ខេត្តកណ្ដាល ៖ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាលកាលពីថ្ងៃទី២៧ ខែតុលាសម្រេចឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នដើម្បីស៊ើបអង្កេតករណី ចាក់ប្អូនស្រីជីដូនមួយអាយុ១៥ឆ្នាំជាច្រើនទួរណឺវិសដើម្បីរំលោភសេពសន្ថវៈតែមិនបានសម្រេច ។
ជនសង្ស័យឈ្មោះ ទុយ ម៉េង អាយុ ៤២ឆ្នាំ ត្រូវបានលោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាលកាលពីព្រឹកថ្ងៃទី២៦ ខែតុលា សម្រេចចោទប្រកាន់ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះតាមមាត្រា២៧និង២៤១នៃក្រមព្រហ្មទណ្ឌ ។ បទល្មើសនេះកំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារពី៧ឆ្នាំទៅ១៥ឆ្នាំ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចភូមិលេខ១(ក) ឃុំស្វាយរលំ ស្រុកស្អាង។
ជនរងគ្រោះអាយុ១៥ឆ្នាំ មានស្នាមមុតត្រង់បំពង់កខាងស្ដាំចំនួន៣កន្លែងស្នាមមុតត្រង់ថ្ពាល់ខាងឆ្វេងចំនួន១កន្លែងនិងមានស្នាមមុតត្រង់ក្បាលមួយកន្លែង។
ប្រភពព័ត៌មានបានឲ្យដឹងថា ខណៈជនរងគ្រោះកំពុងដេកលក់នៅក្នុងបន្ទប់ ដែលបាំងវាំងននក្នុងផ្ទះរបស់ខ្លួនម្នាក់ឯង ស្រាប់តែឈ្មោះ ទុយ ម៉េង បានយកទួរណឺវិសគាស់ហែកទាញជញ្ជាំងស័ង្កសីចូលបន្ទប់ជនរងគ្រោះរួចជនសង្ស័យបានសង្រ្គុបពីលើជនរងគ្រោះទាំងជាប់មុងដោយអង្គុយពីលើពោះជនរងគ្រោះ ហើយបានយកតួឡឺវីសសម្រាប់វាស់ចរន្ដអគ្គិសនីចាក់បំពង់កជនរងគ្រោះបណ្ដាលឲ្យមុតជាច្រើនកន្លែង ។ រំពេចនោះជនរងគ្រោះក៏ស្រែកហៅឲ្យគេជួយខ្លួនទើបជនសង្ស័យបានរត់គេចខ្លួន។ លុះបានបន្តិចក្រោយមកទើបសមត្ថកិច្ចនគរបាលប៉ុស្ដិ៍តាខ្មៅសហការជាមួយសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ស្វាយរលំ បានចុះឃាត់ខ្លួនជនសង្ស័យតែម្តង ។
នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ទុយ ម៉េង បានសារភាពថា ខ្លួនពិតជាបានយកទួរណឺវិសចាក់បំពង់កជនរងគ្រោះពិតប្រាកដមែនដោយអះអាងថាខ្លួនមានសភាពស្រវឹងស្រាបៀរខ្លាំងវង្វេងហើយមិនមានបំណងរំលោភ ឬសម្លាប់ជនរងគ្រោះទេ ៕ ចេស្តា