ព័ត៌មានទាន់ហេតុការណ៍៖

អនីតិជន២នាក់រងការរិះគន់ពីមហាជន ក្រោយបង្ហោះសកម្មភាពមិនសមរម្យលើបណ្ដាញសង្គម សមត្ថកិច្ចស្រាវជ្រាវ នាំមកអប់រំ និងប្រគល់ជូនអាណាព្យាបាល

ចែករំលែក៖

ភ្នំពេញ៖ ករណីអនីតិជនចំនួន២នាក់ ដែលត្រូវបានគេឃើញបង្ហោះផ្សព្វផ្សាយសកម្មភាព និងពាក្យសម្តីមិនសមរម្យតាមបណ្ដាញសង្គមនាពេលថ្មីៗនេះ បានរងការរិះគន់យ៉ាងខ្លាំងពីមហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម ដោយសារទង្វើទាំងនេះត្រូវបានមើលឃើញថា មិនសមស្របសម្រាប់វ័យ និងអាចបង្កឥទ្ធិពលអវិជ្ជមានដល់យុវជនដទៃទៀត។

ករណីទី១ គឺអនីតិជនម្នាក់បានបង្ហោះរូបភាព និងបង្ហាញស្នាមសាក់របស់ខ្លួនក្នុងលក្ខណៈចង់ទាក់ទាញការចាប់អារម្មណ៍ ខណៈករណីទី២ អនីតិជនម្នាក់ទៀតបានបង្ហាញឥរិយាបថ និងប្រើពាក្យសម្តីក្នុងលក្ខណៈស្រដៀងក្មេងទំនើង ដែលអាចបង្កការយល់ឃើញថា ចង់បង្កហេតុ ឬប្រឈមមុខជាមួយអ្នកដទៃ។

ជុំវិញករណីនេះ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលទី១ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការស្រាវជ្រាវ រហូតនាំអនីតិជនទាំង២នាក់ ម្នាក់រស់នៅខណ្ឌដូនពេញ និងម្នាក់ទៀតរស់នៅខណ្ឌពោធិ៍សែនជ័យ មកជួបសមត្ថកិច្ច ដើម្បីសួរនាំ និងអប់រំណែនាំ។

សមត្ថកិច្ចក៏បានអញ្ជើញអាណាព្យាបាលមកចូលរួម ដោយណែនាំឱ្យមានការយកចិត្តទុកដាក់ខ្ពស់ចំពោះការអប់រំ ការប្រើប្រាស់បណ្ដាញសង្គម និងឥរិយាបថរបស់កូនៗ ជាពិសេសចៀសវាងការបង្ហោះខ្លឹមសារ កាយវិការ ឬពាក្យសម្តីដែលអាចប៉ះពាល់ដល់សីលធម៌សង្គម និងបង្កការយល់ច្រឡំ ឬជំរុញឱ្យមានអំពើហិង្សា។

ក្រោយពីសមត្ថកិច្ចសួរនាំ និងធ្វើកំណត់ហេតុរួចរាល់ អនីតិជនទាំង២នាក់ ត្រូវបានធ្វើកិច្ចសន្យាប្រគល់ជូនអាណាព្យាបាល ដើម្បីធានានាំយកទៅអប់រំបន្ត និងកែប្រែឥរិយាបថឱ្យបានល្អប្រសើរ មុនពេលសមត្ថកិច្ចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។

ករណីនេះក៏ជាការរំលឹកដល់មាតាបិតា និងអាណាព្យាបាលទាំងអស់ ឱ្យកាន់តែយកចិត្តទុកដាក់លើការអប់រំកូនៗ និងតាមដានការប្រើប្រាស់បណ្ដាញសង្គម ព្រោះពិភពឌីជីថលអាចជួយឱ្យកុមារ និងយុវជនទទួលបានចំណេះដឹង ប៉ុន្តែការប្រើប្រាស់ដោយខ្វះការណែនាំក៏អាចនាំឱ្យកើតមានផលប៉ះពាល់ដល់ខ្លួនឯង គ្រួសារ និងសង្គមផងដែរ។

ក្មេងអាចធ្វើខុសបាន ប៉ុន្តែការអប់រំឱ្យក្មេងដឹងខុស-ត្រូវ និងកែប្រែខ្លួន គឺជាការទទួលខុសត្រូវរួមរបស់គ្រួសារ សាលារៀន និងសង្គម៕


ចែករំលែក៖