ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ ព្រះមហាក្សត្រក៏មានព្រះរាជបន្ទូលថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបំពេញការងារយ៉ាងសកម្មដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ទាំងយប់ទាំងថ្ងៃ

ចែករំលែក៖

 

ភ្នំពេញ ៖ ថ្ងៃអាទិត្យនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមសង្ខេបជូននូវព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍ដែលមានដូចតទៅ៖

ទី១. ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានមានព្រះរាជបន្ទូលកោតសសើរយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំកម្ពុជា ដែលបានធ្វើឱ្យសមិទ្ធផលនឹកស្មានដល់ជាច្រើនលេចចេញជារូបរាងឡើង និងធ្វើឱ្យប្រទេសជាតិផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ ក្រោមម្លប់សុខសន្តិភាពដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើប។ ព្រះរាជបន្ទូលបែបនេះបានធ្វើឡើងនាឱកាសដែលព្រះករុណា ព្រះមហាក្សត្រជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីសម្ពោធ «វិមានសាមគ្គីភាព» នៃព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ ២០២៦។

ទន្ទឹមនឹងនោះ ព្រះករុណា ព្រះមហាក្សត្រក៏មានព្រះរាជបន្ទូលថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបំពេញការងារយ៉ាងសកម្មដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន ទាំងយប់ទាំងថ្ងៃ ដោយគ្មានពេលសម្រាកក្នុងពេលប្រទេសជាតិទទួលរងការរំលោភបំពាននិងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរពីសំណាក់បរទេស។ ព្រះអង្គក៏បានកោតស្ញប់ស្ញែងចំពោះវីរយុទ្ធជនដ៏អង់អាចក្លាហានដែលបានតស៊ូប្រយុទ្ធដើម្បីការពារជាតិ ការពារទឹកដី និងប្រជាជន និងបានកោតសសើរប្រជាជនទូទាំងប្រទេសដែលបានរួបរួមជាកម្លាំងមហាសាមគ្គីជាតិដ៏រឹងមាំ និងមានឯកភាពជាតិខ្ពស់ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានតស៊ូប្រយុទ្ធគ្រប់សមរភូមិ ទាំងសមរភូមិនយោបាយ ការទូត យោធា និងសមរភូមិច្បាប់ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជនរបស់យើង។ 

ទី២. រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនា៖ «គណបក្សប្រជាជនកម្ពុជាមិនបានបិទទ្វារសម្រាប់អ្នកដែលមានចេតនា និងឆន្ទៈចង់ធ្វើការពិតប្រាកដជាមួយរាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដៃគូនិងក្នុងនាមជាខ្មែរតែមួយដើម្បីបម្រើបុព្វហេតុជាតិដោយគ្មានការរើសអើងឡើយ»។ នេះជាការគូសបញ្ជាក់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នាឱកាសជួបសំណេះសំណាលជាមួយអាចារ្យ និងអាចារិនី ទូទាំងប្រទេសលើកទី១១។

សម្តេចប្រមុខរាជរដ្ឋាភិបាលបន្តថា ការចូលរួមគឺមិនចាំបាច់តែត្រូវស្របមតិគ្នារហូតនោះទេ ប៉ុន្តែ ត្រូវផ្អែកលើការវិភាគដែលមានមូលដ្ឋាន ឬទឡ្ហីករណ៍ច្បាស់លាស់ ដើម្បីជាកញ្ចក់ឆ្លុះបញ្ចាំងនូវចំណុចខ្វះខាត និងពង្រឹងការងារជាមួយគ្នា។ សម្ដេចធិបតីបានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវវប្បធម៌សន្ទនានិងការបង្រួបបង្រួមជាតិ ផ្អែកលើភាពស្មោះត្រង់ គុណធម៌នយោបាយ និងការគោរពគ្នាទៅវិញទៅមក។

ទី៣. ក្នុងសប្តាហ៍នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញប្រគល់ផ្ទះថ្មីជាច្រើនខ្នងដែលជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសារនៃវីរកងទ័ពពលី ក្នុងខេត្តព្រៃវែង ខេត្តស្វាយរៀង កំពង់ស្ពឺ និងខេត្តសៀមរាប។ លោកជំទាវបណ្ឌិត បានក៏ពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏សោកសង្រេងបំផុត និងប្រសាសន៍សួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសព។ ជាការគិតគូរបន្ថែមលើផ្នែកជីវភាព លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងបរិក្ខារចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ព ដើម្បីសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ឱ្យបានកាន់ប្រសើរឡើង។

សូមបញ្ជាក់ថា ដើម្បីជាការតបស្នងចំពោះការលះបង់ដ៏ថ្លៃថ្លារបស់វីរយុទ្ធជនពលី សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយនិងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ដូចជា៖ ការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗឱ្យបានសិក្សារហូតដល់កម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានឡើងវិញ ឬការដោះស្រាយបំណុល ថែមទាំងមានការគិតគូររហូតដល់ការបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផង។

ទី៤. បេសកកម្មសង្កេតការណ៍តាមបណ្តោយព្រំដែននៅតែបន្តធ្វើដូចភ្លៀងរលឹម៖ ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយប្រធានបេសកកម្មហ្វីលីពីន បានចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចជាច្រើនក្នុងខេត្តបន្ទាយមានជ័យ។

ដំណើរបេសកកម្មរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា(AOT-KH)ធ្វើឡើងដើម្បីធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃ ក៏ដូចជាការអនុវត្តគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលបានព្រមព្រៀងគ្នា ដើម្បីលើកកម្ពស់តម្លាភាព ការជឿទុកចិត្តគ្នា ក៏ដូចជាការពារប្រជាពលរដ្ឋស្លូតត្រង់ដែលរងគ្រោះព្រោះការបំពានដោយកម្លាំងប្រដាប់អាវុធ សំដៅធ្វើយ៉ាងណាឱ្យស្ថានការណ៍វិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ និងកសាងសន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន៕

ដោយ ៖ សិលា


ចែករំលែក៖