ខេត្តកំពង់ស្ពឺៈ ជនសង្ស័យប្រុសស្រីជាចោរលួចលុយរបស់ព្រះចៅអធិការវត្តយកទៅដើរលេងសុីចាយនោះពេលនេះត្រូវ បានសមត្ថកិច្ចនគរបាលស្រុកសំរោងទងឃាត់ខ្លួនព្រមទាំងដកហូតបានលុយមួយចំនួនមកវិញប្រគេនព្រះចៅអធិការវត្ត។នៅក្រោយការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការតាម នីតិវិធីដែលការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦វេលាម៉ោង១២និង៣០នាទីនៅភូមិកំណប់ សង្កាត់ ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១-ឈ្មោះ សឿង ពុទ្ធី ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិថ្នល់កែង ឃុំ ក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បច្ចុប្បន្នស្នាក់ក្នុងវត្តចំបក់ស្ថិតនៅភូមិ ចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ ទី២-ឈ្មោះ យ៉ង់ ផល្លី ភេទស្រី អាយុ៣៧ ឆ្នាំមានស្រុកកំណើតភូមិកំណប់ ឃុំស្វាយក្រវាន់ ស្រុកសំរោងទង ខេត្ត កំពង់ស្ពឺ ។
លោកវរសេនីយ៍ទោឃុតសុផលអធិការនគរបាលស្រុកសំរោងទងបានឲ្យដឹងថា ជនទាំង២នាក់នេះជាប់ពាក់ព័ន្ធករណីចោរកម្ម (លួចលុយព្រះចៅអធិការវត្តចំបក់ ព្រះនាម សាយ សារុន ហៅ អ៊ូរ)។
លោកបន្តថាលុយដែលក្រុមជនសង្ស័យលួយយកទៅនោះមានលុយដុល្លារចំនួន ៧០០ដុល្លារនិងលុយខ្មែរចំនួន៩.៥០០.០០០(ប្រាំបួនលានហាសិបម៉ឺន)រៀល។ ព្រះចៅអធិការបានមានថេរដីកាថាលុយទាំងនេះជាលុយដែលព្រះអង្គខិតខំសន្សំ ទុកជាយូរមកហើយមិនដែលហ៊ានចាយ វាយនោះទេដើម្បីទុកកសាងវត្តមិនគួរណាពួកគេប្រពឹត្តបែបនេះសោះ។ព្រះអង្គមានថេរដីកាបន្តថាលុយដែលបាត់គឺនៅ៧០០ដុល្លារនិង៩លានរៀលទៀតមិនដឹងជាពួកគេយកទៅធ្វើអ្វីនោះទេបានជាបាត់អស់ច្រើនបែបនេះ។
ក្រោយឃាត់ខ្លួនកម្លាំងជំនាញបានចុះទៅឆែកឆេរនៅផ្ទះជួលរបស់ជនសង្ស័យ រកឃើញលុយខ្មែរចំនួន៥១២.១០០ (ហាសិបមួយមុឺនពីរពាន់មួយរយ)រៀល និងបានប្រគេនទៅព្រះចៅអធិការវត្តវិញហើយដែរ។
ករណីខាងលើនេះកម្លាំងជំនាញបាន កសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅថ្នាក់លើដើម្បីចាត់ការតាមនីតិវីធី ៕ សេនាស័ក្តិ