ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសម្នាក់ត្រូវយុវជនបែកថ្នាំវាយដោយដំបងស្ទើរស្លាប់ស្ទើររស់

ចែករំលែក៖

ខេត្តកណ្តាលៈ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ត្រូវបានយុវជនបែកថ្នាំស្ទាក់ផ្លូវ ខណៈកំពុងជិះកង់រួចធ្វើសកម្មភាពវាយដោយដំបងឈើមូល បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរស្ទើរស្លាប់ស្ទើររស់ ។ ករណីនេះបានកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ។

ក្រោយពីធ្វើសកម្មភាពរួចយុវជនបែកថ្នាំរូបនេះ ព្យាយាមរត់គេចខ្លួន តែរត់មិនរួចត្រូវសមត្ថកិច្ចនគរបាល សហការជាមួយប្រជាពលរដ្ឋតាមចាប់បាន ដើម្បីធ្វើការសាងសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ មិន‌ សូត‌ ភេទប្រុស‌ អាយុ‌២២ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាក មានទីលំនៅភូមិនាគ ឃុំ‌នាគ‌៣ស្រុក‌ស្ទឹង‌ត្រង់‌ ខេត្ត‌កំពង់‌ចាម‌ ។ ចំណែកឯក្មេងប្រុសរងគ្រោះឈ្មោះ ‌ភាព‌ សុភា‌ ភេទ‌ប្រុស‌អាយុ‌១២ឆ្នាំ ជនជាតិខ្មែរ (រងរបួស‌ថ្គាម‌ខាង‌ស្ដាំ‌១កន្លែង, ក្រោម‌ចង្កា‌១កន្លែង និងក្រោមឆ្អឹងជំនីខាង‌ឆ្វេង‌១កន្លែង) មានទីលំនៅភូមិព្រៃតាពៅ ឃុំ‌ចំបក់‌ ស្រុក‌ស្វា‌យជ្រុំ ខេត្ត‌ស្វាយ‌រៀង‌ សព្វ‌ថ្ងៃ‌មកស្នាក់នៅជាមួយ‌ឪពុក‌ម្ដាយ‌ធ្វើ‌កម្ម‌ករឡឥដ្ឋនៅភូមិព្រះ‌ប្រសប់‌ ឃុំ‌ព្រះ‌ប្រសប់‌ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុក្មេងប្រុសរងគ្រោះបានជិះកង់ត្រឡប់មកពីទិញម្ហូបនៅឯផ្សារវិញ ក៏ត្រូវជនសង្ស័យឈរកាន់ដំបងស្ទាក់វាយ បណ្តាលឲ្យដេកដួលទៅលើដី ។ ជនសង្ស័យនៅតែមិនអស់ចិត្តបានយកដំបងវាយបន្ថែមទៅលើក្មេងប្រុសរងគ្រោះចំនួន២ដំបងទៀត ទើបកម្មករលឥដ្ឋប្រទះឃើញស្រែកឆោឡោឡើងធ្វើឲ្យជនសង្ស័យភ័យឈប់ធ្វើសកម្មភាព ទម្លាក់ដំបងចោលរត់គេចខ្លួន ។ ភ្លាមៗនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍សហការជាមួយក្រុមកម្មករឡឥដ្ឋ ដេញតាមចាប់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ចំណែកឯក្មេងប្រុសរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យគន្ធបុប្ផាក្នុងរាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាលបានបញ្ជាក់ថា ពេលសមត្ថកិច្ចសាកសួរជនសង្ស័យឆ្លើយខុសឆ្លើយត្រូវ បើតាមការសន្និដ្ឋានជនសង្ស័យរូបនេះប្រើប្រាស់ថ្នាំញៀនរហូតបែកដូចមនុស្សឆ្គួតទៅហើយ ៕ ស្អាងជ័យ

aes aes-1 aes-2


ចែករំលែក៖