ខេត្រក្រចេះ៖ ឈើអារលេខ១សុក្រំរមានចំនួន១រយសន្លឹក មានមុខកាត់ធំៗ ដែលក្រុមឈ្មួញយកមកគរលាក់ទុក នៅខាងក្រោយផ្ទះពលរដ្ឋ ក្នុងភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានក្រុមស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ អាវុធហត្ថលើផ្ទៃប្រទេស សហការ ជាមួយអាវុធហត្ថស្នាក់ការសន្តិសុខ ៧០៨ រួមនិងជាមួយមន្ត្រីរដ្ឋបាលព្រៃឈើសណ្តាន់ ចាប់បង្ក្រាបហើយដឹកយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ ដើម្បីបន្តនីតិវិធី ។
យុទ្ឋនាការចុះបង្ក្រាបបទល្មើលព្រៃឈើ របស់ក្រុមសមត្ថកិច្ចបានធ្វើឡើងពេញមួយថ្ងៃទី២៥ ខែតុលា គឺសមត្ថកិច្ចមិនបានចាប់ឃាត់ខ្លួនជន ដែលជាពាក់ពន្ឋនឹងករណីជំនួឈើខុសច្បាប់នោះទេ ក្នុងនោះសមត្ថកិច្ចបានចាប់រឹកអូសឈើអារសុក្រំលេខមួយចំនួន ១រយសន្លឹក ដែលក្រុកឈ្មួញយកមកលាក់ទុក ហើយក្រោងនឹងដឹកជញ្ជូនបន្តទៅលក់នៅប្រទេសវៀតណាម ។
យ៉ាងណាក៏ដោយ គេសង្កេតឃើញថា មានរយៈពេលជាង១ខែមកហើយ ក្រោយពីក្រុមស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើអាវុធហត្ថលើផ្ទៃប្រទេស បានទទួលបេសកម្មចុះបង្ក្រាបបទល្មើសព្រៃឈើនៅភូមិភាគឥសាន្ត គឺមានឈើអាររាប់សឹបម៉ែត្រគូបត្រូវបានចាប់បង្ក្រាប ចំណែកសកម្មភាពនៃការដឹកជញ្ជូនឈើ តាមរថយន្តគ្រប់ប្រភេទ ឆ្លងដែនទៅលក់នៅប្រទេសវៀតណាម ក៏បានស្ងប់ស្ងាត់ ។
ប្រភពបានឱ្យដឹងថា ឈើអារសុក្រំលេខ១ ដែលក្រុមសត្ថកិច្ចចុះបង្ក្រាប គឺក្រុមឈ្មួញបានធ្វើសកម្មភាពអារជ្រៀក នៅក្នុងព្រៃក្នងខេត្តមណ្ឌលគិរី ហើយបានដឹកជញ្ជូនតាមគោយន្តកន្ត្រៃ យកមកគរទុកនៅតំបន់ខាងលើ ដោយរងចាំឪកាសល្អក្រុមឈ្មួញនឹងដឹក ជញ្ជូនបន្តឆ្ពោះទៅស្រុកមេម៉ត់ខេត្តត្បូងឃ្មុំ យកទៅលក់នៅប្រទេសវៀតណាម ។
មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើសណ្តាន់ បានឱ្យដឹងថា ក្រោយពីចាប់បង្ក្រាបឈើទាំងនេះត្រូវបានដឹកជញ្ជូន យកមករក្សាទុកនៅសង្កាត់ ហើយឈើទាំងនេះសុទ្ឋសឹងជាឈើអារលេខ១សុក្រំ មានចំនួន១រយសន្លឹក ស្មើនិងជាង៣ម៉ែត្រគូប៕ កោះទ្រុង