ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពក្រុងបាវិត បានចុះដល់ទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)ឃាត់ខ្លួនជនសង្ស័យចំនួន ៤ នាក់

ចែករំលែក៖

ខេត្តស្វាយរៀង:គណៈបញ្ជាការឯកភាពក្រុងបាវិត  បានចុះដល់ទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam)ឃាត់ខ្លួនជនសង្ស័យចំនួន ៤ នាក់។

យោងតាមសមត្ថកិច្ច បានអោយដឹងថា នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពក្រុង ដឹកនាំដោយ លោក ម៉ែន ចាន់រ៉ា អភិបាល នៃគណៈអភិបាលក្រុង ដោយមានការសម្របសម្រួលនីតិវិធីពី លោក ចាន់ វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង បានចុះដល់ទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ស្ថិតនៅវីឡា ១ កន្លែងតាមបណ្ដឹងរបស់លោក ញឹម ដារ៉ា ជាម្ចាស់វីឡា​ ក្នុងភូមិបាវិតកណ្ដាល និងបន្តធ្វើរដ្ឋបាលចំហរ ចំនួន ១ ទីតាំងក្នុងភូមិបាវិតលើ សង្កាត់បាវិត។

សមាសភាពចូលរួមមាន លោកអភិបាលរងក្រុង លោក សំ សំ អុល អធិការនគរបាលក្រុង លោកមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុង  លោកអធិការរងក្រុង លោកនាយករងរដ្ឋបាលក្រុង លោកនាយរងប៉ុស្ដិ៍រដ្ឋបាល លោកមេភូមិបាវិតកណ្ដាល និងកម្លាំងនគរបាលក្រុង។

ប្រភពបន្តថា ជាលទ្ធផល ក្រុមការងារ បានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៤ នាក់ (ស្រី ១ នាក់) ជាជនជាតិវៀតណាម និងវត្ថុតាងរួមមាន ទូរសព្ទដៃផ្ទាល់ខ្លួន ទូរសព្ទដៃចម្រុះ Laptop ម៉ូនីទ័រ និងលិខិតឆ្លងដែន។

ចំពោះជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបន្តតាមនីតិវិធី​ ហេីយវីឡាជួលខាងលេី​ ក្រុមការងារ​ បានសម្រេចប្រគល់ជូនម្ចាស់វិញ។ 

ដោយឡែក ចំពោះការចុះធ្វើរដ្ឋបាលចំហរ ផ្ទះល្វែងរបស់លោក រឹក ហួរម៉េង ក្រុមការងារបានត្រួតពិនិត្យឃើញមានជនបរទេសស្នាក់នៅសរុបចំនួន ៨ នាក់ (ស្រី ២ នាក់) ជាជនជាតិវៀតណាម។ ជនបរទេសខាងលើ មានលិខិតឆ្លងដែន និងទិដ្ឋាការមានសុពលភាពត្រឹមត្រូវ។


ចែករំលែក៖