ភ្នំពេញ៖ នៅព្រឹកថ្ងែទី៧ ខែវិច្ឆិកា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីផ្តល់កិត្តិយសប្រគល់សញ្ញាបត្រដល់គរុនិស្សិត និងនិស្សិតបច្ចេកវិទ្យាថ្នាក់សញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បច្ចេកវិទ្យានៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសចំនួន ៣,៨២៩នាក់ ដែលបានបញ្ចប់ការសិក្សាឆ្នាំ ២០១១-២០១៤។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់ប្រាប់និស្សិតឡើងវិញផងដែរថា ក្នុងចំណោមគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈទាំងរដ្ឋនិងឯកជនចំនួន ១០៦ គឺវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេសគឺត្រូវបានកសាងឡើងវិញក្រោមជំនួយរបស់អតីតសហភាពសូវៀត ក្រោយពីរំដោះបានពីប៉ុលពត ហើយដែលពេលនោះ គឺគ្មាននិស្សិតចូលរៀនទេ។ ព្រោះពេលនោះក៏គ្មានការងារធ្វើច្រើនដែរ។ ប៉ុន្តែពេលនេះមានការងារច្រើនដែលជាតម្រូវការ របស់សិស្សនិស្សិត។ ចំពោះការងារជួសជុលគ្រឿងម៉ាស៊ីនសព្វថ្ងៃគឺងាយរកលុយបានស្រួល មិនមែនជាការងារកំប៉ិកកំប៉ុកទេ។ សម្តេចតេជោបានលើកឡើងអំពីជីវិតតស៊ូរបស់អ្នកជោគជ័យច្រើនដែលចាប់ផ្តើមពីក្រីក្រ ដូចជារូបសម្តេចផ្ទាល់ និងកីឡាករប្រដាល់ផែកកៅជាដើម។ដូច្នេះនិស្សិតត្រូវមានការតាំងចិត្តខិតខំរៀនសូត្រ និងព្យាយាមរកការងារធ្វើពីតូចទៅធំ។ ចំពោះការវិវត្តន័នៃបច្ចេកវិទ្យា និងសំភារៈប្រដាប់ប្រដារទំនើបៗបច្ចុប្បន្ន ប៉ុន្តែបើធនធានមនុស្សយើងដើរមិនទាន់មិនទំនើបទៅតាមហ្នឹងដែរគឺប្រាកដជាធ្វើអោយប៉ះពាល់ដល់ប្រសិទ្ឋិភាពនៃការងារមិនខាន។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ផងដែរអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការរកការងារអោយប្រជាពលរដ្ឋធ្វើគឺមិនត្រឹមតែនៅក្នុងប្រទេសទេ បានទាក់ទងទៅប្រទេសក្រៅមួយចំនួន ដើម្បីបងប្អូនពលកររបស់យើងបានរស់នៅ និងធ្វើការងារស្របច្បាប់ទទួលបានប្រាក់ខែល្អសមរម្យ។ ប្រទេសណាក៏ដោយគឺគេតែងតែរកឱកាសការងារដល់ពលរដ្ឋគេធ្វើនៅបរទេស ហើយសូមបីតែនៅក្នុងប្រទេសយើង ក៏មានជនជាតិបរទេសមករកការងារធ្វើដែរ។
នៅក្នុងថ្ងៃបុណ្យអុំទូកដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់កីឡាករអុំទូកទាំងអស់ សូមចូលរួមថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់ និងជាពិសេស សូមកុំនាំជំងឺ (អេដស៍) ចូលផ្ទះ ហើយមុននឹងមកគឺសូមដាក់ទឹកស្រែអោយបានស្រួលបួល ។
សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណដល់និស្សិតទាំងអស់ដែលបានខិតខំសិក្សារៀនសូត្ររហូតដល់បានបញ្ចប់ ដោយជោគជ័យទទួលសញ្ញាបត្រនៅថ្ងៃនេះ។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ក៏បានអរគុណដល់សាស្រ្តាចារ្យ និងគណៈគ្រប់គ្រងនៃវិទ្យាស្ថានទាំងអស់ដែលបានរួមគ្នាកសាងអភិវឌ្ឍន៍ធនធានមនុស្សអោយកាន់តែមានគុណភាពចំណេះដឹងខ្ពង់ខ្ពស់ល្អប្រសើរឡើង៕