ខេត្តបន្ទាយមានជ័យ៖ កម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំ និងសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ កាលពីថ្ងៃម្សិលមិញ បានចុះត្រួតពិនិត្យទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ចំនួន ៣ទីតាំង នៅក្រុងប៉ោយប៉ែត។
លទ្ធផលប្រតិបត្តិការមានដូចតទៅ៖
ទីតាំងទី១ អគារកម្ពស់ ៤ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ រកឃើញជនជាតិឥណ្ឌូនេស៊ី ៥៨នាក់ (ស្រី ៩នាក់) មិនមានសញ្ញាណពាក់ព័ន្ធបទល្មើស Online Scams ទេ។
ទីតាំងទី២ អគារ Resident AGB កម្ពស់ ៨ជាន់ រកឃើញជនបរទេស ១៩នាក់ ក៏មិនមានសញ្ញាណពាក់ព័ន្ធបទល្មើសដូចគ្នា។
ទីតាំងទី៣ អគារឡាសវេហ្គាស កម្ពស់ ២ជាន់ រកឃើញមនុស្ស ១២៤នាក់ មិនពាក់ព័ន្ធបទល្មើស Online Scams ប៉ុន្តែបានរកឃើញសារធាតុញៀនមួយចំនួន។
ជនបរទេសនៅទីតាំងទី១ និងទី២ ត្រូវបានប្រគល់ជូនផ្នែកអន្តោប្រវេសន៍ ដើម្បីបន្តនីតិវិធី ខណៈជនពាក់ព័ន្ធនៅទីតាំងទី៣ ត្រូវបានប្រគល់ឲ្យមន្ទីរប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមផ្លូវច្បាប់។
អាជ្ញាធរបញ្ជាក់ថា ប្រតិបត្តិការនេះអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ ដើម្បីបង្ការ និងបង្រ្កាបបទល្មើសបច្ចេកវិទ្យា និងធានាសន្តិសុខសង្គម៕ជ្រោយពេជ្រ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច