ខេត្តកណ្តាល÷ស្ត្រីម្នាក់ត្រូវបានរថយន្តមិនស្គាល់អត្តសញ្ញាណកិនស្លាប់យ៉ាងអាណោចអាធ័ម ចំណែកឯប្ដី និងកូនប្រុសតូចរងរបួស បន្ទាប់ពីម៉ូតូរបស់ពួកគេបានរអិលចំណោទផ្លូវពេលមេឃកំពុងភ្លៀងធ្លាក់ខ្លាំង បណ្ដាលឲ្យខ្ទាតជនរងគ្រោះចូលក្រោមកង់រថយន្ត ហើយភាគីរថយន្តបង្កបានបើករត់គេចបាត់ស្រមោល។ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីថ្ងៃទី១៤ មិថុនា ២០២៦ វេលាម៉ោង ១៧ និង២០នាទី នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៥៨ និង ៥៩ ស្ថិតក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។
លោកវរសេនីយ៍ឯក អាំ ធូ អធិការនគរបាលស្រុកលើកដែក បានឲ្យដឹងថា ជនរងគ្រោះជាប្ដី និងជាអ្នកបើកបរម៉ូតូមានឈ្មោះ ទុំ វាសនា ភេទ ប្រុស អាយុ៤២ឆ្នាំ រងរបួសធ្ងន់ ចំណែកប្រពន្ធដែលស្លាប់មានឈ្មោះ គឹម ហាន ភេទ ស្រី អាយុ៣៦ឆ្នាំនិងកូនប្រុសមានឈ្មោះ ឡៃ វរៈបុត្រ ភេទប្រុស អាយុ ៤ឆ្នាំ រងរបួសស្រាល។ ជនរងគ្រោះទាំង៣នាក់ មានទីលំនៅភូមិដូនព្រះ ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ដោយឡែក ម៉ូតូរបស់ជនរងគ្រោះម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1M 7103។
លោកអធិការបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់ បានជិះម៉ូតូឌុបគ្នាធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង (អ្នកលឿងទៅភ្នំពេញ)។ លុះពេលមក ដល់ចំណុចកើតហេតុ ដោយសារមេឃកំពុងភ្លៀងធ្លាក់ខ្លាំង ម៉ូតូក៏បានរអិលចំណោទផ្លូវខ្ពស់ទាប បណ្ដាលឲ្យខ្ទាតស្ត្រីជាប្រពន្ធចូលទៅក្រោមកង់រថយន្តមិនស្គាល់អត្តសញ្ញាណកិនស្លាប់នៅនឹងកន្លែងកើតហេតុ។ ភ្លាមៗនោះ រថយន្តបង្កបានបើកគេចចេញពីទីតាំងបាត់ ស្រមោល មុនពេលកម្លាំងសមត្ថកិច្ចចុះទៅដល់។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ និងហៅរថយន្តសាមុយដឹកជនរងគ្រោះជាឪពុក និងកូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ព្រមទាំងបានប្រគល់សពស្ត្រីរងគ្រោះជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូដែលរងការខូចខាតស្រាល ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកលើកដែក។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមស្វែងរកអ្នកបើកបររថយន្ត ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់ ខណៈការសន្និដ្ឋានបឋមគឺករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូខ្វះការប្រុងប្រយ័ត្នពេលមេឃកំពុងភ្លៀងរអិលចំណោទផ្លូវ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច