ភ្នំពេញៈកម្មករសំណង់ការដ្ឋានក្រឡុកស៊ីម៉ង់ត៍ពីរនាក់ក្រោយពីផឹកស៊ីស្រវឹង ចង់សាកក្បាច់គុនយកខ្លាំងរៀងៗខ្លួន ហើយទីបំផុតអ្នកក្បាច់គុនអន់ត្រូវ៣ញញួរបែកក្បាលរបួសធ្ងន់ ឯអ្នកក្បាច់គុនខ្លាំងជាប់ខ្នោះនគរបាល ។
ហេតុការណ៍ នេះកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី២៣ខែតុលា ឆ្នាំ ២០១៦ស្ថិតនៅការដ្ឋានក្រឡុកស៊ីម៉ងត៍មួយកន្លែងនៅ ផ្លូវ បេតុងភូមិតាឡីសង្កាត់ដង្កោខណ្ខដង្កោរាជធានីភ្នំពេញ។
ប្រភពនៅ កន្លែង កើត ហេតុ បានឲ្យដឹងថាមុនពេលកើតហេតុ គឺក្រោយពីសម្រាកការងារមានកម្មករក្រឡុកស៊ីម៉ង់ត៍នៅការដ្ឋានខាងលើ ៥នាក់បាននាំគ្នាផឹកស៊ីស្រាថ្នាំអស់ប្រហែល៣លីត្រ។លុះពេលស្រវឹងស្រារៀងៗខ្លួន៣នាក់បានទៅរកកន្លែងដេកយកកម្លាំង នៅសល់តែបុរសពីរនាក់ខាងលើបានទាស់សម្តីគ្នាហើយចង់សាកល្បងក្បាច់គុនដាក់គ្នាដោយពេលនោះគេឃើញជនរងគ្រោះបានបបួលជនដៃដល់សាកក្បាច់គុនជាមួយគ្នាហើយចេះតែនិយាយច្រំដែលៗ ថា បើហ្អែង ចិត្តសឿងសាកក្បាច់គុនជាមួយអញ! ការនិយាយច្រំដែលៗបែបនេះធ្វើឲ្យយុជនចិត្តសឿងទ្រាំលែងបានក៏ស្ទុះទៅទាញបានញញួរដែកមួយស្ទុះទៅវាយចំក្បាលជនរងគ្រោះបីញញួរបណ្តាលឲ្យផុងលាដ៍ក្បាល រងរបួសក្បាលធ្ងន់ធ្ងរត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាព ខ្មែរ-រុស្ស៊ី ភ្លាមៗ ។ ចំណែកជនដៃដល់បានរត់គេចខ្លួនអស់រយះពេលជាង៦ម៉ោងរហូតដល់រំលងពាក់កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០១៦ បានត្រឡប់មកកន្លែងកើតហេតុវិញ ដើម្បីមកយករបស់របរនិងលិខិតឆ្លងដែនរបស់ខ្លួនបម្រុងរត់គេចខ្លួនទៅប្រទេសថៃ តែត្រូវបានក្រុមកម្មករសំណង់នៅក្នុងការដ្ឋាននេះឃើញទាន់នាំគ្នាពទ័្ឋចាប់យកទៅប្រគល់ឲ្យសមត្ថកិច្ចភ្លាមៗតែម្តង ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោ បានឲ្យដឹងថាជនដៃដល់មានឈ្មោះ តី ទីន ភេទប្រុសអាយុ២៤ឆ្នាំ មុខរបរកម្មករសំណង់ស្នាក់នៅក្នុងកាដ្ឋានខាងលើ ចំណែកជនរងគ្រោះមានឈ្មោះ ប៉ុល សារឿង ភេទប្រុស អាយុ៤២មុខរបរកម្មករសំណង់ស្នាក់នៅការដ្ឋានសំណង់ជាមួយគ្នា។
បច្ចុប្បន្នជនជនដៃដល់ខាងលើត្រូវបានឃុំខ្លួនបណ្ដោះអាសន្ននៅអធិកាដ្ឋាននគរបាលខណ្ខដង្កោដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការចាត់ការតាមនិតីវិធី ៕ ប្រាថ្នា