ខេត្តកណ្តាលៈ បុរសម្នាក់ជាបុគ្គលិកបម្រើការងារផ្នែកទទួកភ្ញៀវ បានធ្វើសកម្មភាពបន្លំលួចលុយចំនួន៥០០ដុល្លារសហរដ្ឋអាមេរិកចេញពីប្រអប់ដាក់ប្រាក់កក់របស់ភ្ញៀវ នៅក្នុងកាស៊ីណូ “ហ្រ្គេនដ្រាហ្គនរីសត” ប្រចាំច្រទ្វារជ្រៃធំ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំចាប់ខ្លួន កាលពីព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមពាក្យបណ្តឹងតំនាងក្រុមហ៊ុន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
ករណីលួចនេះបានកើតឡើង កាលពីវេលាម៉ោង១១យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចប្រអប់ដាក់ប្រាក់កក់របស់ភ្ញៀវ ក្នុងកាស៊ីណូ “ហ្រ្គេនដ្រាហ្គនរីសត” ស្ថិតក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ថូ ចាន់ថា ហៅប្រុស ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាបុគ្គលិកផ្នែកទទួលភ្ញៀវនៅក្នុងកាស៊ីណូខាងលើនេះ មានទីលំនៅភូមិមណ្ឌល២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះជាដើមបណ្តឹងឈ្មោះ មាឃ ពិដោរ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ។
ប្រភពដដែលបានបន្តថា ជនសង្ស័យខាងលើនេះបានចូលបម្រើការងារផ្នែកទទួលភ្ញៀវនៅក្នុងកាស៊ីណូអស់រយៈពេល៣ខែមកហើយ។ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ជនសង្ស័យបានបន្លំលួចលុយចេញពីក្នុងប្រអប់ដាក់ប្រាក់កក់ភ្ញៀវ អស់ចំនួន៥០០ដុល្លារសហរដ្ឋអាមេរិក ដោយពុំមាននណាម្នាក់បានដឹងនោះទេ ។ លុះមកដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ខាងក្រុមហ៊ុនស្រាវជ្រាវដឹងថាជនសង្ស័យជាអ្នកលួចលុយ ក៏ប្តឹងសមត្ថកិច្ចនគរបាលស្រុកកោះធំឲ្យជួយអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាលស្រុកកោះធំជនសង្ស័យឈ្មោះ ថូ ចាន់ថា ហៅប្រុស បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពបន្លំលួចលុយចំនួន៥០០ដុល្លារ ចេញពីប្រអប់ដាក់ប្រាក់កក់របស់ភ្ញៀវប្រាកដមែន ។ ជនសង្ស័យបានបញ្ជាក់ថា ប្រាក់ដែលលួចបានរូបគេបានយកទៅលេងល្បែងតៃស៊ីវដែលបើកឲ្យលេងនៅកន្លែងសង្វៀនជល់មាន់ ក្នុងបរិវេណកាស៊ីណូចាញ់អស់ពីខ្លួន ៕ស្អាងជ័យ