ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងកសិកម្មផ្សព្វផ្សាយខ្លឹមសារអំពីការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលនិងមន្ត្រីជាប់កិច្ចសន្យា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រារព្ធពិធីផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ៥៦អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ ស្តីពីការគ្រប់គ្រងវត្តមានមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងវិធាន ការណែនាំផ្សេងៗ លើឯកសារពាក់ព័ន្ធនឹងការងារគ្រប់គ្រងបុគ្គលិក ក្រោមអធិបតី ភាពលោក វេង សាខុន រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយ មានការចូលរួមពីលោក រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក លោកស្រី ជាថ្នាក់ដឹកនាំអង្គភាព ជំនាញក្រសួង ហើយនិងថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទរាជ ធានី-ខេត្ត ។

ឆ្លៀតក្នុងឱកាសនោះលោករដ្ឋមន្ត្រីបានណែនាំ និងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំអង្គភាព និងថ្នាក់ដឹកនាំការិយាល័យដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនេះនូវអនុសាសន៍ មួយចំនួនដូចតទៅ ៖

ទី១- ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ និងចាត់វិធានការសមស្របដើម្បីពង្រឹងការគ្រប់គ្រងវត្តមានមន្រ្តីរាជការ ស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា និងត្រូវធ្វើ បញ្ជីសម្រង់វត្តមានឱ្យបានហ្មត់ចត់ ។ ប្រធាន អង្គភាពតាមឋានានុក្រមនៃរចនាសម្ព័ន្ធគ្រប់គ្រងរបស់ក្រសួង ត្រូវទទួលខុសត្រូវផ្ទាល់ចំពោះមន្រ្តីក្រោមឱវាទដែលមិនបានមក បំពេញការងារ ឬ មកបំពេញការងារមិន ទៀងទាត់ ឬអវត្តមានដោយគ្មានមូលហេតុ ដោយត្រូវអនុវត្តតាមស្មារតីអនុក្រឹត្យលេខ ៥៦ ដែលនឹងត្រូវផ្សព្វផ្សាយនាពេលបន្តិចទៀតនេះ ។

ទន្ទឹមនឹងការគ្រប់គ្រងវត្តមានអង្គភាព នីមួយៗ ក៏ត្រូវរៀបចំបែងចែកការងារទៅតាមមុខតំណែងនិងភារកិច្ចដល់មន្រ្តីរាជការគ្រប់រូបឱ្យមានការងារអនុវត្តប្រកបដោយសមធម៌ ដោយត្រូវចេះច្នៃប្រឌិត និងបង្ក លក្ខណៈតាមគ្រប់រូបភាព ដើម្បីឱ្យមន្រ្តីរាជការក្រោមឱវាទមានមធ្យោបាយបម្រើការងារបានសមរម្យ ព្រមទាំងត្រូវចេះបង្កើត បរិយាកាសការងារល្អនៅតាមអង្គភាពរបស់ ខ្លួនក្នុងស្មារតីសាមគ្គីភាព និងភាតរភាព ។

ទី២- ត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងការដំឡើងថ្នាក់ ឋានន្តរស័ក្តិជូនមន្រ្តីរាជការក្រោមឱវាទ ។ ទន្ទឹម នឹងនេះគ្រប់អង្គភាពត្រូវខិតខំលើកទឹកចិត្តដល់មន្រ្តីរាជការដែលបានខិតខំបន្តការសិក្សា ហើយទទួលបានសញ្ញាបត្រខ្ពស់ជាង សញ្ញាបត្រដែលបានកំណត់ក្នុងក្របខ័ណ្ឌ ដោយអង្គភាពត្រូវរៀបចំសំណុំបែបបទឯកសារសម្រាប់ស្នើដំឡើងថ្នាក់មួយថ្នាក់ជាស្វ័យប្រវត្តិជូនមន្រ្តីរាជការនោះ ។ រាល់ សំណើសុំនៃការដំឡើងថ្នាក់ឋានន្តរស័ក្តិ ជូនមន្រ្តីរាជការ អង្គភាពត្រូវអនុវត្តឲ្យបានត្រឹមត្រូវ និងឲ្យមានភាពសុក្រឹតតាមមូលដ្ឋានច្បាប់និងគោលការណ៍ណែនាំរបស់ រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់ក្រសួងដែលមានជាធរមាន ព្រមទាំងត្រូវគោរពឲ្យបានម៉ឺងម៉ាត់តាមគោលការណ៍និងលក្ខណ៍ការណ៍សម្ងាត់ ។

ទី៣- ត្រូវយកចិត្តទុកដាក់ពិនិត្យ និងលើកសំណើផ្តល់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការណាដែលមានស្នាដៃការងារ ពិតប្រាកដ ដោយក្នុងនោះអង្គភាពត្រូវ សម្លឹងរកមើលឱ្យឃើញនូវមន្រ្តីសកម្ម ហើយ ពុំធ្លាប់ទទួលបានមេដាយ ឬបានទទួលដែរតែមេដាយនៅក្នុងថ្នាក់កម្រិតទាប ដែល មិនស័ក្តិសមនឹងអតីតភាពការងារដែល មន្រ្តីបានបម្រើការងារជូនក្រសួង និងរាជ រដ្ឋាភិបាល។ ក្នុងន័យនេះ អង្គភាពនីមួយៗ ត្រូវប្រើប្រាស់គោលការណ៍ប្រកបដោយសមធម៌ ក្នុងការផ្តល់គ្រឿងឥស្សរិយយសតាមការណែនាំរបស់រាជរដ្ឋាភិបាលលើការដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការនៃឆ្នាំ នីមួយៗបានន័យថា មន្រ្តីធ្លាប់ទទួលបាន គ្រឿងឥស្សរិយយសខ្ពស់រួចមកហើយ ត្រូវទុកឱកាសជូនមន្រ្តីរាជការណាមានស្នាដៃការងារល្អ ហើយពុំធ្លាប់ទទួលបានមេដាយ ឬ បានទទួលដែរតែនៅក្នុងថ្នាក់ទាបនោះ មានលទ្ធភាពទទួលមេដាយផង ព្រមទាំងគិតគូរលើកទឹកចិត្តជាចម្បងដល់មន្រ្តីកំពុងបម្រើការងារនៅមូលដ្ឋាន ថ្នាក់ក្រោមជាតិ ពិសេសមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រាជធានី-ខេត្តទាំងអស់ ។

ទី៤- អ្នករាជការទាំងអស់ មិនគ្រាន់តែត្រូវបំពេញកាតព្វកិច្ចដែលតម្រូវដោយច្បាប់សហលក្ខន្តិកៈប៉ុណ្ណោះទេ ប៉ុន្តែនៅមានកាតព្វកិច្ចមួយចំនួនទៀត ដែលតម្រូវដោយលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌ ហើយ ក៏ដូចជាប្រជាពលរដ្ឋទូទៅដែរ ត្រូវតែមានកាតព្វកិច្ចគោរពច្បាប់រដ្ឋដទៃទៀតទាំងអស់ និងរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ។ កាតព្វកិច្ចនៃអ្នករាជការរាល់រូបមានចែងនៅក្នុងច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការនៃ ព្រះរាជាណាចក្រកម្ពុជាជំពូកទី៥មាត្រា ៣៣ ,៣៤ ,៣៥ ,៣៦ ,៣៧ និង៣៨ ។ ទន្ទឹម នឹងនេះត្រូវទទួលយកការណែនាំពីថ្នាក់ដឹក នាំក្នុងការបំពេញភារកិច្ចឱ្យបានល្អ ត្រូវ យកយោបល់ថ្នាក់ដឹកនាំមកពិចារណា ។ យើងជាប្រធាន ត្រូវចេះអត់ធ្មត់ ចេះដោះស្រាយលើបញ្ហាដែលកើតមានឡើងដែលមិនបានគ្រោងទុកនិងយកការងារថ្នាក់ក្រោមមក ពិចារណា និងជៀសវាងការធ្លាក់ទៅរក ចំណាត់ការផ្តាច់ការ ។

ទី៥-តាមមាត្រា៣៣នៃច្បាប់សហ លក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៃព្រះរាជា ណាចក្រកម្ពុជាជំពូកទី៥អំពីវិន័យ អ្នករាជការរាល់រូបត្រូវតែគោរពអនុវត្តច្បាប់ និង បទបញ្ជា ហើយនិងការណែនាំពីថ្នាក់លើ របស់ខ្លួន ។ បានសេចក្តីថា អ្វីដែលជាភារកិច្ចរបស់មន្ត្រីរាជការមានចែងយ៉ាងច្បាស់លាស់នៅក្នុងច្បាប់ បទបញ្ជា និងការណែ នាំរបស់ថ្នាក់លើ ។ កាតព្វកិច្ចនេះ គឺជាអ្វីដែលមន្រ្តីរាជការត្រូវធ្វើដោយខានមិនបាន បើមិនបានបំពេញ ឬខកខានមិនបាននោះនឹងត្រូវទទួលនូវទណ្ឌកម្មផ្សេងៗខាងវិន័យ ឬក៏ត្រូវដាក់ឲ្យចូលនិវត្តន៍ ឬត្រូវ បញ្ឈប់ពីការងាររាជការ។ នៅគ្រប់មាត្រាខាងលើតែងមានប្រើពាក្យ “ត្រូវតែ” “ត្រូវ” ឬ “ហាមឃាត់ ដាច់ ខាត” ដែលមានន័យថា ជាការដាក់បង្ខំឲ្យធ្វើមិនអាចខកខាន ឬ គេចវេះបានឡើយ ។ ក៏ប៉ុន្តែនៅមានកាតព្វកិច្ចមួយចំនួនទៀត ដែលមិនមានចែង នៅក្នុងច្បាប់ បទបញ្ជា និងការណែនាំរបស់ ថ្នាក់លើ តែជាកាតព្វកិច្ចផ្នែកសីលធម៌តម្រូវដោយមនសិការវិជ្ជាជីវៈ ឬមនសិការស្នេហាជាតិមាតុភូមិរបស់អ្នករាជការទូទៅ ។

ទី៦- មានកាតព្វកិច្ចជាច្រើនដែលមន្រ្តីរាជការត្រូវអនុវត្តៈ – កាតព្វកិច្ចប្រកាន់ យកភាពថ្លៃថ្នូរ និងមានកិត្តិយស – កាតព្វកិច្ច លក្ខណ៍ការណ៍ -កាតព្វកិច្ចគោរពការសម្ងាត់ វិជ្ជាជីវៈ -កាតព្វកិច្ចអព្យាក្រឹតក្នុងការងារ – កាតព្វកិច្ចភក្តីភាព និងកាតព្វកិច្ចគិតគូរ ប្រយោជន៍ទូទៅ ។

ទី៧- អនុលោមស្មារតីនៃសេចក្តីជូន ដំណឹងលេខ៩៦៨ សជណ.កស ចុះថ្ងៃ ទី១៦ខែកញ្ញាឆ្នាំ២០១៦ របស់ទីស្តីការ គណៈរដ្ឋមន្រ្តី ក្រសួងបានចេញជាប្រកាស លេខ៦០៩ ប្រក.កសក ចុះថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ២០១៦ ស្តីពីការប្តូរឈ្មោះមន្ទីរ កសិកម្ម រាជធានី ខេត្ត និងការដាក់បញ្ចូលខណ្ឌរដ្ឋបាលព្រៃឈើ និងខណ្ឌរដ្ឋបាលជលផលឱ្យស្ថិតក្រោមមន្ទីរកសិកម្មរាជធានី ខេត្ត និងប្រកាសលេខ ៦៥២ ប្រក.កសក ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្តីពី ការផ្ទេរធនធាន និងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិលនៃខណ្ឌ ផ្នែក សង្កាត់ រដ្ឋបាល ព្រៃឈើ និងរដ្ឋបាលជលផលឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី ខេត្ត ។ ក្នុងស្មារតីនេះ ខ្ញុំសូមអំពាវនាវ និងក្រើនរំឭកដល់មន្រ្តីរាជការទាំងអស់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រាជធានី-ខេត្តត្រូវបំពេញនូវភារ កិច្ច និងកាតព្វកិច្ចរបស់ខ្លួនឱ្យបានម៉ត់ចត់ ក្នុងដំណាក់កាលអន្តរកាលនេះប្រកបដោយស្មារតីទទួលខុសត្រូវ និងតាមអនុសាសន៍ទាំងឡាយដែលខ្ញុំបានរៀបរាប់ខាងលើនេះ ។ ជាពិសេស ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការទប់ស្កាត់ និងបង្រ្កាបបទល្មើសផ្សេងៗដែលកើតមានឡើងក្នុងដែនសមត្ថកិច្ចរបស់ខ្លួន រួមទាំងការគិតគូរអំពីបញ្ហា ប្រឈមទាំងឡាយដែលប្រជាកសិករជួបប្រទះនិងចូលរួមដោះស្រាយឱ្យបានល្អ ប្រសើរ ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រីបាន ស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទនឹងរៀបចំវេទិកាកសិកម្មមួយដើម្បីកសាងភាពជាដៃគូររវាងសហគមន៍កសិកម្ម សហគមន៍នេសាទ និងសហគមន៍ព្រៃឈើ ជាមួយវិស័យឯកជននិងអ្នកពាក់ព័ន្ធ និងសង្គមស៊ីវិលនៅមុនការរៀបចំសន្និបាត កសិកម្មនៅដើមឆ្នាំក្រោយ  ៕ ហេង សូរិយា

 

1 2


ចែករំលែក៖