រដ្ឋាភិបាលប្រទេសអាមេរិកបានបញ្ជូនឧបការីរដ្ឋមន្ត្រីការបរទេសមួយរូបឲ្យមកកាន់ប្រទេសចំនួន៣នៅតំបន់អាស៊ី គឺប្រទេសកម្ពុជា ថៃ និងហ្វីលីពីន ។ នេះបើតាមគេហទំព័រក្រសួងការបរទេសអាមេរិកផ្សព្វផ្សាយថ្ងៃទី២៤ ខែតុលា ។
លោក Daniel Russel ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកតំបន់អាស៊ីភាគខាងកើតធ្វើដំណើរមកកាន់ហ្វីលីពីនដំបូងគេដើម្បីពិភាក្សាបញ្ហាដែលថា ប្រទេសនេះបានកាត់ផ្តាច់ទំនាក់ទំនងជាមួយអាមេរិក ដែលថ្លែងដោយប្រធានាធិបតី Rodrigo Duterte អំឡុងពេលទស្សនកិច្ចទៅកាន់ប្រទេសចិនកុម្មុយនីស្តពេលថ្មីៗកន្លងមក ។
នៅថ្ងៃចន្ទ ទី២៤ តុលា លោក Daniel Russel ពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសក្រុងម៉ានីលពាក់ព័ន្ធបញ្ហាទំនាក់ទំនងមិត្តភាពទ្វេភាគី ហើយរហូតដល់ថ្ងៃអង្គារ លោក Daniel Russel បន្តដំណើរទៅកាន់ប្រទេសថៃ ។ នៅប្រទេសថៃ លោកនឹងចូលការរំលែកទុក្ខនៃការសោយទិវង្គតព្រះមហាក្សត្រភូមិបុល អាឌុលយ៉ាដែត, ជួបជាមួយមន្ត្រីជាន់ខ្ពស់ថៃ និងពិភាក្សាបញ្ហាទំនាក់ទំនងទ្វេភាគី អាមេរិក-ថៃ ផងដែរ ។
ដោយឡែក បន្ទាប់ពីចាកចេញពីប្រទេសថៃ លោក Daniel Russel នឹងបន្តដំណើរមកកាន់ទឹកដីកម្ពុជាជួបជាមួយមន្ត្រីគណបក្សនយោបាយ អង្គការសង្គមស៊ីវិល និងថ្លែងសុន្ទកថាទៅកាន់ក្រុមយុវជន YSEALI ផងដែរ ៕ ថាច់ យ៉ាត