ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់បាត់ម៉ូតូនៅម្តុំផ្សារតូច ទួលសង្កែ ឆែក GPS ឃើញលោតនៅម្តុំឃ្លាំងរំសេវ ក៏ប្តឹង​សមត្ថកិច្ចឱ្យ​ជួយស្វែងរកដែរ តែរកមិនឃើញ

ចែករំលែក៖

 

ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាត់ម៉ូតូ១គ្រឿង​ហុងដា​ឌ្រី​ម សេរី​ឆ្នាំ​២០២៥ នៅ​ម្តុំ​ផ្សារ​តូច ទួល​សង្កែ ហើយរ​កតាម​ប្រព័ន្ធ​GPS ឃើញ​លោត​នៅ​ម្តុំ​ឃ្លាំង​រំសេវ ក៏​ប្តឹង​​សមត្ថកិច្ច​ឱ្យជួយ​អន្តរាគមន៍ តែ​រក​មិនឃើញ​នោះ​ទេ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១០​យប់​ថ្ងៃ​ទី​២០ ​ខែកក្កដា​ ឆ្នាំ​២០២៦ នៅ​ចំណុចហាង​លក់​ទិញ​ម៉ូតូ​មួយ​កន្លែង ម្តុំ​ឃ្លាំង​រំសេវ ផ្លូវ​លេខ២៥៧ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។

តាម​ការ​រៀបរាប់​ពី​ស្ត្រី​ជា​ម្ចាស់​ម៉ូតូ​បានឱ្យដឹង​ថា ម៉ូតូ​របស់​គាត់​ជា​ម៉ូតូ​ទិញ​បង់​រំ​លោះ បាន​រយះ​ពេល​១​ឆ្នាំ​២​ខែ និង​បំពាក់​ស្លាក​លេខ ភ្នំពេញ 1LM2256 ស៊េរី​ឆ្នាំ​២០២៥ ។

តាម​ប្រភពដដែល​បាន​​បន្ត​ទៀត​ថា ម៉ូតូ​របស់​គាត់ ត្រូវ​បាន​ប្អូន​ខ្ចី​យក​ទៅ បាន​ទៅ​គេង​នៅ​បន្ទប់​ជួល ម្តុំ​ផ្សារ​តូច ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ លុះ​យប់​ប្រហែល​ម៉ោង​៧​យប់ ប្អូន​របស់​គាត់ បាន​ទូរ​សព្ទ័​ថា ម៉ូតូ​ត្រូវ​បាន​ចោរលួច​យក​ទៅ​បាត់​ហើយ។ ពេលលឺដំណឹង​នេះ ស្ត្រី​ជា​បងហើយ​ជា​ម្ចាស់​ម៉ូតូ បាន​ឆែក​តាម​ប្រព័ន្ធ​GPS ឃើញ​ថា លោត​នៅ​ម្តុំ​ឃ្លាំង​រំសេវ ក៍​ជិះ​មក​តាម រហូត​ប្តឹង​​សមត្ថកិច្ច​ប៉ុស្តិ៍​ទឹកល្អក់​ទី​៣ អោយ​ជួយ​អន្តរាគមន៍ ។ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​ក៍​សហការ​ជូន​ស្ត្រី​ខាងលើ ដោយ​បាន​សុំ​ម្ចាស់ផ្ទះ អោយ​ស្ត្រី​ជា​ម្ចាស់​ម៉ូតូ ចូល​ទៅ​រក​មើលកន្លែង​ដែល​ប្រព័ន្ធ​GPS លោតដែរ​ តែ​ស្ត្រី​ខាងលើ​បាន​ដើរ​ចូល​ទៅ​មើល ក៍រក​មិនឃើញ​ម៉ូតូ​របស់​ខ្លួន​នោះទេ​ ។

ករណី​ខាងលើនេះដែរ​ នគរបាល​រដ្ឋបាល​ទឹកល្អក់​ទី​៣​បាន​ណែនាំ​អោយ​ជន​រង​គ្រោះ ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​មូលដ្ឋាន​ដែល​ម៉ូតូ​របស់​ខ្លួន​បាត់ ដើម្បី​អោយ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ​រក​បន្ត​ទៀត ៕


ចែករំលែក៖