ព័ត៌មានទាន់ហេតុការណ៍៖

ឆបោកអ្នកស្គាល់គ្នាយកម៉ូតូជិះទៅភ្នំពេញត្រូវមហាមិត្តភក្តិឆបោកបន្ត

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ឆបោកម៉ូតូមួយគ្រឿងពីអ្នកស្គាល់គ្នាយកទៅជិះឡង់សេ នៅរាជធានីភ្នំពេញ ហើយត្រូវបានមហាមិត្តបោកបន្តយកទៅលក់គេចខ្លួនបាត់ស្រមោល ។ ជនសង្ស័យ ត្រូវបានជនរងគ្រោះប្តឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា នៃអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឲ្យជួយអន្តរាគមន៍ចាប់ខ្លួន បញ្ជូនមកកាន់អធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ករណីឆបោកម៉ូតូនេះបាន កើតឡើង កាលពីវេលាម៉ោង០៦ និង៣០នាទីព្រឹក ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិ ឬស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ម៉ាន វី ហៅពៅ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ កសិករ មានទីលំនៅភូមិ២ធ្នូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ ។ ចំណែកឯជនរងគ្រោះឈ្មោះ សុន ស្រីអូន ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅក្នុងភូមិឫស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១FA-៨៥១៩ លេខម៉ាស៊ីន9332457 លេខតួ9331457 ។

ប្រភពដដែលបានបន្តថា ជនសង្ស័យជាមនុស្សធ្លាប់រាប់អានគ្នាជាមួយប្អូនស្រីស្ត្រីរងគ្រោះ ។ លុះមកដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ជនសង្ស័យបានទៅលេងផ្ទះស្ត្រីរងគ្រោះ រហូតដល់វេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី២១ ខែ/ឆ្នាំដដែល ជនសង្ស័យបាននិយាយសុំខ្ចីម៉ូតូស្ត្រីរងគ្រោះទៅហូបអាហារពេលព្រឹកនៅឯផ្សារឬស្សីដាច់ ។ បន្ទាប់ពីខ្ចីម៉ូតូបានហើយនោះជនសង្ស័យបានជិះគេចខ្លួនទៅរាជធានីភ្នំពេញបាត់ស្រមោល ។

ប្រភពដដែលបានបន្តទៀតថា ក្រោយមកស្ត្រីរងគ្រោះ ក៏បានចូលខ្លួនទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកអំបិល ។ លុះមកដល់វេលារសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ប្អូនស្រីស្ត្រីរងគ្រោះប្រទះឃើញជនសង្ស័យកំពុងនៅសង្កាត់ទឹកថ្លា ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញក៏ទៅនាក់ទំនងទៅស្ត្រីរងគ្រោះ ប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលស្រុកស្អាងជនសង្ស័យបានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពខ្ចីម៉ូតូជនរងគ្រោះជិះទៅរាជធានីភ្នំពេញប្រាកដមែន ។ ពេលទៅដល់ក៏ត្រូវមិត្តភ័ក្រម្នាក់ទៀតឈ្មោះ នីក រដ្ឋា ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មករនៅបេនឡានផ្សារធំថ្មី ឆបោកយកម៉ូតូនោះជិះគេចខ្លួនបាត់ ។

ជនសង្ស័យបញ្ជាក់ថា ឈ្មោះ នីក រដ្ឋា មានស្រុកកំណើតនៅស្រុកមេមុត ខេត្តត្បូងឃ្មុំ បានរាប់អានគ្នាជាមិត្តភ័ក្រអស់រយៈពេល២ឆ្នាំកន្លងមកហើយ ។ ជនសង្ស័យឈ្មោះ ម៉ាន វី ហៅពៅ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងកសាងសំណុំរឿងពីបទរំលោភលើទំនុកចិត្ត បញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលនៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ

aa


ចែករំលែក៖