ភ្នំពេញ ៖ ជារៀងរាល់ឆ្នាំគេតែងអង្កេត ឃើញបងប្អូនប្រជាពលរដ្ឋក៏ដូចជាមន្ត្រី រាជការតាមមន្ទីរ ក្រសួងនានាតែងតែមូល មតិគ្នាផ្តួចផ្តើមធ្វើបុណ្យកឋិនទានដើម្បីប្រមូលបច្ច័យយកទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងគោលបំណងភ្ជាប់និស្ស័យផលបុណ្យទៅជាតិខាងមុខ។
មហាឧបាសិកា អឹុង ហ៊ុយហួង ហៅ ម៉ៅហួង ព្រមទាំងកូននិងចៅបានផ្តួចផ្តើម មូលមតិគ្នាធ្វើបុណ្យកឋិនទានមួយដង្ហែទៅវេរប្រគេនដល់ព្រះសង្ឃដែលគង់នៅក្នុង ព័ទ្ធសីមានៃវត្តពោធិ៍អង្គម្រេញ ស្ថិតនៅក្នុង ភូមិត្រពាំងស្មាច់ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាលដើម្បីបន្តការសាងសង់សាលាឆាន់មួយខ្នងដែលកំពុងមានការខ្វះ ខាតជាច្រើន។
ក្នុងពិធីធ្វើបុណ្យកឋិនទានខាងលើនេះ មហាឧបាសិកា អឹុង ហ៊ុយហួង ព្រមទាំង កូនចៅបានធ្វើទានដោយចែកជូនដល់ ចាស់ជរា ជនទីទ័លក្រចំនួន២១គ្រួសារ ដោយមួយគ្រួសារទទួលបានអង្ករនិងគ្រឿងឧបភោគបរិភោគផ្សេងៗនិងថវិកាមួយចំនួនទៀតផងដែរ។
ពិធីបុណ្យកឋិនទានខាងលើនេះបានធ្វើពិធីសូត្រមន្តនៅរសៀលថ្ងៃទី២២ ខែ តុលា ឆ្នាំ២០១៦ និងដង្ហែទៅកាន់វត្តពោធិ៍អង្គម្រេញនៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ ដើម្បី វេរប្រគេនដល់ព្រះសង្ឃ។
មហាឧបាសិកាអឹុង ហ៊ុយហួង ព្រម ទាំងកូនចៅបានឲ្យដឹងថា ថវិកានិងទេយ្យ ទានទាំងអស់ដែលបានមកពីសប្បុរសជនក៏ដូចជាបងប្អូនប្រជាពលរដ្ឋ៥០ភាគរយនឹង យកទៅប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយដល់កុមារកម្ពុជាហើយ៥០ភាគ រយទៀតនឹងយកទៅវេរប្រគេនដល់ព្រះសង្ឃដើម្បីចាត់ចែងប្រើប្រាស់ទៅតាមតម្រូវការចាំបាច់ ៕ អរុណរះ