ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចស្រុកកំរៀង ឃាត់ខ្លួនមុខសញ្ញាម្នាក់ ករណីលួចខ្សែភ្លើងរថយន្ត និងគ្រឿងបន្លាស់ម៉ូតូ

ចែករំលែក៖

 

ខេត្តបាត់ដំបង៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១៤និង០០នាទី នៅចំណុចក្រុមទី០៦ ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីលួច (ខ្សែភ្លើងរថយន្ត និងគ្រឿងបន្លាស់ម៉ូតូ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យ បានធ្វើសកម្មភាពចូលទៅក្នុងផ្ទះ យកកាំបិតកាត់ខ្សែភ្លើងរថយន្ត និងលួចយកសម្ភារៈគ្រឿងបន្លាស់ម៉ូតូជាច្រើនប្រភេទ របស់ ជនរងគ្រោះ ឈ្មោះ ស៊ុំ សេងហួ ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង មុខរបរជាងជួសជុលម៉ូតូ ។

ក្រោយពីទទួលព័ត៌មានពីជនរងគ្រោះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីលោក មាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ័ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះធ្វើការស្រាវជ្រាវ ទើបឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ លេង ឡាត់ ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នាំយកមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកកំរៀង ។

ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានចូលទៅក្នុងផ្ទះ យកកាំបិតកាត់ខ្សែភ្លើងរថយន្ត និងលួចសម្ភារៈគ្រឿងបន្លាស់ម៉ូតូ របស់ជនរងគ្រោះ ពិតប្រាកដមែន ហើយកន្លងមកធ្លាប់ចូលលួចគ្រឿងបន្លាស់ម៉ូតូរបស់ជនរងគ្រោះ ម្ដងទៀតផង ។

ករណីនេះ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកកំរៀង សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕


ចែករំលែក៖