រាស់វិញហើយ ៕ ជានិរន្ដរ៍

33 12


ចែករំលែក៖