ខេត្តកំពង់ស្ពឺ៖ មានករណីខុសឆ្គងទិន្នន័យមួយបានកើតឡើង លើបេក្ខជនឈ្មោះ សុវណ្ណារ៉ា រក្សា ដោយនៅក្នុងបញ្ជីឈ្មោះ និងសាលាកបត្រឯកត្តជនបានចុះបញ្ជីជា «ភេទប្រុស» ប៉ុន្តែសាម៉ីខ្លួនដែលមកបង្ហាញមុខប្រឡងជាក់ស្តែងជា «សិស្សស្រី» ហើយនៅលើកាតសម្គាល់ខ្លួនក៏បានដាក់ «ភេទស្រី» ត្រឹមត្រូវផងដែរ។ ករណីនេះ ត្រូវបានរាយការណ៍ដោយ ACU នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទី នៅក្នុងមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន ចំបក់។
ភ្លាមៗនោះ គណៈកម្មការអនុរក្សប្រចាំមណ្ឌលបានធ្វើការផ្ទៀងផ្ទាត់ផ្ទៃមុខ និងកាតសម្គាល់ខ្លួន ជាមួយនឹងសាលាកបត្រឯកត្តជន ដោយបានឃើញថាសាម៉ីខ្លួនពិតជាមនុស្សតែមួយប្រាកដមែន។
ដើម្បីធានាសិទ្ធិ និងសម្រួលដល់ការប្រឡងរបស់បេក្ខជន ប្រធានអប្បមាទ និងប្រធានមណ្ឌលប្រឡង បានសម្រេចចាត់វិធានការអនុញ្ញាតឱ្យបេក្ខជនធ្វើការឆូតកែតម្រូវនៅលើសាលាកបត្រឯកត្តជន ត្រង់ប្រអប់ភេទ ដោយប្តូរពី «ភេទប្រុស» មកជា «ភេទស្រី» វិញ ដើម្បីឱ្យស្របតាមអត្តសញ្ញាណពិតប្រាកដរបស់ខ្លួន៕
ប្រភពពី៖ អង្គភាព ACU

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច