ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធនាំចូល 50% លើទំនិញជាច្រើនប្រភេទពីប្រទេសកាណាដា កាលពីថ្ងៃចន្ទ ដោយសាររដ្ឋបាលអាមេរិកចោទថា កាណាដាបានអនុវត្តគោលនយោបាយមិនស្មើភាពចំពោះរថយន្ត ស្រា និងផលិតផលទឹកដោះគោដែលផលិតនៅអាមេរិក។
វិធានការនេះអាចបង្កើនភាពតានតឹងក្នុងសង្គ្រាមពាណិជ្ជកម្មពិភពលោក។
ពន្ធថ្មីនេះគ្របដណ្តប់លើទំនិញជាច្រើន រួមមាន ស្រា ស៊ីម៉ង់ ឧបករណ៍កីឡាហុកគីលើទឹកកក ផលិតផលទឹកដោះគោ អាងហែលទឹក គ្រឿងសង្ហារឹម ដំបងនេសាទ គ្រាប់ពូជ សម្លៀកបំពាក់ សក់ពាក់ និងទំនិញផ្សេងៗទៀត។
លោក ត្រាំ បានយោងទៅលើ មាត្រា 338 នៃច្បាប់ Tariff Act ឆ្នាំ 1930 ដែលអនុញ្ញាតឱ្យប្រធានាធិបតីអាមេរិកដាក់ពន្ធពិន័យរហូតដល់ 50% លើប្រទេសដែលត្រូវបានចាត់ទុកថារើសអើងចំពោះទំនិញអាមេរិក។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រជិត 100 ឆ្នាំ ដែលច្បាប់នេះត្រូវបានប្រើប្រាស់។
ពន្ធថ្មីនឹងចូលជាធរមានក្នុងរយៈពេល 30 ថ្ងៃ ហើយនឹងអនុវត្តលើទំនិញនាំចូលពីកាណាដាប្រមាណ 20 ពាន់លានដុល្លារ ឬស្មើនឹងប្រហែល 5.2% នៃទំនិញសរុបតម្លៃ 382 ពាន់លានដុល្លារ ដែលអាមេរិកនាំចូលពីកាណាដាក្នុងឆ្នាំ 2025។
ជាការឆ្លើយតប នាយករដ្ឋមន្ត្រីកាណាដា ម៉ាក ការណី (Mark Carney) បានបញ្ជាក់ថា រដ្ឋាភិបាលកាណាដាបានដាក់សំណើគ្រប់ជ្រុងជ្រោយដើម្បីដោះស្រាយវិវាទពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន ហើយបានអះអាងថា ពន្ធដែលលោក ត្រាំ បានដាក់កន្លងមក គឺរំលោភលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA)។
រដ្ឋបាលលោក ត្រាំ បានរិះគន់កាណាដា និងចិនជាយូរមកហើយថា បានដាក់វិធានការសងសឹក បន្ទាប់ពីអាមេរិកដំឡើងពន្ធលើទំនិញនាំចូលចាប់តាំងពីលោក ត្រាំ ត្រឡប់មកកាន់សេតវិមាន។
បច្ចុប្បន្ន អាមេរិក និងម៉ិកស៊ិកកំពុងបន្តចរចាពាក់ព័ន្ធនឹងការកែប្រែកិច្ចព្រមព្រៀង USMCA ខណៈកាណាដាមិនទាន់ត្រូវបានបញ្ចូលក្នុងការចរចាជាផ្លូវការនោះទេ។
អំឡុងពេលជួបគ្នានៅការប្រកួតផ្តាច់ព្រ័ត្រ FIFA World Cup នៅរដ្ឋ New Jersey លោក ត្រាំ ក៏បានទាមទារឱ្យលោក Carney ចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃនៅកាណាដា ដែលបានបង្កឱ្យផ្សែងរាលដាលចូលទឹកដីអាមេរិក។ លោកបានព្រមានថា ថ្លៃចំណាយក្នុងការដោះស្រាយការបំពុលខ្យល់នេះ អាចត្រូវបន្ថែមទៅក្នុងពន្ធលើទំនិញកាណាដាផងដែរ។
ការប្រើប្រាស់ច្បាប់ជាលើកដំបូង
ច្បាប់ Tariff Act ឆ្នាំ 1930 ត្រូវបានគេស្គាល់ថា ជាច្បាប់ដែលធ្លាប់បង្កឱ្យមានការដំឡើងពន្ធដ៏ធំ និងការសងសឹកពីបណ្តាប្រទេសផ្សេងៗ ដែលអ្នកប្រវត្តិសាស្ត្រសេដ្ឋកិច្ចជាច្រើនយល់ថា បានធ្វើឱ្យវិបត្តិសេដ្ឋកិច្ចធំ កាន់តែធ្ងន់ធ្ងរ។
អ្នកជំនាញពាណិជ្ជកម្ម John Veroneau បាននិយាយថា មាត្រា 338 ត្រូវបានបង្កើតឡើងដើម្បីធានាថា ប្រទេសនានាអនុវត្តអត្រាពន្ធស្មើគ្នាចំពោះគ្រប់ប្រទេស មិនមែនផ្តល់អនុគ្រោះដល់ប្រទេសណាមួយដោយធ្វើឱ្យអាមេរិកខាតបង់នោះទេ។
លោកបានបន្ថែមថា៖ «វាជារឿងគួរឱ្យចម្លែកណាស់ ដែលប្រើច្បាប់នេះ ដើម្បីសងសឹកលើពន្ធដែលកើតឡើងជាលទ្ធផលនៃសកម្មភាពរបស់អាមេរិកខ្លួនឯង។»
ក្រោយសង្គ្រាមលោកលើកទី២ បណ្តាប្រទេសធំៗបានបង្កើតប្រព័ន្ធ Most-Favored-Nation (MFN) ក្រោមកិច្ចព្រមព្រៀង GATT ដើម្បីបញ្ចៀសការប្រកួតប្រជែងដាក់ពន្ធ និងបន្ថយតម្លៃរូបិយប័ណ្ណដូចដែលបានកើតឡើងមុនសង្គ្រាម។
ពន្ធថ្មីរបស់អាមេរិកនឹងចូលជាធរមាននៅថ្ងៃទី 19 សីហា ហើយនឹងអនុវត្ត ទោះបីជាទំនិញខ្លះមានសិទ្ធិលើកលែងក្រោមកិច្ចព្រមព្រៀង USMCA ក៏ដោយ។ ទោះយ៉ាងណា អាមេរិកបានលើកលែងទំនិញសំខាន់ៗមួយចំនួន ដូចជា ថាមពល ប៉ូតាស ត្រី រ៉ែសំខាន់ៗ និងទំនិញដែលស្ថិតក្រោមវិធានការ Section 232 រួចហើយ។
សេតវិមានក៏បានលើកឡើងថា កាណាដាកំពុងអនុវត្តប្រព័ន្ធការពារទីផ្សារផលិតផលទឹកដោះគោ និងកំណត់កូតានាំចូលរថយន្តពីអាមេរិក ខណៈអនុញ្ញាតឱ្យប្រទេសផ្សេងទៀតមានអត្ថប្រយោជន៍ជាង។
ជាការឆ្លើយតប លោក Carney បានបញ្ជាក់ថា កាណាដាគ្រាន់តែដាក់វិធានការឆ្លើយតបស្មើគ្នាចំពោះពន្ធដែលអាមេរិកបានដាក់ដោយរំលោភលើកិច្ចព្រមព្រៀង USMCA ប៉ុណ្ណោះ។
សេតវិមានបានអះអាងថា ក្នុងរយៈពេលមួយឆ្នាំកន្លងមក ការនាំចូលរថយន្តអាមេរិកទៅកាន់កាណាដាបានធ្លាក់ចុះ 22% ខណៈការនាំចូលភេសជ្ជៈមានជាតិអាល់កុលពីអាមេរិកធ្លាក់ចុះរហូតដល់ 81%។
អតីតទីប្រឹក្សារដ្ឋាភិបាលកាណាដា Diamond Isinger បាននិយាយថា លោក Carney មិនមានអំណាចគ្រប់គ្រាន់ក្នុងការបញ្ជាឱ្យបណ្តាខេត្តបន្តលក់ភេសជ្ជៈអាល់កុលរបស់អាមេរិកឡើងវិញនោះទេ ព្រោះការសម្រេចចិត្តនេះស្ថិតនៅក្នុងសមត្ថកិច្ចរបស់រដ្ឋាភិបាលខេត្ត៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច