ព័ត៌មានទាន់ហេតុការណ៍៖

អ្នកការទូតថៃជ្រើស “ការជេរ” ជំនួស “ការចរចា” នៅវេទិកា UNCLOS

ចែករំលែក៖

 

វេទិកាប្រជុំគណៈកម្មការផ្សះផ្សាដោយបង្ខំ (Compulsory Conciliation) ដែលអាចហៅកាត់ថា «UNCLOS ថៃ-កម្ពុជា» លើកទី១ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ បានក្លាយជាវេទិកាដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ មូលហេតុ គឺដោយសារកិច្ចប្រជុំនេះពាក់ព័ន្ធនឹងបញ្ហាដ៏សំខាន់មួយសម្រាប់អាស៊ាន ហើយកាន់តែពិសេស គឺឥរិយាបថ និងពាក្យសម្តីរបស់រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ដែលបានឡើងថ្លែងនៅក្នុងវេទិកានោះ។

នៅក្នុងអត្ថបទរបស់លោកសាស្ត្រាចារ្យ Surachart Bamrungsuk អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិរបស់ថៃ បានបញ្ជាក់ថា ប្រធានបទជម្លោះរវាងប្រទេសថៃ និងកម្ពុជា នៅតែជាបញ្ហាដែលប្រជាជនក្នុងសង្គមថៃផ្តល់ការចាប់អារម្មណ៍ និងតាមដានយ៉ាងខ្លាំង ជាពិសេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយ។ ចំណុចមួយដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំង គឺឥរិយាបថ និងពាក្យសម្តីរបស់អ្នកការទូតថៃ ដែលបានឡើងថ្លែងបើកវេទិកា ដោយមានការប្រើពាក្យសម្តីប្រមាថមកលើភាគីម្ខាងទៀត។ ការបង្ហាញខ្លួនថាមានប្រាជ្ញា តាមរយៈការប្រើពាក្យសម្តីបែបប្រមាថនៅលើវេទិកាអន្តរជាតិបែបនេះ ប្រហែលជាមិនអាចជួយឱ្យភាគីថៃទទួលបានប្រៀបអ្វីឡើយ។ ផ្ទុយទៅវិញបែរជាអាចធ្វើឱ្យអន្តរជាតិឃើញពីចរិយាសម្បត្តិបែបក្រអឺតក្រទមរបស់អ្នកការទូតថៃទៅវិញទេ។

ត្រង់ចំណុចនេះ ត្រូវបានលោក Surachart Bamrunsuk អះអាងថា ប្រសិនបើការប្រជុំនៅលើវេទិកាអន្តរជាតិប្រើប្រាស់ការ «ជេរ» ជាឧបករណ៍ដូចដែលរដ្ឋមន្រ្តីការបរទេសថៃបានសម្តែងនៅលើវេទិកា UNCLOS ហើយអាចធ្វើឱ្យថៃមានប្រៀបជាងនៅលើតុចរចាបានពិតប្រាកដមែននោះ ការសិក្សាមុខវិជ្ជា «ការចរចាអន្តរជាតិ» នៅក្នុងដេប៉ាតឺម៉ង់ទំនាក់ទំនងអន្តរជាតិក៏គួរឈប់បង្រៀនទៅ ប៉ុន្តែជំនួសវិញត្រូវទៅស្វែងរក «វាគ្មិនដែលមានមាត់ពូកែៗខាងជេរ» មកបង្រៀនជំនួសវិញជាការល្អ។ ត្រង់ចំណុចនេះបញ្ជាក់ថា នៅក្នុងការចរចាដោះស្រាយជម្លោះ មជ្ឈដ្ឋានទូទៅមិនចាប់អារម្មណ៍ទៅលើការជេរប្រមាថនោះទេ ប៉ុន្តែអ្វីដែលគេចង់ដឹងនោះគឺលទ្ធភាពដែលរដ្ឋគូជម្លោះនឹងស្វែងរកផ្លូវចេញរួមគ្នា ជាជាងការយកវេទិកានេះមកជាការជេរប្រមាថឬអង្គុយទម្លាក់កំហុសទៅភាគីម្ខាងទៀត។

ផ្ទុយពីឥរិយាបទរបស់អ្នកការទូតថៃ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបង្ហាញគោលជំហរការទូតបែបចាស់ទុំ ទន់ភ្លន់ និងស្នើនូវដំណោះស្រាយច្បាស់លាស់ទៅកាន់ភាគីថៃ។ សំណើរបស់កម្ពុជានោះរួមមាន៖ ទី១- កម្ពុជាចង់ឈានទៅរកកិច្ចព្រមព្រៀងឬសន្ធិសញ្ញា ដើម្បីកំណត់ខ្សែព្រំដែនសមុទ្រតែមួយ និងគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងថៃដោយមានជំនួយពីគណៈកម្មការនិងផ្អែកលើច្បាប់អន្តរជាតិ។ ទី២- បើមិនអាចកំណត់ព្រំដែនសមុទ្របាន កម្ពុជាចង់ឱ្យគណៈកម្មការជួយស្វែងរកកិច្ចព្រមព្រៀងសម្រាប់ ការអភិវឌ្ឍធនធានរួមនិងការចែករំលែកផលប្រយោជន៍ដោយសមធម៌។ ទី៣- បើជម្រើសទាំងពីរខាងលើមិន អាចសម្រេចបាន កម្ពុជាចង់ឱ្យគណៈកម្មការចេញរបាយការណ៍និងអនុសាសន៍ដើម្បីឱ្យភាគីទាំងពីរយកទៅធ្វើ ជាមូលដ្ឋានបន្តការចរចារកដំណោះស្រាយ។ គោលជំហររបស់កម្ពុជាចំពោះដំណោះស្រាយបញ្ហាសមុទ្ររវាងកម្ពុជានិងថៃខាងលើ បង្ហាញពីឆន្ទៈក្នុងការស្វែងរកដំណោះស្រាយពិតប្រាកដដើម្បីទទួលបានសន្តិភាព ស្ថិរភាព និងវិបុលរួមរវាងកម្ពុជានិងថៃដែលជាប្រទេសជិតខាងគ្នា។

នៅក្នុងអត្ថបទវិភាគនោះ លោក Surachart Bamrunsuk ក៏បានលើកឡើងផងដែរអំពី «អន្ទាក់ជាតិនិយម» និង «អន្ទាក់សង្រ្គាមកម្ពុជា» ដែលត្រូវបានលាតត្រដាងថា រដ្ឋមន្ត្រីការបរទេសថៃរូបនេះ ប្រហែលជានៅតែប្រកាន់ខ្ជាប់នូវគំនិតជាតិនិយមថៃតាំងពីឆ្នាំ២០២៥ ដែលជឿដោយងាយថានិន្នាការជាតិនិយមនេះហើយនឹងជួយក្នុងការបង្កើតសំឡេងគាំទ្រផ្នែកនយោបាយដល់រដ្ឋាភិបាល ហើយថែមទាំងជួយបង្កើតរូបភាពដល់ខ្លួនឯងក្នុងនាមជា «រដ្ឋមន្ត្រីជាតិនិយម» ផងដែរ។

លោកក៏បានព្រមានថា អ្នកនយោបាយដែលជារដ្ឋមន្ត្រីការបរទេសថៃរូបនេះ ប្រហែលជាភ្លេចទៅហើយថា លទ្ធិជាតិនិយមអាចជួយចិញ្ចឹមបន្ថែមកម្លាំងរដ្ឋាភិបាលឬបន្តដង្ហើមនយោបាយថៃបានក្នុងឆ្នាំ២០២៥ ព្រោះមានស្ថានការណ៍ប្រយុទ្ធគ្នាជាឧបករណ៍ដុតបញ្ឆេះ ប៉ុន្តែផ្ទុយទៅវិញ សម្រាប់ឆ្នាំ២០២៦ គួរតែជាឆ្នាំនៃការដោះស្រាយបញ្ហានិងស្វែងរកផ្លូវឱ្យប្រទេសថៃផុតពី «អន្ទាក់សង្គ្រាមកម្ពុជា» ដោយហេតុផលថាសង្គ្រាមជាមួយកម្ពុជា មិនបានបង្កើតផលតបស្នងជាយុទ្ធសាស្ត្រដល់ប្រទេសថៃឡើយ ហើយថែមទាំងផ្ដល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចថៃយ៉ាងខ្លាំងទៀតផង ដែលផលប៉ះពាល់បែបនេះ ភាគីជាតិនិយមអាចមិនទទួលស្គាល់រួមទាំងរឿងនៃការបន្ធូរបន្ថយវិបត្តិពាណិជ្ជកម្មតាមព្រំដែន។

ចំណុចខាងលើនេះ គឺជាការផ្តល់នូវការត្រឹះរិះពិចារណាសម្រាប់រដ្ឋាភិបាល ក៏ដូចជាអ្នកជាតិនិយមជ្រុលថៃថាតើ គួរបន្តអូសបន្លាយជម្លោះជាមួយកម្ពុជាដើម្បីបំពេញចិត្តអ្នកជាតិនិយមជ្រុលមួយចំនួនក្នុងស្រុក ឬមួយក៏ត្រូវគិតពីដំណោះស្រាយពិតប្រាកដដែលអាចធានាផលប្រយោជន៍របស់ប្រជាជនថៃ?

សម្រាប់កម្ពុជាវិញ នៅគ្រប់វេទិការអន្តរជាតិនានា តែងតែបញ្ជាក់គោលជំហរម៉ឺងម៉ាត់ដោយប្រកាន់ខ្ជាប់នូវជំហរ គោរពអធិបតេយ្យនិងសមភាពរវាងរដ្ឋ ការលុបបំបាត់វប្បធម៌ប្រើប្រាស់កម្លាំង ការមិនទទួលស្គាល់ខ្សែព្រំដែន ដោយការប្រើប្រាស់កម្លាំង ការអនុវត្តកាតព្វកិច្ចអន្តរជាតិដោយស្មោះត្រង់ ជាពិសេសតែងតែប្រកាន់ខ្ជាប់នូវវិធីសាស្រ្តដោះស្រាយវិវាទជាមួយថៃដោយសន្តិវិធីនិងអនុលោមតាមច្បាប់អន្តរជាតិ ហើយគោលជំហររបស់កម្ពុជាបែបនេះក៏ទទួលបានការគាំទ្រពីសហគមន៍អន្តរជាតិ។

សរុបជារួម ឥរិយាបទរបស់អ្នកការទូតថៃបង្ហាញពីរូបភាពប្រទេសថៃក្នុងក្រសែភ្នែកពិភពលោកបែបអវិជ្ជមានដែល បង្ហាញពីការធ្លាក់ចុះនៃក្រមសីលធម៌ការទូតនិងការគោរពច្បាប់អន្តរជាតិ។ ការទូតបែបជេរប្រមាថរបស់ថៃ អាចបានត្រឹមតែផ្គាប់ចិត្តអ្នកជាតិនិយមជ្រុលរបស់ថៃ ប៉ុន្តែបើមើលពីជ្រុងម្ខាងទៀត បែរជាបង្ហាញរូបភាពការទូតរបស់ថៃ «ធ្លាក់ចុះ» នៅក្នុងក្រសែភ្នែកអន្តរជាតិទៅវិញទេ។ ព្រោះថា ទំនាក់ទំនងតាមរយៈការជេរប្រមាថមិនបានជួយគាំទ្រឱ្យកើតមានរូបភាពថា ថៃត្រូវបានកម្ពុជាធ្វើបាបដូចដែលខ្លួនធ្លាប់លើកឡើងនោះទេ ប៉ុន្តែផ្ទុយទៅវិញ បែរជាកាន់តែបង្ហាញប្រាប់អន្តរជាតិថា ថៃខ្លួនឯងទេដែលបានឈ្លានពានកម្ពុជា ហើយរូបភាពដែលកើតឡើងគឺជួយបញ្ជាក់ថា ថៃគឺជា «ភាគីអ្នកធ្វើបាប» និងកម្ពុជាគឺជា «ភាគីអ្នករងគ្រោះ» ដូចដែលបញ្ជាក់ចេញពីឥរិយាបថរបស់ថៃផ្ទាល់។

ដូចនេះដើម្បីកុំឱ្យឥរិយាបថការទូតថៃត្រូវបានពិភពលោកមើលឃើញកាន់តែអាក្រក់ជាងនេះទៀត ភាគីថៃគួរតែចាប់ផ្តើមបង្ហាញឆន្ទៈពិតប្រាកដក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជា ទាំងព្រំដែនសមុទ្រនិងព្រំដែនគោកដើម្បីធានា សន្តិភាព ស្ថិរភាពក្នុងតំបន់ និងវិបុលភាពរួមព្រមទាំងដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រជាជាតិទាំងពីរកម្ពុជា-ថៃ៕

ដោយ៖ មាន មេត្តា


ចែករំលែក៖