ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋមួយគ្រួសារជាជនជាតិដើមភាគតិចព្នងបានធ្វើឲ្យ អ្នកភូមិរស់នៅទីនោះភ្ញាក់ផ្អើលនាំគ្នាមកមើលការធ្វើតេស្តអង្ករដោយសង្ស័យថា ជា អង្ករមានជាតិថង់ប្លាស្ទិក។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋស្ទើរពេញមួយស្រុកកាល ពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិ តាំង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្ត មណ្ឌលគិរី ។
គ្រួសារដែលធ្វើឲ្យមានការភ្ញាក់ផ្អើលបាននិយាយថា គាត់បានទិញអង្ករចំនួន ៣បេស្មើនឹង១៥០គីឡូក្រាមដើម្បីយកមកបរិភោគនៅក្នុងគ្រួសាររបស់គាត់ក្រោយ មកគាត់បានយកអង្ករនោះមកលីងដើម្បីធ្វើសម្លកកូរស្រាប់តែអង្ករនោះផ្ទុះហើយ គាត់បានចាក់ទៅលើភ្លើងចង្រ្កានធ្វើឲ្យអង្ករបានរលាយចូលគ្នា។ បន្ទាប់មកពួកគាត់បានទៅរាយការណ៍ដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធរឿងអង្ករដែលពួកគាត់បានទិញខាងលើថា ជាអង្ករមានជាតិថង់ប្លាស្ទិកដែល ធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់។
នៅពេលនោះសមត្ថកិច្ចបានឲ្យគ្រួសារនោះយកអង្ករមកធ្វើតេស្តដោយលីងនៅ មុខប្រជាពលរដ្ឋ ព្រមទាំងអ្នកសារព័ត៌មាន តែអង្ករនេះមានលក្ខណៈធម្មតាមិនដូចអ្វីដែលគ្រួសារនេះបាននិយាយថាជាអង្ករមាន ជាតិថង់ប្លាស្ទិកនោះទេ ។
បន្ទាប់មកលោកមេភូមិពូតាំងបានពន្យល់ កុំឲ្យប្រជាពលរដ្ឋក្នុងភូមិមានការភ្ញាក់ផ្អើល ទៀត ព្រោះអង្ករនេះក្រោយពីពិសោធទៅជាអង្ករធម្មតាទេទើបគ្រួសារដែលសង្ស័យថាជាអង្ករមានជាតិថង់ប្លាស្ទិកទុកបរិភោគវិញ ។
ក្រោយពីដឹងនិងពិសោធហើយទាំង សមត្ថកិច្ចទាំងអ្នកភូមិបានហួសចិត្តយ៉ាងខ្លាំងទើបនាំគ្នាចែកផ្លូវគ្នាវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ៕ វុទ្ធ ឦសាន