ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថ​ខេត្តស្ទឹងត្រែង បង្ក្រាប​ករណី​ដឹក​ជញ្ជូន​គ្រឿងញៀនឆ្លងដែនទម្ងន់៣៧គីឡូក្រាម នៅតាមភូមិសាស្ត្រ​​ទន្លេមេគង្គ

ចែករំលែក៖

ខេត្តស្ទឹងត្រែង÷ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង ដឹកជញ្ជូនគ្រឿងញៀនដ៏​ធំ​មួយ ដោយ​ដកហូត​បាន​សារធាតុ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ជិត ៣៨​គីឡូក្រាម នៅ​ចំណុច​កន្ទុយ​កោះ​ហឹប ភូមិ​កោះ​ហឹប ឃុំ​អូរស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។

ប្រតិបត្តិការ​បង្ក្រាប​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ២១​:២០​នាទី​(យប់) ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៦ ដោយ​កម្លាំង​កងរាជអាវុធហត្ថ ស្នាក់​ការ​សន្តិសុខ​លេខ៧៤៧ ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ លោក ឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​កម្លាំង​មន្ទីរ​បរិស្ថាន​ខេត្ត ក្នុង​កិច្ច​ប្រតិបត្តិការ​ស្ទាក់​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​នៅ​តាម​ភូមិសាស្ត្រ​ដង​ទន្លេមេគង្គ​។

យោង​តាម​ប្រភព​ព័ត៌មាន ពី​សមត្ថកិច្ច ក្នុង​ប្រតិបត្តិការ​ផ្ទាល់​អោយ​ដឹង​ថាជនសង្ស័យ​បានដឹង​ខ្លួន​មុននិង​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ដោយ​បន្សល់​ទុក​នូវ​វត្ថុ​តាង​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ ។​ ក្រោយ​រឹបអូស​វត្ថុ​តាង​ក្នុងវេលា​កើតហេតុ​រួច​មក មក​ដល់​វេលា​ម៉ោង ០៩​:៥០​នាទី​ព្រឹក ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០២៦ ករណី​នេះ​បាន​ឈាន​ដល់​ដំណាក់កាល​ត្រួតពិនិត្យ និង​ថ្លឹង​វត្ថុ​តាង​ជា​ផ្លូវការ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ក្រោម​វត្តមាន​ លោក សរ សុ​ពុ​ត្រា អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង , លោក អ៊​ន រី ព្រះរាជអាជ្ញា​រង អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ,លោក  ឧត្តមសេនីយ៍​ត្រី សេង សុភាព មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត, លោក​ ប្រធាន​មន្ទីរ និង​មន្ត្រី​នៃ​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង ។ 

ជា​លទ្ធផល​នៃ​ការ​ត្រួតពិនិត្យ​ វត្ថុ​តាង​គ្រឿងញៀន​ ដែល​បាន​រឹបអូស​ខាងលើ​ជា​ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE / ទឹកកក​)​ចំនួន ៣៧ កញ្ចប់​ធំ ទម្ងន់​សរុប​ : ៣៧,៧១១.៧ ក្រាម (​ថ្លឹង​ទាំង​សម្បក​ថង់​) ឬ​ប្រហាក់ប្រហែល​ជិត ៣៨ គីឡូក្រាម​ ។

បច្ចុប្បន្ន វត្ថុ​តាង​ទាំងអស់​ត្រូវ​បាន​រក្សា​ទុកជា​បណ្តោះ អាសន្ន ខណៈ​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​ខេត្ត កំពុង​ដុតដៃដុតជើង​កសាង​សំណុំរឿង​តាម​នីតិវិធីច្បាប់ ដើម្បី​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់ និង​ដេញ​ប្រមាញ់​ស្វែងរក​តម្រុយ​ ដើម្បី​ចាប់ខ្លួន​ជនសង្ស័យ​ដែល​រត់គេច​ខ្លួន​ មក​ផ្តន្ទាទោស​ឱ្យ​ខាងតែ​បាន​៕


ចែករំលែក៖