ព័ត៌មានទាន់ហេតុការណ៍៖

សន្ដិសុខសណ្ដាប់ធ្នាប់ក្នុងឱកាសបុណ្យបុណ្យអុំទូកនាពេលខាងមុខ សមាជិក ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានស្នើឲ្យរដ្ឋបាលខណ្ឌបង្កើនការយកចិត្តទុកដាក់ បន្ថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ ថ្វីត្បិតតែ កន្លងមក ស្ថានភាពសន្ដិសុខ ក្នុង ខណ្ឌព្រែកព្នៅ មានលក្ខណៈល្អប្រសើរ ជាងខណ្ឌដទៃ ប៉ុន្ដែក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៩ អណត្តិទី២ របស់ ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៨ ខែតុលា សមាជិក ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានស្នើឲ្យរដ្ឋបាលខណ្ឌបង្កើនការយកចិត្តទុកដាក់ បន្ថែមទៀត លើបញ្ហាសន្ដិសុខសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋាន ពិសេស ក្នុងឱកាសនៃព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលនឹងឈាន ចូលមកដល់នាពេលខាងមុខនេះ ។

ព្រោះថាតាមការកត់សម្គាល់ ក្នុង អំឡុងពេលនៃពិធីបុណ្យ នេះ ច្រើនមានជនខិលខូច ឆ្លៀតបង្កបទល្មើសផ្សេងៗ ខណៈដែលបងប្អូនប្រជាពលរដ្ឋ សប្បាយភ្លេចខ្លួន ធ្វើដំណើរកំសាន្ដទៅកាន់ទីឆ្ងាយចោលផ្ទះសំបែង ។

លោកជាខេម៉ា អភិបាលរងខណ្ឌព្រែកព្នៅ បានលើកឡើងថា ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូកមានលក្ខណៈផ្ទុយពីបុណ្យ ភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំខ្មែរ បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរ សំរុកមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមទស្សនាការប្រណាំងទូកនៅមុខព្រះបរមរាជវាំង និងកំសាន្ដនៅរាជធានីភ្នំពេញជាច្រើនកុះករ ។

ដូចនេះក្នុងនាមជាអាជ្ញាធរ គណៈបញ្ជាការសង្កាត់ទាំង៥ ត្រូវបង្កើនការយកចិត្តទុកដាក់ ដើម្បីថែរក្សាសន្ដិសុខសុវត្ថិភាពជូនពួកគាត់ ដោយចាត់ចែងកម្លាំង ដាក់យាមកាម ប្រចាំការ ដើម្បីការពារសន្តិសុខផងនិង ជួយសម្រួលចរាចរណ៍តាមដងផ្លូវផង ក្នុងករណី ដែលមានការកកស្ទះចរាចរណ៍ កើតមានឡើង ។

ចំណែកលោកម៉ៅ ប៉ូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅបានកោតសរសើរ គណៈអភិបាលខណ្ឌ និងគ្រប់បណ្ដា អង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុក ដាក់រួមសហការគ្នាក្នុងការ ការពារសន្តិសុខ សុវត្ថិភាព របៀបរៀបរយសាធារណៈ ជូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អក្នុងពេលកន្លងមក ។

លោកបន្ថែមថា ជាបន្ដសូមលើកម្ពស់ស្មារតីប្រុងប្រយ័ត្នបន្ថែមទៀតពិសេសក្នុងឱកាសបុណ្យអុំទូក ដើម្បីធ្វើឲ្យមូលដ្ឋាន មានសន្ដិសុខ សុវត្ថិភាពកាន់តែល្អប្រសើរ ប្រជាពលរដ្ឋរស់នៅប្រកបដោយ ភាព ក្សេមក្សាន្ដនិងសុភមង្គល ។ ក្រៅពី បញ្ហាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋានលោកប្រធានក្រុមប្រឹក្សាខណ្ឌ ក៏បានស្នើដល់រដ្ឋបាលខណ្ឌ ក៏ដូចជាអាជ្ញាធរសង្កាត់ ភូមិ ធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងជំរុញឲ្យពួកគាត់ទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ដើម្បីមានសិទ្ធក្នុងការបោះឆ្នោតនាពេលខាងមុខ ព្រោះថាមកទល់ពេលនេះ ចំនួនអ្នកចុះឈ្មោះបោះឆ្នោតទើបតែទទួលបានប្រមាណជាង៨០ភាគរយ ។

គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ សមាជិក សមាជិកា បានលើកយកមកពិភាក្សានិងអនុម័ត រួមមានពិនិត្យនិងអនុម័ត សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំ សមញ្ញលើកទី២៨ អណត្តិទី២របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ; ពិនិត្យនិងអនុម័ត សេចក្ដីព្រាងរបាយការណ៍ ប្រចាំខែតុលា ២០១៦; ពិនិត្យនិងអនុម័ត ស្ដីពីការបែងចែកប្រាក់រង្វាន់ និងយន្ដការរបស់ការិយាល័យច្រកចេញចូលតែ១ និងបញ្ហាផ្សេងៗ៕ ព្រែកជ័យ

8

32 0 1 2 3 4 5 6 7
9 11 21


ចែករំលែក៖