ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចជំនាញផ្ទុះអាវុធក្នុងរង្វង់ប្រតិបត្តិការ បង្រ្កាបមេក្លោងជួញដូរគ្រឿងញៀនសកម្មក្នុងខេត្តព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ÷សមត្ថកិច្ចឲ្យដឹងថា នៅយប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកលោក ម៉ាង សុីណេត អភិបាលនៃគណៈអភិបាលខេត្ត និងបញ្ជារបស់​ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ សម្របសម្រួលនីតិវិធីពីលោកឆាយ សុត្រា​ ព្រះរាជអាជ្ញារង​នៃ អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកវរសេនីយ៍ឯក កាន់ វណ្ណា ស្នងការរងផែនការងារប្រឆាំងគ្រឿ.ងញៀ.ន បានដឹកនាំកម្លាំងជំនាញ ល្បាតឆ្មក់ និងកំណត់មុខសញ្ញាបានច្បាស់លាស់ក្នុងភូមិសាស្រ្តស្មុគស្មាញ ស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឈានទៅឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់(ស្រី០២នាក់) ។ 

គួរបញ្ជាក់ថា ក្នុងរង្វង់ប្រតិបត្តិការនេះធ្វើឡើងចាប់ពីម៉ោង២១:០០នាទី ថ្ងៃទី១០ ខែកញ្ញា រហូតដល់ ម៉ោង ០៣:០០នាទីព្រឹក​ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៦ ដោយ មានការផ្ទុះអាវុធ និងឃាត់ជនសង្ស័យស្រីប្រុសចំនួន ៨នាក់ ។ ក្នុងចំណោមនោះ មានពីរនាក់ប្តីប្រពន្ធជាមេក្លោងជួញដូរគ្រឿងញៀនសកម្មក្នុងខេត្តព្រះសីហនុ ហើយក៏ត្រូវបានសមត្ថកិច្ចជំនាញចាប់ឃាត់ ខ្លួនបញ្ជូនទៅតុលាការកាលពីឆ្នាំ២០២៤ម្តងរួចទៅហើយ ។

បច្ចុប្បន្នជនសង្ស័យទាំង៨នាក់នេះ ត្រូវបានស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់ ។

ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម និងសាធារណជនទាំងអស់ ចូលរួមសហការជាមួយសមត្ថកិច្ច ប្រសិនបើបានឃើញ ឬមានព័ត៌មានពាក់ព័ន្ធនឹងការជួញដូរ ចែកចាយ ប្រើប្រាស់គ្រឿងញៀន ឬបទល្មើសផ្សេងៗ សូមរាយការណ៍ជាបន្ទាន់មកសមត្ថកិច្ច រាល់ព័ត៌មានដែលប្រជាពលរដ្ឋផ្តល់ជូន នឹងត្រូវបានយកមកពិនិត្យ និងចាត់វិធានការតាមនីតិវិធី ។ 

  

សូមចូលរួមទាំងអស់គ្នា ដើម្បីខេត្តព្រះសីហនុមានសន្តិសុខ សណ្តាប់ធ្នាប់ និងគ្មានគ្រឿងញៀន ៕


ចែករំលែក៖