ភ្នំពេញ៖ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ហៅកាត់ថា សារមន្ទីរ ស.ស.រ) នាថ្ងៃទី២១ មិថុនា បានប្រកាសបើកសម្ពោធជាផ្លូវការ នូវពិព័រណ៍មិនអចិន្ត្រៃយ៍ មានចំណងជើងថា «អង្កេតលើវាក្យសព្ទ៖ ពេលភាសាខ្មែរជួបភាសាបារាំង» ដែលអាចឱ្យពលរដ្ឋចូលរួមដោយឥតគិតថ្លៃ ។ ពិព័រណ៍នេះ នឹងផ្តោតទៅលើប្រវត្តិសាស្ត្រ និងភាសាវិទ្យា ដែលអ្នកទស្សនាអាចឈ្វេងយល់ពីរបៀបនៃការប្រើប្រាស់ ការទទួលយក បំប្លែង ការកែសម្រួល និងការបង្កើតឡើងវិញនូវពាក្យភាសាបារាំង។
ពិព័រណ៍នេះ បានដាក់សម្ពោធឱ្យទស្សនាជាផ្លូវការ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី ព្រមទាំងវត្តមាន នៃព្រះរាជវង្សានុវង្ស មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល អង្គទូត និងតំណាងមកពី វិស័យវប្បធម៌ អប់រំ និងវិស័យឯកជននានា។
ពិធីសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ក្រោមចំណងជើង “អង្កេតលើវាក្យសព្ទ៖ ពេលភាសាខ្មែរជួបភាសាបារាំង ” នៃសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន របស់ធនាគារជាតិនៃកម្ពុជា
បើតាមលោក សាស្រ្តាចារ្យ ហ្សង់ មីសែល ហ្វីលីពី អ្នកជំនាញផ្នែកភាសាវិទ្យា និងជាអ្នកពិនិត្យខ្លឹមសារពិព័រណ៍ផ្នែកវិទ្យាសាស្រ្តបានបញ្ជាក់ថា ពិព័រណ៍ «អង្កេតលើវាក្យសព្ទ» នេះ ផ្តល់ជូននូវការសិក្សាឈ្វេងយល់ដ៏ស៊ីជម្រៅ អំពីទំនាក់ទំនងរវាងភាសាខ្មែរ និងភាសាបារាំង។ ពិព័រណ៍នេះ បានបង្ហាញពីរបៀបនៃការប្រើប្រាស់និងការបញ្ចូលមកក្នុងភាសាខ្មែរ នូវវាក្យសព្ទជាច្រើនដែលមានដើមកំណើតពីភាសាបារាំង ក៏ដូចជាឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរវប្បធម៌អស់រយៈពេលជាងមួយសតវត្សរ៍ រវាងប្រទេសកម្ពុជា និងប្រទេសបារាំង។
លោកស្រីបណ្ឌិត ជា សិរី បានមានប្រសាសន៍ថា៖ «សារមន្ទីរ ស.ស.រ. បានចូលរួមចំណែកយ៉ាងពេញលេញក្នុងការអបអរសាទរហ្រ្វង់កូហ្វូនី នាឆ្នាំនេះ ក្នុងឱកាសដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលប្រទេសនិយាយភាសាបារាំង នៅក្នុងខែវិច្ជិកាខាងមុខនេះ»។
ពិព័រណ៍នេះត្រូវបានរៀបចំឡើងជាភាសាខ្មែរ និងភាសាបារាំង ដែលរួមបញ្ជូលនូវ ផ្ទាំងរៀបរាប់ខ្លឹមសារ បណ្ណសារជាសម្លេង ភាពយន្ត វត្ថុតាំង និងការរចនាពិព័រណ៍មួយ ដែលទទួលបានការបំផុសគំនិតពីសង្គមកម្ពុជា នាសម័យសង្គមរាស្ត្រនិយម។ បទពិសោធន៍បែបអន្តរកម្មនេះ ផ្តល់ឱកាសឱ្យអ្នកទស្សនាសាកល្បងចំណេះដឹងរបស់ខ្លួន និងឈ្វេងយល់ពីយន្តការនៃការប្រើប្រាស់ពាក្យ។ លើសពីនេះទៅទៀត អ្នកទស្សនាអាចចូលរួមច្រៀងកម្សាន្តខារ៉ាអូខេ បានទាំងជាភាសាខ្មែរ និងភាសាបារាំងបានទៀតផង។
គូរបញ្ជាក់ថា ពិព័រណ៍ « អង្កេតលើវាក្យសព្ទ៖ ពេលភាសាខ្មែរជួបភាសាបារាំង » រៀបចំឡើងនៅលើបរិវេណអតីតអគារធនាគារឥណ្ឌូចិន, ផ្លួវលេខ១៣ កែងផ្លូវ១០៦ ចាប់ពីថ្ងៃអង្គារ ដល់ថ្ងៃអាទិត្យ ពីម៉ោង ៩:០០ព្រឹក – ៦:០០ល្ងាច ចូលទស្សនាដោយឥតគិតថ្លៃ។
ពិព័រណ៍មិនអចិន្ត្រៃយ៍នៅសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (SOSORO) នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
១) បង្ហាញពីការវិវឌ្ឍនៃវាក្យសព្ទសេដ្ឋកិច្ច និងរូបិយវត្ថុ៖ ឆ្លុះបញ្ចាំងពីប្រវត្តិសាស្ត្រ និងការរីកចម្រើននៃភាសាខ្មែរ ក្នុងការបង្កើត និងបង្កើតថ្មីនូវពាក្យបច្ចេកទេសក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងធនាគារ តាមរយៈអន្តរកម្មជាមួយភាសាបារាំង រហូតមកដល់បច្ចុប្បន្ន។
២) ការអប់រំ និងការស្រាវជ្រាវបែបប្រវត្តិសាស្ត្រ៖ ផ្តល់ជាប្រភពចំណេះដឹង និងការយល់ដឹងជាសាធារណៈ ជាពិសេសសម្រាប់សិស្ស និស្សិត និងអ្នកស្រាវជ្រាវ ឱ្យបានយល់ដឹងពីរបៀបដែលភាសាទាំងពីរបានជះឥទ្ធិពល និងបំពេញឱ្យគ្នាទៅវិញទៅមក ក្នុងបរិបទនយោបាយ សង្គម និងពាណិជ្ជកម្ម។
៣) ការអបអរសាទរចំណងមិត្តភាព និងវប្បធម៌៖ ចូលរួមចំណែកក្នុងការបង្ហាញពីទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរអង្វែងរវាងកម្ពុជា និងបារាំង ព្រមទាំងការគាំទ្រដល់សហគមន៍និយាយភាសាបារាំង (Francophonie)៕

ដោយ៖តារា
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច